ដោយៈប.ខុន / ភ្នំពេញៈ ការបោសម្អាតខ្សាច់ នៅលើផ្លូវថ្មើរជើង និងវិថីឆ្នេរអូរត្រេះ ដែលបានធ្វើ តាំងពីថ្ងៃទី១៤ ខែកក្កដា មកដល់ព្រឹកថ្ងៃទី១៥ ខែកក្កដា ដោយមានការចូលរួមពីមកម្លាំងសាលាក្រុង មន្ទីរសាធារណការ និងក្រុមហ៊ុនដឹកជញ្ជូនកាកសំណល់ មិនទាន់បានរួចនៅឡើយទេ ដោយសារភ្លៀង ខ្យល់នៅតែខ្លាំង បក់បោកខ្សាច់ពីតាមឆ្នេរ មកដល់លើផ្លូវថែមបន្តបន្ទាប់ទៀត ដូចជានៅព្រឹកនេះ មានភ្លៀងខ្លាំង ខ្យល់ខ្លាំង ធ្វើឱ្យដួលរលំបាក់ដើមដូងដាំថ្មីមួយចំនួន និងប៉មយាមនៅតាមឆ្នេរ។
លោក អ៊ី សុខឡេង អភិបាលក្រុងព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ថា: ការបោសសម្អាតខ្សាច់ ដែលបោកបក់តាមខ្យល់ និងទឹករលក ពីតាមឆ្នេរ មកទើរលើផ្លូវថ្មើរជើង និងវិថីឆ្នេរអូរត្រេះ ដែលបានធ្វើតាំងពីថ្ងៃម្សិលមិញ មកដល់ថ្ងៃនេះមិនទាន់បានរួចនៅឡើយទេ ដោយសារភ្លៀងខ្យល់នៅតែមានផាត់ខ្សាច់ មកដល់ផ្លូវថែមទៀត គ្រាន់តែមិនច្រើនដូចថ្ងៃមុន។
លោកអភិបាលក្រុង បាននិយាយឱ្យដឹងទៀតថា: ក្រុមការងារបោសឈូសសម្អាតខ្សាច់ នៅលើផ្លូវ ព្រឹកនេះ មានការចូលរួមពីកម្លាំងសាលាក្រុង ក្រុមហ៊ុនដឹកកាកសំណល់ និងមន្ទីរសាធារណការខេត្ត។ នៅព្រឹកថ្ងៃទី១៥ ខែកក្កដានេះ មានភ្លៀងខ្លាំង ខ្យល់ខ្លាំង បាក់រលំដើមដូងដាំថ្មី ជាង១០ ដើម និងរលំប៉ម នៅតាមឆ្នេរមួយ និងទ្រេតមួយ។ ភ្លៀងខ្លាំង តែមិនបានធ្វើឱ្យមានការលិចលង់ក្រុងទេ ដោយសារកម្លាំងនៅតាមមូលដ្ឋាន និងកម្លាំងអនាម័យក្រុង បានបោសម្អាតសំរាមតាមដងផ្លូវ និងមាត់លូជាប្រចាំ ជាពិសេសនៅពេលមានភ្លៀង ដើម្បីកុំស្ទះផ្លូវទឹកហូរ។
លោក ហេង សោភ័ណរិទ្ធ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយម ខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១៥ ខែកក្កដាថា: ភ្លៀងនៅតែបន្តធ្លាក់លើខេត្តព្រះសីហនុ តែខ្យល់នៅថ្ងៃនេះ បានថយឥទ្ធិពលទៅវិញហើយ។ បរិមាណទឹកភ្លៀង ធ្លាក់រយៈពេល ២៤ ម៉ោង លើក្រុងព្រះសីហនុ ត្រឹមព្រឹកថ្ងៃទី១៥ ខែកក្កដាមានកម្រិត ៨២ មីលីម៉ែត្រ។
ក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២២ បានជូនដំណឹង ស្តីពីការព្យាករស្ថានភាពអាកាសធាតុ សម្រាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែកក្កដាថា: ព្រះរាជាណាចក្រកម្ពុជា ក្នុងអំឡុងមួយសប្តាហ៍នេះ ទទួលឥទ្ធិពលជាបន្តបន្ទាប់ដោយនៅថ្ងៃទី១៣ និង១៤ ខែកក្កដា ឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប ITCZ ភ្ជាប់ទៅនឹងសម្ពាធទាបសកម្ម នៅលើសមុទ្រចិនខាងត្បូង និងខ្យល់មូសុងនិរតី ក្នុងកម្រិតពីមធ្យមទៅខ្លាំង។ ពីថ្ងៃទី១៥ ដល់១៩ ខែកក្កដាឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា និងខ្យល់មូសុងក្នុងកម្រិត ពីខ្សោយទៅមធ្យម។
ក្នុងសេចក្តីដំណឹង បានសរសេរទៀតថា: ស្ថានភាពបែបខាងលើ នឹងធ្វើឲ្យបណ្តាខេត្ត នៅតំបន់វាលទំនាបកណ្តាល មានសីតុណ្ហភាព អប្បបរមា មានពី២៣ ទៅ ២៥ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី ៣៣ ទៅ ៣៥ អង្សាសេ។ អាចមានភ្លៀង ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។
សម្រាប់បណ្តាខេត្តជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ហភាព អតិបរមា មានពី ៣២ ទៅ ៣៤ អង្សាសេ។អាចមានភ្លៀង ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។
សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាព អប្បបរមាពី ២៣ ទៅ ២៥ អង្សាសេ សីតុណ្ណភាព អតិបរមា មានពី ៣១ ទៅ ៣៣ អង្សាសេ។ នៅថ្ងៃទី១៣ និង១៤ ខែកក្កដា អាចមានភ្លៀង ក្នុងកម្រិតពីមធ្យមទៅច្រើនអាចបង្កជាជំនន់ទឹកភ្លៀង នៅផ្នែកខ្លះក្នុងភូមិសាស្ត្រខេត្តកោះកុង និងខេត្តព្រះសីហនុ ។ នៅលើផ្ទៃសមុទ្រមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ ។ នៅអំឡុងពីថ្ងៃទី១៥ ដល់១៩ ខែកក្កដា នឹងអាចមានភ្លៀងពីតិចទៅមធ្យម ៕/V