ប្រែសម្រួលៈបំណង(BLOOMBERG)៖ធនាគារកណ្តាលមីយ៉ាន់ម៉ាបានបញ្ជាទៅបណ្តាក្រុមហ៊ុននិងអ្នកខ្ចីលុយផ្អាកការទូទាត់បង់សងកំចីបរទេសនៅក្នុងវិធានការចុងក្រោយមួយដើម្បីការពារទុនបំរុងបរទេសរបស់ជាតិដែលកាន់តែខើចទៅ។
សូមបញ្ជាក់ថា នៅខែនេះ អ្នកនាំពាក្យរដ្ឋាភិបាលមីយ៉ាន់ម៉ាបានប្រាប់អ្នកយកព័ត៌មានថា មីយ៉ាន់ម៉ាត្រូវចំណាយប្រមាណ៧០០លានដុល្លារសំរាប់ទូទាត់សងឥណទានក្នុងស្រុកនិងបរទេសក្នុងមួយឆ្នាំៗ។
ក្នុងលិខិតមួយផ្ញើទៅបណ្តាធនាគារដែលទទួលបានសិទ្ធិធ្វើអាជីវកម្មដោះដូររូបិយបណ្ណបរទេស ទេសាភិបាលរងធនាគារលោក វីន ថរ បានបញ្ជាទៅអ្នកខ្ចីលុយអោយផ្អាកការទូទាត់កាប្រាក់និងប្រាក់ដើមរបស់ឥណទានបរទេសផ្សេងៗ។សេចក្តីណែនាំតំរូវអោយបណ្តាធនាគារដែលទទួលបានសិទ្ធិ ជូនដំណឹងទៅអតិថិជនអាជីវកម្មរបស់ខ្លួនដែលជំពាក់បំណុលបរទេស ត្រូវកែសម្រួលកាលវិភាគទូទាត់សងប្រាក់ឡើងវិញជាមួយនឹងម្ចាស់កំចីបរទេស។
សារាចរណ៍ណែនាំបាននិយាយទៀតថា អ្នកធ្វើអាជីវកម្មដូរប្រាក់បរទេស ត្រូវប្តូររូបិយបណ្ណបរទេសទៅជាប្រាក់ក្យាត(kyat)ក្នុងតំលៃមួយដុល្លារស្មើនឹង១.៨៥០ក្យាត។
យោងតាមទិន្នន័យចងក្រោងដោយសារព័ត៌មានBloomberg បណ្តាក្រុមហ៊ុននៅមីយ៉ាន់ម៉ាទទួលបានឥណទានភាគច្រើនជាដុល្លារយ៉ាងតិច១,២ពាន់លានដុល្លារ។អ្នកខ្ចីប្រាក់ទាំងនោះ រួមមានក្រុមហ៊ុនទូរគមនាគមន៍Ooredoo Myanmar Ltd ក្រុមហ៊ុនអចលនទ្រព្យCity Square Commercial Co. និងក្រមហ៊ុនទូរគមនាគមន៍Apollo Towers Myanmar Ltd និង Irrawaddy Green Towers Ltd។
សូមបញ្ជាក់ថា រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានតឹងបន្តឹងច្បាប់ដោះដូររូបិយបណ្ណបរទេសក្រោយរូបិយបណ្ណជាតិបាត់បង់តំលៃខ្លួនអស់មួយភាគបីទល់នឹងប្រាក់ដុល្លារកាលពីឆ្នាំមុន ក្រោយរដ្ឋប្រហារដែលនាំដល់ការបង្កកទុនបំរុងរបស់ប្រទេសនេះខ្លះនៅអាម៉េរិកនិងការផ្អាកជំនួយពហុភាគី ដែលសុទ្ធតែជាប្រភពផ្គត់ផ្គង់រូបិយបណ្ណបរទេស។
អ្នករកស៊ីដូរប្រាក់នៅមីយ៉ាន់ម៉ា តំរូវអោយដូររូបិយបណ្ណបរទេសទៅជាប្រាក់ក្យាតតាមតំលៃកំណត់ដោយធនាគារកណ្តាល
រដ្ឋាភិបាលមីយ៉ាន់ម៉ា បានហាមការនាំចូលរថយន្តនិងទំនិញទំនើប ព្រមទាំងរឹតបន្តឹងការនាំចូលប្រេងឥន្ធនៈ រួមទាំងប្រេងឆាដើម្បីរក្សាទុនបំរុងអោយនៅខ្ពស់។
កាលពីថ្ងៃព្រហស្បតិ៍ទី១៤កក្កដា ធនាគារកណ្តាលក៏អនុញ្ញាតអោយបណ្តាក្រុមហ៊ុនបរទេសបង្កើតស្ថាប័នហិរញ្ញវត្ថុមិនជាធនាគារទាំងស្រុងរបស់ខ្លួនផ្ទាល់ ឬក៏រកស៊ីរួមជាម្ចាស់ភាគហ៊ុនមីយ៉ាន់ម៉ា ក្នុងបំណងជំរុញទុនបរទេស៕