ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ នេះជាគ្រាដ៏គួរឱ្យរំភើបចិត្តបំផុតពេលដែលមេដំរីត្រូវបានជួយសង្គ្រោះ នៅពេលគ្រូពេទ្យសត្វអនុវត្តការសង្គ្រោះដង្ហើម (CPR) ដោយលោតឡើងលើទ្រូងរបស់វា ខណៈកូនដំរីញីដ៏តូចរបស់វាកំពុងសម្លឹងមើលទាំងបារម្ភ។
មេដំរីអាយុ១០ឆ្នាំ និងកូនមួយក្បាលរបស់វាបានរអិលធ្លាក់ចូលលូបេតុងមួយ ចំពេលមានភ្លៀងធ្លាក់ខ្លាំងនៅខេត្តណាខនណាយ៉ុក (Nakhon Nayok) ភាគកណ្តាលប្រទេសថៃកាលពីរសៀលថ្ងៃពុធទី១៣កក្កដា។
ភ្លៀងខ្លាំងបានធ្វើឱ្យស្មៅសើមនិងបែកភក់ បណ្តាលឱ្យដំរីទាំងពីររអិលធ្លាក់ចូលទៅក្នុងលូជម្រៅ ២,១៣ ម៉ែត្រ។
ភ្លៀងមូសុងខ្លាំងក្លាសឹងតែមិនអាចឱ្យគេទាញដំរីទាំងពីរឡើងលើរួច ខណៈក្រុមគ្រូពេទ្យសត្វបានហៅអេស្កាវ៉ាទ័រឱ្យជួយទាញថនិកសត្វដ៏ធំនេះចេញពីលូ។
ប៉ុន្តែបន្ទាប់ពីមេដំរីប៉ះទង្គិចចំក្បាលហើយសន្លប់ភ្លាមៗ ជីវិតរបស់វាក៏ជួបគ្រោះថ្នាក់។
វីដេអូមិនគួរឱ្យជឿនេះបានបង្ហាញប្រតិបត្តិការបីម៉ោងដើម្បីទាញដំរីចេញមកដោយសុវត្ថិភាព ហើយបន្ទាប់មកទើបអាចជួយសង្គ្រោះជីវិតមេដំរី។
លោកស្រីវេជ្ជបណ្ឌិត ឆាណានយ៉ា កាន់ឆាណាសារ៉ាក់ (Chananya Kanchanasarak) នាយកឧទ្យានជាតិបាននិយាយថា “គេសឹងតែមិនអាចចូលទៅជិតកូនដំរីបានព្រោះមេវានៅក្បែរវា។ពួកយើងបានចាក់ថ្នាំសន្លប់៣ម្ជុលដល់មេវា ប៉ុន្តែមេវានៅតែកម្រើកទៅរកកូនវា មុនពេលសន្លប់ ហើយបោកក្បាលនឹងថ្មលូ”។
អនុរក្សឧទ្យានបារម្ភថា មេដំរីនឹងស្រែករកជំនួយពីហ្វូងដំរីចំនួន ៣០ ក្បាលនៅក្បែរនោះ ប្រសិនបើពួកគេបង្ខំទាញកូនដំរី ដូច្នេះពួកគេបានទូរស័ព្ទទៅគ្រូពេទ្យសត្វ។
ក្រុមមួយបានបង្កើតរបាំងបណ្ដោះអាសន្នដើម្បីទប់ស្កាត់ហ្វូងសត្វ ដែលអាចមានហិង្សា កុំឱ្យចូលទៅជិត។
ខណៈមេដំរីរួចផុតពីលូនោះ កូនដំរី ដែលជាប់នៅមួយយប់មុននោះ បានបឺតទឹកដោះគោ ដែលផ្តល់ភាពធូរស្រាលយ៉ាងខ្លាំងដល់ពេទ្យសត្វ។
រថយន្តស្ទូចមួយត្រូវបានប្រើដើម្បីទាញមេដំរីចេញពីលូមុនពេលពេទ្យសត្វបន្តការងាររបស់ពួកគេ។
គ្រាដែលមេដំរីបានមកដល់លើដីដោយសុវត្ថិភាព ពេទ្យសត្វបីនាក់បានលោតលើវាដើម្បីសង្គ្រោះដង្ហើមវា និងដាស់វាឱ្យក្រោកឡើង ព្រោះផលប៉ះពាល់ពីការបោកក្បាលរបស់វាអាចធ្វើឱ្យវាឈឺចាប់។
សំណាងល្អ មេដំរីភ្ញាក់ឡើង។
អនុរក្សឧទ្យាននិងគ្រូពេទ្យសត្វបានចាកចេញពីកន្លែងកើតហេតុដើម្បីឱ្យដំរីទាំងពីរចូលរួមជាមួយហ្វូងរបស់វាវិញនៅក្នុងព្រៃ៕
ដំរីមេនិងកូនត្រូវបានសង្គ្រោះពីលូកាលពីថ្ងៃពុធនៅខេត្តណាខនណាយ៉ុក