ដោយ: ពៅនិមល/ភ្នំពេញ៖ ក្នុងជំនួបពិភាក្សាការងារកាលពីកន្លងទៅនេះ លោករដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានស្នើឱ្យភាគីមីយ៉ាន់ម៉ាពិនិត្យលទ្ធភាពជួយជំរុញឱ្យមានការនាំចូលផលិតផលកសិកម្មមានសក្តានុពលពីកម្ពុជា ដូចជា៖ ស្វាយ ចេកសម្ងួត មៀន ផ្លែបឺរ គ្រាប់ស្វាយចន្ទី ដំឡូងជ្វា ម្ទេស ល្ង និងស្ករត្នោត ទៅកាន់ទីផ្សារមីយ៉ាន់ម៉ាបន្ថែមទៀត។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ជាប្រធាន នៃកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍សេដ្ឋកិច្ចអាស៊ានឆ្នាំ២០២២ បានស្នើដូចនេះក្នុងជំនួបការងារជាមួយលោក Thit Linn Ohn ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ាប្រចាំកម្ពុជា ក្នុងគោលដៅពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២នេះ នៅទីស្តីការក្រសួង។
ក្នុងជំនួបនេះលោករដ្ឋមន្ត្រីបានជម្រាបជូនអំពីវឌ្ឍនភាពនៃការរៀបចំសមិទ្ធផលសេដ្ឋកិច្ចអាទិភាពកម្ពុជាទាំង១៩ ក្រោមសសរស្តម្ភសហគមន៍សេដ្ឋកិច្ចអាស៊ាន និងស្នើឱ្យប្រទេសមីយ៉ាន់ម៉ាបន្តការចូលរួមរៀបចំ និងគាំទ្រ សំដៅអាចសម្រេចបានដោយជោគជ័យក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជា។ ជាមួយគ្នានេះ លោកក៏បានជម្រាបជូនភ្ញៀវអំពីសក្តានុពលធុរកិច្ចនិងវិនិយោគនៅកម្ពុជាក៏ដូចជាយុទ្ធសាស្ត្រដ៏មុតស្រួចរបស់រាជរដ្ឋាភិបាលក្នុងការស្តារ និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងមានកំណើន ៦,៦ភាគរយ សម្រាប់ឆ្នាំ២០២៣ និង ៧ភាគរយ នៅឆ្នាំបន្ទាប់។
ជាការឆ្លើយតបភាគីមីយ៉ាន់ម៉ាបានបង្ហាញពីការប្តេជ្ញាពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងពាំនាំនូវសំណើរបស់លោករដ្ឋមន្ត្រីទៅជម្រាបជូនដឹកនាំផងដែរ។ បន្ថែមពីនេះ លោកក៏បានស្នើសុំភាគីកម្ពុជាពិនិត្យលទ្ធភាពជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗដទៃទៀត រួមមាន៖ ការចៀសវាងការយកពន្ធត្រួតគ្នានិងការជំរុញ និងការពារការវិនិយោគ រវាងភាគីទាំងពីរផងដែរ។
ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ក្នុងកិច្ចប្រជុំនោះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់ និងពិភាក្សាលើការជំរុញពាណិជ្ជកម្មទ្វេភាគី ការលើកកម្ពស់ការចូលរួមសហការឱ្យកាន់តែជិតស្និទ្ធ រវាងសភាពាណិជ្ជកម្ម និងវិស័យឯកជននៃប្រទេសទាំងពីរ តាមរយៈការផ្គូរផ្គងធុរកិច្ច ការផ្លាស់ប្តូរទស្សនកិច្ចរវាងធុរជន សកម្មភាពពិព៍រណ៌ ព្រមទាំងការកំណត់ទំនិញសក្តានុពល រវាងប្រទេសទាំងពីរក្នុងការជំរុញការនាំចេញបន្ថែមទៀត។ ពិសេសជាងនេះទៅទៀត ភាគីទាំងពីរបានសម្តែងនូវការប្តេជ្ញាចិត្តបន្តកិច្ចសហការសម្របសម្រួល និងជំរុញសកម្មភាពធុរកិច្ចនិងវិនិយោគ ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងប្រទេសទាំង២ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត៕សរន