​ដោយៈ គង់​ហេង​/ កំពង់ចាមៈ ជា​គោលនយោបាយ​រាជរដ្ឋាភិបាល ដឹកនាំ​ដោយ​សម្តេច​តេ​ជោ ហ៊ុន សែន ជា​នាយករដ្ឋមន្ត្រី បានកំណត់​ជា​អាទិភាព គឺ​«​មនុស្ស​ម្នាក់ៗ ចាំបាច់​ត្រូវតែ​ចេះ​លេង​កីឡា ឱ្យបាន​មួយ​ប្រភេទ​យ៉ាងតិច​»​។ នេះ​ជាការ​លើកឡើង​របស់លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម ជំរុញ​ឱ្យចូល​រួម​លេង​កីឡា​ឱ្យបាន​គ្រប់គ្នា គឺ​ដើម្បី​សុខភាព និង​ជាការ​បង្កើត​នូវ​សាមគ្គីភាព មិត្តភាព ជាពិសេស​សម្រាប់​ខ្លួន​យើង​តែម្តង​។

​លោក​អភិបាលខេត្ត​កំពង់ចាម ថ្លែង​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស​ដែល​លោក និង​សហការី បាន​អញ្ជើញ​ចូលរួម​ការប្រកួត​កីឡា​មហាជន​ជ្រើសរើស​ជើងឯក ទូទាំង​ខេត្ត​នេះ ប្រចាំឆ្នាំ​២០២២ នៅ​ទីលាន​បាល់ទះ ខេត្តកំពង់ចាម នៅ​ព្រឹក​ថ្ងៃទី​១៥ កក្កដា​នេះ​។

​លោក​បាន​ថ្លែងថាៈ កាលណា​យើង​មាន​ជំនាញ​កីឡា​ច្បាស់ នៅក្នុង​អាជីព នៃ​វិស័យ​កីឡា​ណាមួយ​នោះ គឺ​យើង​មានឱកាស​គ្រប់គ្រាន់ នៃ​ការចូលរួម ក្នុងការ​លើកកម្ពស់​វិស័យ​កីឡា​ប្រភេទ​នោះ នៅក្នុង​ខេត្ត​របស់​យើង​ផងដែរ​។ ជាក់ស្តែង ខេត្តកំពង់ចាម​នេះ កាលពី​ប៉ុន្មាន​ឆ្នាំមុន ក្រោម​ការដឹកនាំ​របស់​អតីត​អភិបាលខេត្ត​ជំនាន់​មុន គឺ​ខេត្តកំពង់ចាម ត្រូវបាន​ទទួលស្គាល់ថា ជា​ខេត្ត​ដែលមាន​ក្រុម​កីឡាករ​ឆ្នើម ដែល​លេង​ទទួលបាន​នូវ​ការកោតសរសើរ ពី​សំណាក់​មហាជន ក៏ដូចជា​ប្រជាពលរដ្ឋ ស្រឡាញ់​វិស័យ​កីឡា​។ ជាពិសេស​កីឡាបាល់ទះ ខេត្តកំពង់ចាម ជា​កីឡាករ​ឆ្នើម ដែល​ពិបាក​រក​គូរ​ប្រកួតប្រជែង ក្នុង​ការលេង​។

​លោក​បាន​ថ្លែង​ទៀតថាៈ ដូច្នេះ​ស្នើ​ដល់​មន្ទីរអប់រំ យុវជន និង​កីឡា សូម​យកចិត្តទុកដាក់​បន្ត នូវ​ប្រពៃណី​ដ៏​ល្អ​នេះ គឺ​រៀបចំ​ជា​ក្រុម ជា​អេ​គុប​សម្រាប់​អ្នកលេង​កីឡា​ដែលមាន​ទេពកោសល្យ មាន​កាយសម្បទា​មាំមួន ដែល​អាច​លេង​កីឡា​ប្រភេទ​ណាមួយ នាំមក​នូវ​ពានរង្វាន់​ណាមួយ សម្រាប់​ខេត្តកំពង់ចាម ក៏ដូចជា​លើកកម្ពស់​នូវ​កិត្តិយស ដល់​ខេត្ត​យើង​ទៀតផង​។ យើង​ពិតជា​ពុំ​អាច​មើលរំលង​បានទេ គឺ​កីឡា​ពិត​ជាមាន​សារសំខាន់​ណាស់ ដែល​យើង​បាន​ជួបជុំគ្នា នា​ថ្ងៃនេះ ជាការ​ចូលរួមចំណែក​មួយ លើកទឹកចិត្ត​ដល់​ក្រុម​កីឡាករ កីឡា​ការី​នី ជា​អ្នក​ស្រឡាញ់ អ្នក​ពេញចិត្ត​វិស័យ​កីឡា​។

​លោក​បាន​បន្តថាៈ ជាពិសេស​សូមឱ្យ​មន្ទីរអប់រំ យុវជន និង​កីឡា គួរ​ខិតខំ​ធ្វើការ​ងារ​នេះ​បន្ថែមទៀត ជាមួយ​រដ្ឋបាល​ក្រុង ស្រុក សហការ​ឱ្យបាន​ស្អិតរ​មួ​ត ជាមួយ​បណ្តា​មន្ទីរ​អង្គភាព ដែលមាន​កីឡាករ​ឆ្នើម ចងក្រង​ជា​ក្រុម​មួយ ដែលមាន​គុណភាព អាច​ចូលរួម​ប្រកួតប្រជែង​បាន​គ្រប់ពេល​កម្មវិធី​ថ្នាក់ជាតិ ក៏ដូចជា​ក្រសួង​បានធ្វើ​ការកំណត់​។

​លោក លី ម៉េង​សាន ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តកំពង់ចាម បានបញ្ជាក់ នៅក្នុង​របាយការណ៍​ស្វាគមន៍​ថាៈ ខេត្តកំពង់ចាម មាន​កីឡាករ កីឡាការិនី​សរុប​ចំនួន ៩៧ ក្រុម ក្នុងនោះ ១០ ក្រុម​ជានា​រី ស្មើនឹង ៧៧៤ នាក់ ស្រី​ចំនួន ១៤៤ នាក់​៕/V​.mara