ដោយៈ ជា សីហៈ/ភ្នំពេញៈ នាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ នៅប្រទេសសិង្ហបុរី លោក ជា ចាន់តូ ទេសាភិបាល ធនាគារជាតិនៃកម្ពុជា និង លោក ហ្វ្រង់ស័រ វីឡឺរ៉យ ឌឹ ហ្គាហូ ( François Villeroy de Galhau)ទេសាភិបាល ធនាគារកណ្តាលបារាំង បានចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងធនាគារជាតិនៃកម្ពុជា (NBC) និងធនាគារកណ្តាលបារាំង (BDF)។

ការចុះហត្ថលេខាលើអនុស្សរណៈនេះ ត្រូវបានធ្វើឡើងដោយផ្អែកលើការអនុវត្តប្រកបដោយជោគជ័យនូវអនុស្សរណៈ ដែលធនាគារកណ្តាលទាំងពីរបានចុះចាប់តាំងពីឆ្នាំ២០០៦ កន្លងមក។

អនុស្សរណៈថ្មីនេះ មានគោលបំណងលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងការពង្រឹងប្រព័ន្ធហិរញ្ញវត្ថុបន្ថែមទៀត។ អនុស្សរណៈនេះក៏នឹងជួយលើកកម្ពស់កិច្ចសហប្រតិបត្តិការជាលក្ខណៈអន្តរជាតិ និងការផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមកសំដៅបម្រើដល់ផលប្រយោជន៍នៃធនាគារកណ្តាលទាំងពីរ។

នាឱកាសនោះ លោក ហ្វ្រង់ស័រ វីឡឺរ៉យ ឌឹ ហ្គាហូ បានមានប្រសាសន៍ថា “ការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការរវាងធនាគារកណ្តាលបារាំង និងធនាគារជាតិនៃកម្ពុជានាពេលនេះ គឺជាសមិទ្ធផលថ្មីមួយក្នុងការពង្រីកទំនាក់ទំនងឱ្យកាន់តែទូលំទូលាយនិងយូរអង្វែងរវាងធនាគារកណ្តាលទាំងពីរ។ ខ្ញុំជឿជាក់ថា ការិយាល័យតំណាងរបស់ធនាគារកណ្តាលបារាំងនៅអាស៊ី នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យការអនុវត្តលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការនេះ កាន់តែមានភាពពេញលេញសម្រាប់ជាប្រយោជន៍ដល់ធនាគារកណ្តាលទាំងពីរ”។

លោក ជា ចាន់តូ បានមានប្រសាសន៍ថា៖ “ធនាគារជាតិនៃកម្ពុជា និងធនាគារកណ្តាលបារាំង បានបង្កើតទំនាក់ទំនងទ្វេភាគីយ៉ាងរឹងមាំលើភាពជាដៃគូដ៏យូរអង្វែង និងគួរឱ្យទុកចិត្ត។ ខ្ញុំជឿជាក់យ៉ាងមុតមាំថា ការចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការថ្មីនេះ នឹងពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេស ឱ្យកាន់តែគ្រប់ជ្រុងជ្រោយបន្ថែមទៀត ដើម្បីផ្តល់ប្រយោជន៍ដល់ភាគីទាំងពីរ។ ខ្ញុំក៏មានសេចក្តីសោមនស្សរីករាយចំពោះវត្តមាននៃការិយាល័យតំណាងរបស់ធនាគារកណ្តាលបារាំងប្រចាំតំបន់អាស៊ី ដែលនឹងសម្រួលដល់ការអនុវត្តអនុស្សរណៈនេះឱ្យទទួលបានផ្លែផ្កាស្របតាមគោលដៅដែលរំពឹងទុក”។