​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ លោក ហាប់ ទូច រដ្ឋលេខាធិការ​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​នៅ​ព្រឹក​ថ្ងៃទី ១៥ ខែ កក្កដា ឆ្នាំ ២០២២ បាន អនុញ្ញាតអោយ​តំណាង​អង្គការ​សិល្ប​:​ខ្មែរ​អមត​: សម្តែង​ការគួរសម និង​ធ្វើ​បទ​បង្ហាញ​អំពី​ដំណើរការ​នៃ​គម្រោង​ស្រាវជ្រាវ​ចងក្រង​សៀវភៅ​អក្សរ​ភ្លេង​ភ្លយ​ដែល​ទើបនឹង​សម្រេច​នាពេល​ថ្មីៗ​នេះ ។

​នៅក្នុង​ជំនួប​ពិភាក្សា​នេះដែរ តំណាង​អង្គការ​សិល្ប​:​ខ្មែរ​អមត​:​បាន​ជូន​សៀវភៅ “​ឧបករណ៍​ភ្លេង​ភ្លយ​នៅ​តំបន់​អា​រ៉ែ​ង​” ដែល​ទើបតែ​បញ្ចប់​ការស្រាវជ្រាវ​។​

​នៅក្នុង​ការស្រាវជ្រាវ​ច​ង​ក្រង​នេះ ក្រុមការងារ​បាន​សិក្សា​ពី​ប្រវត្តិ​ខ្លះៗ​របស់​ឧបករណ៍​ភ្លយ បទ​ភ្លេង និង​ចម្រៀង​ក្នុង​ពិធី​ឡើងអ្នកតា របៀប​ធ្វើ​ឧបករណ៍​ភ្លយ និង​បទ​ចម្រៀង​នៅក្នុង​ពិធី​ផ្សេងៗ​របស់​អ្នកស្រុក​នៅ​តំបន់​អា​រ៉ែ​ង ហើយក៏​បាន​ជួយ​បង្កើត​ថ្នាក់​បង្រៀន​ភ្លយ ដែល​បង្រៀន​ដោយ​លោកតា ឌួង ញឹក បានចាប់ផ្តើម​បង្រៀន​តាំងពី​ឆ្នាំ​២០១៨​រហូតមកដល់​បច្ចុប្បន្ន ក្នុង​គោលបំណង​បណ្តុះបណ្តាល​សិស្ស ឲ​ចេះ​ផលិត ចេះ​ច្រៀង និង​ផ្លុំ​ឧបករណ៍​ភ្លយ​។​

​ក្រៅពី​តំបន់​អា​រ៉ែ​ង​ក្នុង​ខេត្តកោះកុង នៅ​ខេត្តកំពង់ស្ពឺ​សព្វថ្ងៃ​ដូចជា​ភូមិ​ជំនាប់ ឃុំ​សង្កែ​សាទ​ប និង​ភូមិ​កោ​ដូនតី ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល់ ខេត្តកំពង់ស្ពឺ​ក៏មាន​ប្រើ​ឧបករណ៍​ភ្លយ​នៅក្នុង​ពិធីបុណ្យ​ប្រចាំឆ្នាំ​របស់គេ​ដែរ​។​.mara