​ដោយៈ​យោធិន​/​ត្បូងឃ្មុំ​៖​ ដោយ​មិន​បង្អង់​យូរ​អនុវត្ត​ស្មារតី​កិច្ចសន្យា​ដែល​បាន​ចុះហត្ថលេខា​កាលពី​សប្តាហ៍​កន្លង​ទៅលើ​ការងារ​បោសសម្អាត​មីន​រវាង​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព​និង​អាជ្ញាធរ​មីន​នោះ នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២ ក្នុងនាម​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា និង​ជា​ប្រធាន​អាជ្ញាធរ​មីន លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន ទី ១ អាជ្ញាធរ មីន និង​លោក​បណ្ឌិត ជាម ច័ន្ទ​សោ​ភ័​ណ្ឌ អភិបាលខេត្ត​ត្បូងឃ្មុំ​បាន​អញ្ជើញ​ជួប​សំណេះសំណាល ជាមួយ​កងកម្លាំង​ជំនាញ​បោសសម្អាត​មីន​នៃ​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន​និង​កាកសំណល់​សង្គ្រាម​(NPMEC)​និង​ប្រកាស​បើក​ការដ្ឋាន​បោសសម្អាត​មីន​នៅ​ខេត្ត​ត្បូងឃ្មុំ​។​

សូមបញ្ជាក់ថា ខេត្ត​ប្រវត្តិសាស្ត្រ​ត្បូងឃ្មុំ នឹង​ក្លាយជា​ខេត្ត​អស់​មីន​ដំបូង ក្រោម​ការគាំទ្រ​ពី​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន “​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​” ។​

លោក​ទេសរដ្ឋមន្ត្រី​លី ធុជ បាន​បញ្ជាក់ថា​ខេត្ត​ត្បូងឃ្មុំ ជា​ខេត្ត​ប្រវត្តិសាស្ត្រ ដែល​សម្តេច​តេ​ជោ បានសម្រេច​ចិត្ត និង​ពលី​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​រំដោះ​ប្រទេសជាតិ និង​សង្គ្រោះ​ប្រជាពលរដ្ឋ​ចេញពី​របប​ប្រល័យពូជសាសន៍​កាលពី​ឆ្នាំ​១៩៧៧ ហើយ​ខេត្ត​ត្បូងឃ្មុំ ក៏​ជា​ខេត្ត​មួយ​ដែល​រង​ផលប៉ះពាល់​ច្រើន​ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​។

អាជ្ញាធរ​មីន​បានចាត់ទុក​ខេត្ត​ត្បូងឃ្មុំ​ជា​ខេត្ត​អាទិភាព​ក្នុងការ​អនុវត្ត​គម្រោង​សម្តេច​តេ​ជោ​សម្រាប់​សកម្មភាព​មីន “​ផ្តល់​ដី​សុវត្ថិភាព បង្កើត​ស្នាមញញឹម​” ដើម្បី​ប្រកាស​ជា​ខេត្ត​អស់​មីន ក្រោម​អធិបតីភាព​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក​ហ៊ុន​ម៉ា​ណែ​ត​អគ្គមេបញ្ជាការ​រង​កង​យោធពលខេមរភូមិន្ទ​និង​មេបញ្ជាការ​កងទ័ពជើងគោក ក្នុង​រយៈពេល​ប្រាំ​មួយខែ ខាងមុខនេះ​។​

​ក្នុងឱកាស​នោះ លោក​ទេសរដ្ឋមន្ត្រី បាន ស្នើសុំ​ឲ្យ​កងកម្លាំង​រក្សា​សន្តិភាព​ត្រូវ​បោសសម្អាត និង​កម្ទេច​គ្រាប់មីន​ឲ្យ​អស់​ចេញពី​ទឹកដី​ដែល​ពោរពេញ​ដោយ​ប្រវត្តិសាស្ត្រ​នេះ​។ លោក​ទេសរដ្ឋមន្ត្រី បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កងកម្លាំង​រក្សា​សន្តិភាព ដែល​បាន​នាំមក​នូវ​កិត្តិយស​ជូន​ជាតិ​មាតុភូមិ និង​នាំយក​ទង់ជាតិ​កម្ពុជា​នៅ​ឆាក​អន្តរជាតិ ជាពិសេស​ចូលរួម​ផ្តល់នូវ​សុខ​សុវត្ថិភាព ផ្តល់​សេចក្តីសុខ និង​ផ្តល់​សុខដុមរមនា​ដល់​ប្រទេស​និង​ប្រជាជន​ទាំងឡាយណា ដែល​ធ្លាប់​រងគ្រោះ​ដោយសារ​សង្គ្រាម​ដូច​កម្ពុជា និង​ដល់​ប្រទេស​ណា​ដែលមាន​តម្រូវការ ក្នុង​ក្របខណ្ឌ​អង្គការសហប្រជាជាតិ​។​

​សូមបញ្ជាក់ថា ក្រោម​ចលនា​ជាតិ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី មាន​ប្រជាជន​គ្រប់ទិសទី បាន​គាំទ្រ និង​ចូលរួម​យ៉ាង​ផុសផុល​បរិច្ចាគ​វិភាគទាន​ផ្ទាល់ខ្លួន ក្នុងការ​ចូលរួម​ដោះស្រាយ​បញ្ហា​គ្រាប់មីន​នៅ​កម្ពុជា និង​ឆ្ពោះទៅ​កម្ពុជា​សូន្យ​មីន​នៅ​ឆ្នាំ​២០២៥៕​សរន​