ដោយៈ បញ្ញាសាស្ត្រ / ភ្នំពេញៈ ជាការរួមចំណែកក្នុងការ ការពារបរិស្ថាន ឱ្យបានល្អប្រសើរ ព្រោះតែបច្ចុប្បន្ន ទូទាំងសកលលោក កំពុងនាំគ្នាចាប់អារម្មណ៍នឹង ការប្រែប្រួលអាកាសធាតុ ដូច្នេះហើយ ធនាគារជាតិ នៃកម្ពុជា បានយកចិត្តទុកដាក់ និងបង្កើតវគ្គបណ្តុះ បណ្តាលស្នូលមួយ ដល់មន្ត្រីក្នុងវិស័យធនាគារ និងបណ្តាគ្រឹះស្ថានហិរញ្ញវត្ថុ ឱ្យយល់បានកាន់តែច្បាស់អំពីហានិភ័យ លើការប្រែប្រួលអាកាសធាតុ។
ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពីការគ្រប់គ្រងហានិភ័យបរិស្ថាន សង្គម និងអភិបាលកិច្ច កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី១៤ កក្កដា ២០២២ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់ លោកស្រី ជា សិរី អគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ថា: សម្រាប់វគ្គបណ្ដុះបណ្ដាលនេះ ផ្ដោតសំខាន់លើការកសាងសមត្ថភាព របស់មន្ដ្រីក្នុងវិស័យធនាគារ និងមន្ដ្រីធនាគារជាតិ ឲ្យយល់កាន់តែច្បាស់ ពីហានីភ័យនៃការប្រែប្រួលអាកាសធាតុ ដោយសារបច្ចុប្បន្ននេះ នៅទូទាំងពិភពលោក មានការចាប់អារម្មណ៍ខ្លាំង លើការប្រែប្រួលអាកាសធាតុ ហើយក៏ធ្វើឲ្យប៉ះពាល់ដល់ជីវភាពរបស់ប្រជាជន ដូច្នេះវិស័យធនាគារ ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការយកចិត្តទុកដាក់ លើការយល់ដឹង ពីការប្រែប្រួលអាកាសធាតុ និងបញ្ហាបរិស្ថាននេះ ព្រោះធនាគារ ជាអ្នកផ្ដល់ធន ផ្ដល់កម្ចី ដូច្នេះការចូលរួមរបស់ធនាគារ គឺផ្ដោតលើការយល់ដឹងថា តើអ្នកស្នើសុំកម្ចីនេះ បានយកទៅប្រើប្រាស់ ប៉ះពាល់ដល់វិស័យបរិស្ថានឬទេ? ប្រសិនបើប៉ះពាល់ដល់បរិស្ថាន គឺយើងមិនលើកទឹកចិត្តឲ្យផ្ដល់កម្ចីនោះទេ ហើយបើការផ្ដល់នោះ មានផលប៉ះពាល់អ្វីខ្លះ ទៅលើបរិស្ថាន ធនាគារត្រូវមានវិធានការបន្ទាប់បន្សំ ក្នុងការកាត់បន្ថយ អំពីផលប៉ះពាល់ទាំងនោះ។
លោកស្រី បានលើកជាឧទាហរណ៍ដូច្នេះថា: «នៅពេលដែលគាត់ឱ្យប្រាក់ ទៅគេខ្ចី យើងចង់ឱ្យគិតគូរថា គេយកលុយពីគាត់ ទៅប្រើប្រាស់នេះ ទៅលើវិស័យអ្វីមួយដែលអាចធ្វើឱ្យប៉ះពាល់ទៅដល់បរិស្ថានឬក៏អត់? ហើយបើប៉ះពាល់ទៅដល់បរិស្ថាន យើងលើកទឹកចិត្តមិនឱ្យគាត់ផ្តល់។ ប៉ុន្តែបើសិនគាត់បានផ្តល់កម្ចីនេះ ឃើញថាមានការប៉ះពាល់តិចតួច ដល់បរិស្ថាន តើគាត់មានវិធានការអ្វីខ្លះទៀត ដើម្បីកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន»។
លោកស្រី បានបន្តថា: ដូច្នេះយើងចង់កំណត់ឲ្យច្បាស់ថា ចំពោះវិស័យធនាគារ តើត្រូវមានតួនាទីយ៉ាងដូចម្ដេច? ដូច្នេះវគ្គបណ្ដុះបណ្ដាលនេះ នឹងឲ្យមន្ដ្រីធនាគារ ចាប់ផ្ដើមយល់ ពិភាក្សា និងគិតគូរថា តើវិស័យធនាគារ គួរធ្វើអ្វីខ្លះ ដើម្បីរួមចំណែកក្នុងកិច្ចប្រឹប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
លោក រ័ត្ន សោភ័ណ អនុប្រធានសមាគមធនាគារនៅកម្ពុជា (ABC) បានថ្លែងថា: គោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ រៀបចំឡើងដើម្បីបង្កើត និងអនុវត្តការគ្រប់គ្រងហានិភ័យបរិស្ថាន និងសង្គមឱ្យបានត្រឹមត្រូវ អភិវឌ្ឍន៍ និងលើកកម្ពស់ឱកាសអាជីវកម្ម ប្រកបដោយនិរន្តរភាព។ ក្នុងនោះ ក៏បានរួមចំណែកកាត់បន្ថយ ឬជៀសវាងហានិភ័យបរិស្ថាន និងសង្គមដែលបានបង្កើត តាមរយៈការផ្តល់ប្រាក់កម្ចីពីវិស័យឯកជន៕/V