ដោយ​: ទេ​ពក​ង្រី / កំពង់ឆ្នាំងៈ មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្តកំពង់ឆ្នាំង សហការ​ជាមួយ​រដ្ឋបាលខេត្ត បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ សារាចរ​ណែនាំ ស្តីពី​ការរៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ​២០២៣ -២០២៥ និង​និតិ​វិធី​បច្ចេកទេស នៃ​ការរៀបចំ​គម្រោង ថវិកា សម្រាប់​គ្រប់គ្រង ឆ្នាំ​២០២៣ របស់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ នា​ព្រឹក​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២៣ នៅ​សាលា​ប្រជុំ​សាលាខេត្ត​កំពង់ឆ្នាំង ក្រោម​អធិបតី ភាព លោកស្រី ប៊​ន សុ​ភី អភិបាលរង​ខេត្ត តំណាង​លោក ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាលខេត្ត​កំពង់ឆ្នាំង តាម​ប្រព័ន្ធ​វីដេអូ ZOOM ។

​ក្នុងឱកាស​នោះ លោក អ៊ូ ជួប​កុសល ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ខេត្ត បាន​មានប្រសាសន៍ថាៈ កិច្ចប្រជុំ​ថ្ងៃនេះ មាន​សារៈសំខាន់​ណាស់​សម្រាប់​ឱ្យ​គ្រប់​អង្គភាព និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​គិតគូរ​ឱ្យបាន​ច្បាស់លាស់ នូវ​ការរៀបចំ​ផែនការ​ចំណូល​-​ចំណាយ ឱ្យបាន​ជាក់លាក់ ត្រឹមត្រូវ ទាន់ពេលវេលា និង​ស្របតាម​តម្រូវការ​ជាក់ស្តែង ក្នុងការ​ដំណើរការ​អនុវត្ត​ការងារ​ថវិកា ស្របទៅនឹង​តម្រូវការ​សមិទ្ធកម្មរ​បស់​ខ្លួន កត្តា​សំខាន់ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ត្រូវ​គិតគូរ​ពី​ការអភិវឌ្ឍ​ក្នុង​អង្គភាព​របស់ខ្លួន ក៏ត្រូវ​រំលេច​នូវ​សកម្មភាព និង​បេសកកម្ម​ចម្បងៗ ផែនការ​សកម្មភាពរ​បស់​ខ្លួន អំពី​ភាពជាក់ស្ដែង នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ ថវិកា ឆ្នាំកន្លងមក និង​ការប៉ាន់ស្មាន​ស្ថានភាព​នៃ​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ថវិកា បច្ចុប្បន្ន ធៀប​ទៅនឹង​គោលដៅ​សូចនាករ ដែល​បានកំណត់ និង​លើកឡើង នូវ​បញ្ហា​ប្រឈម ដែល​ត្រូវ​ដោះស្រាយ ក្នុង​ឆ្នាំ​២០២៣ និង​ឆ្នាំ​ខាងមុខ​ទៀត​។

​ក្រោយពី​បាន​ស្តាប់​បទ​បង្ហាញ​របស់​ប្រតិភូ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​រួចមក លោកស្រី ប៊​ន សុ​ភី បាន​ក្រើនរំលឹក​ដល់​គ្រប់​ស្ថាប័ន​ថ្នាក់ក្រោម​ជាតិ ត្រូវ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា ក៏ត្រូវ​រំលេច​ផងដែរ​អំពី​វិធាន​គោលនយោបាយ​សំខាន់ៗ តាម​ផែនការ​សកម្មភាព​រប​ស់​ខ្លួន បានដាក់​ចេញ ស្របតាម​ទិសដៅ នៃ យុទ្ធសាស្ត្រ​ចតុកោណ ដំណាក់កាល​ទី ៤ ស្របទៅនឹង​គោលនយោបាយ​តាម​វិស័យ និង​មូលដ្ឋាន​របស់ខ្លួន​។ ដើម្បី​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក៏ត្រូវ​គិតគូរ និង​យកចិត្តទុកដាក់​ក្នុងការ​អនុវត្ត​ការងារ​ចំណូល​-​ចំណាយ​ថវិកា​ឆ្នាំ​២០២៣ នេះ ឱ្យបាន​ល្អប្រសើរ​។ ជាពិសេស​ការផ្សព្វផ្សាយ សារាចរ​ណែនាំ និង​ចំណេះដឹង​ទទួលបាន​ពី​ការពន្យល់​របស់​ប្រតិភូ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ នៅថ្ងៃនេះ ជា​មូលដ្ឋាន​ក្នុងការ​រៀបចំ​ផែនការ​យុទ្ធសាស្ត្រ​ថវិកា​ឆ្នាំ​២០២៣-២០២៥ និង​រៀបចំ​សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០២៣ នេះ ឱ្យបាន ត្រឹមត្រូវ និង​ទាន់ពេលវេលា​៕/V​.mara