ដោយៈ សម្បត្តិ / ភ្នំពេញៈ ក្រុមការងារផែនការងារអត្តសញ្ញាណកម្ម នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ នៅរសៀល ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ បានចុះប្រជុំត្រួតពិនិត្យ ពង្រឹងដល់ មន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល និងមន្រ្តីអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ រាជធានីភ្នំពេញ លើការងារផ្តល់សេវាអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋ ឱ្យលឿនឆាប់រហ័ស ត្រឹមត្រូវ តាមលិខិតបទដ្ឋានគតិយុត្ត របស់ក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ដើម្បីពង្រឹងប្រសិទ្ធភាព លើការងារផ្តល់សេវាអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋ ឱ្យកាន់តែល្អប្រសើរ នៅគ្រាដែលគេមើលឃើញថា ការផ្តល់សេវាអត្តសញ្ញាណកម្ម នៅតាមបណ្តាប៉ុស្តិ៍នគរបាលរដ្ឋបាល និងអធិការដ្ឋាននគរបាលខណ្ឌ មួយចំនួន អនុវត្តការងារនេះ នៅមិនទាន់ល្អប្រសើរ នៅឡើយនោះទេ។

លោកវរសេនីយ៍ឯក កៅ សុវណ្ណារ៉ា ស្នងការរងទទួលជំនួយដឹកនាំ ការិយាល័យគ្រប់គ្រងការ ស្នាក់នៅ ដែលជាអ្នកដឹឆកនាំកិច្ចប្រជុំនេះ បានលើកឡើងថាៈ ក្រុមការងារផែនការងារ អត្តសញ្ញាណកម្ម ចុះមកបំពេញភារកិច្ច នៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ នាពេលនេះ គឺអនុវត្តតាមលិខិតបង្គាប់ការ លេខ ០២៦ ល.ប.ក ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្តីពីការចាត់តាំងក្រុមការងារ នៃការិយាល័យ ជំនាញអត្តសញ្ញាណកម្ម ចុះត្រួតពិនិត្យ ណែនាំ តម្រង់ទិសពាក់ព័ន្ធការងារផ្តល់សេវា អត្តសញ្ញាណកម្ម នៅតាមបណ្តាអធិការដ្ឋាននគរបាល ខណ្ឌទាំង១៤ និងប៉ុស្តិ៍នគរបាល រដ្ឋបាល ទាំង១០៥ លើកកម្ពស់សកម្មភាពការងារផ្តល់សេវាអត្តសញ្ញាណកម្មនៅមូលដ្ឋាន ប្រកបដោយតម្លាភាព ប្រសិទ្ធភាព កាត់បន្ថយភាពអសកម្មការងារ ចៀសវាងបង្កើតលិខិត ឯកសារ ខុសគោលការណ៍ណែនាំ របស់ក្រសួងមហាផ្ទៃ និងអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បង្កភាពស្មុគស្មាញ ដល់ប្រជាពលរដ្ឋ មកទទួលសេវាអត្តសញ្ញាណកម្ម ។

លោកស្នងការរង បានលើកឡើងទៀតថាៈ រាល់ការផ្តល់សេវាអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋ មិនតម្រូវឱ្យបង់ប្រាក់នោះទេ ។ ជាងនេះថែមទៀត អនុវត្តតាមគោលការណ៍ ដឹកនាំរបស់លោក ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានណែនាំដល់មន្រ្តីជំនាញ​ ផ្តល់សេវាអត្តសញ្ញាណកម្ម នៅតាម អធិការដ្ឋាននគរបាលខណ្ឌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់មិនត្រូវរក្សាទុកចោល ឯកសាររបស់ប្រជាពលរដ្ឋ មកទទួលសេវាអត្តសញ្ញាណកម្ម ដែលបានធ្វើរួច ដើម្បីទាមទារ ប្រាក់ខុសច្បាប់ណានោះទេ អ្វីដែលប្រសើរ ត្រូវយកឯកសារទាំងនោះ នាំយកផ្តល់ជូនផ្ទាល់ដៃ ប្រជាពលរដ្ឋ នៅតាមលំនៅដ្ឋានតែម្តង។

នៅក្នុងកិច្ចប្រជុំ លោកនាយការិយាល័យអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ បានលើកឡើ​ង ពីការផ្តល់សេវាអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ គឺជាគោលការណ៍ ប្រជាពលរដ្ឋ មកធ្វើអត្តសញ្ញាណប័ណ្ណ ត្រូវមានឯកសារ ភ្ជាប់ជាមួយ គឺសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ និងសំបុត្រចម្លងបញ្ជាក់កំណើត។ ប៉ុន្តែក្នុងចំណោមឯកសារទាំង៣ គឺមានតែពីរឯកសារ ពោលគឺ មានសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារ និងសំបុត្រ ចម្លងបញ្ជាក់កំណើត ក៏អាចផ្តល់បានផងដែរ។ ការផ្តល់សេវាអត្តសញ្ញាណប័ណ្ណនេះ ចាប់ពីប្រជាពលរដ្ឋទាំងពីរភេទ មានអាយុ១៥ឆ្នាំឡើងទៅ។

លោកនាយការិយាល័យគ្រប់គ្រងការស្នាក់នៅ ក៏បានជំរុញមន្រ្តីប៉ុស្តិ៍នគរបាលរដ្ឋបាល ពង្រឹងការងារគ្រប់គ្រងស្ថិតិប្រជាពលរដ្ឋ ស្នាក់នៅអចិន្រ្តៃយ៍ និងស្នាក់នៅបណ្តោះអាសន្ន ឱ្យបានម៉ឺងម៉ាត់ត្រឹមត្រូវ ពីព្រោះការងារនេះ លោកឃើញថា កន្លងមក មានភាពខ្វះចន្លោះ។ ការងារគ្រប់ស្ថិតិស្នាក់នៅ គឺមានសារៈសំខាន់ ដើម្បីបម្រើលើការងារសន្តិសុខផង និងការងាររដ្ឋបាលផង។ ផ្សព្វផ្សាយអនុក្រិត្យលេខ៧៣ ស្តីពីសៀវភៅស្នាក់នៅ ផ្សព្វផ្សាយ អនុក្រឹត្យលេខ៧៤ ស្តីពីសៀវភៅគ្រួសារ និងណែនាំឱ្យមានការផ្តល់សេវាសៀវភៅស្នាក់នៅ និងសៀវភៅគ្រួសារ ឱ្យបានត្រឹមត្រូវ តាមគោលការណ៍ និងនីតិវិធី។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល និងលោកអធិការរង ទទួលការងារជំនាញអត្តសញ្ញាណកម្ម ក៏បានលើកឡើង ពីបញ្ហាប្រឈមមួយចំនួន ដូចជាប្រជាពលរដ្ឋខ្លះ មកធ្វើសៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ មិនបានភ្ជាប់ជាមួយ សំបុត្រចម្លងបញ្ជាក់កំណើត ឬលិខិតផ្លាស់ប្តូរទីលំនៅ ដែលនាំឱ្យមានការលំបាក ដល់មន្រ្តីជំនាញ ជាពិសេសនៅពេលមន្រ្តីជំនាញ ណែនាំពួកគាត់ឱ្យធ្វើលិខិតទាំងនេះ ភ្ជាប់មកជាមួយ ដើម្បីទទួលបានសៀវភៅស្នាក់នៅ ឬសៀវភៅគ្រូសារ គឺពួកគាត់ខ្លះ ត្អូញត្អែរថា ស្រុកកំណើតនៅខេត្តឆ្ងាយ ពិបាកធ្វើដំណើរ និងខាតពេលវេលារកស៊ីជាដើម៕/V-PC