​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួរ) ៖ នាយករដ្ឋមន្ត្រី​ចិន​លោក លី កេ​ឈាំ​ង បានលើកឡើង​ពី​ហានិភ័យ​នៃ​អតិផរណា​នាំចូល ខណៈ​សេដ្ឋកិច្ច​ងើប​ឡើងវិញ ដោយ​សង្កត់ធ្ងន់ថា​ការផ្គត់ផ្គង់​គ្រាប់​ធញ្ញជាតិ​​និង​ថាមពល​គឺជា​គន្លឹះ​ក្នុង​ការរក្សា​តម្លៃ​ឱ្យ​នៅក្រោម​ការត្រួតត្រា​។​

​ទីភ្នាក់ងារ​ព័ត៌មាន​ស៊ីនហួ​ផ្លូវ​ការ​រាយការណ៍​ថា លោក​លី​បាន​និយាយ​នៅក្នុង​សិក្ខាសាលា​ជា​មួយ​សេដ្ឋវិទូ​និង​សហគ្រិន​កាលពី​ថ្ងៃ​អង្គារ ទី​១២ កក្កដា​ថា មន្ត្រី​ត្រូវតែ​”​ដោះស្រាយ​ការលំបាក​ជាច្រើន​ឱ្យ​​បាន​ត្រឹមត្រូវ​ដើម្បី​ធ្វើឱ្យមាន​ស្ថិរភាព​កំណើន​ក៏​ដូចជា​ការគ្រប់គ្រង​អតិផរណា​ផងដែរ ជាមួយ​ការយកចិត្តទុកដាក់​ផ្តោត​លើ​ការ​ទប់ស្កាត់​អតិផរណា​នាំចូល​”​។

​លោក​លី​បាន​និយាយថា តម្លៃ​នៅក្នុង​ប្រទេស​មាន “​ស្ថិរភាព​ជាទូទៅ​” និង​បាន​ផ្តល់​ការគាំទ្រ​ដល់​ស្ថិរភាព​សេដ្ឋកិច្ច​នៅក្នុង “​បរិយាកាស​អន្តរជាតិ​ដ៏​ស្មុគស្មាញ ។​ការរក្សា​ស្ថិរភាព​តម្លៃ​គ្រាប់​ធញ្ញជាតិ​និង​​ថាមពល​គឺជា​គន្លឹះ​នៃ​តម្លៃ​ដែល​មាន​ស្ថិរភាព​”​។​

​លោក​បាន​បន្ថែមថា រដ្ឋាភិបាល​នឹង​ធានា​ឱ្យបាន​នូវ​ការប្រមូល​ផលដំណាំ​ពេញ​មួយ​ឆ្នាំ​និង​ធ្វើឱ្យ​ប្រសើរឡើង​ថែមទៀត​នូវ​ការផ្គត់ផ្គង់​ធ្យូងថ្ម ដើម្បី​ទប់ស្កាត់​ការខ្វះខាត​ថាមពល​នៅ​រដូវក្តៅ​។​

​ការព្រមាន​របស់​លោក​លី​បាន​កើត​ឡើង​ក្នុង​សប្តាហ៍​តែមួយ ដែល​សហរដ្ឋ​អាម៉េរិក​បាន​រាយការណ៍​ពី​អតិផរណា​លឿន​បំផុត​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ ១៩៨០ ដែល​ជំរុញ​ឱ្យ​មាន​ការរំពឹង​ទុក​ថា​ធនាគារ​​កណ្តាល​នឹង​ដំឡើង​អត្រា​ការប្រាក់​យ៉ាង​ខ្លាំងក្លា​នៅក្នុង​ប៉ុន្មាន​ខែ​ខាងមុខ​។ ​ធនាគារ​កណ្តាល​ជា​ច្រើន​បាន​បង្ក​ការភ្ញាក់ផ្អើល​ជាមួយនឹង​ការដំឡើង​អត្រា​ការប្រាក់​ធំ​ជាង​ការរំពឹង​ទុក​ចាប់តាំងពី​ថ្ងៃ​ពុធ​មក​។​

​នាយករដ្ឋមន្ត្រី​ក៏​បាន​អំពាវនាវ​ដល់​ក្រុម​មន្ត្រី​ឱ្យ​ពន្លឿន​ការដាក់ចេញ​នូវ​កញ្ចប់​វិធានការ​ចំនួន ៣៣ ដែល​បាន​ប្រកាស​កាលពី​ចុងខែ​ឧសភា​ផងដែរ ក្នុង​គោលបំណង​ជំរុញ​សេដ្ឋកិច្ច​។​

​លោក​លី​បាន​និយាយថា “​វា​មាន​ចន្លោះ​ទំនេរ​ច្រើន​សម្រាប់​ការអនុវត្ត​គោលនយោបាយ ខណៈ​ដែល​ពួក​វា​ត្រូវបាន​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ង​មួយ​ខែ​មុន​”​។​

​លោក​និយាយថា វិធានការ​ទាំងនោះ​គួរតែ​ត្រូវបាន​អនុវត្ត​ក្នុង​លក្ខណៈ “​សម​ហេតុផល និង​សមស្រប​” ដែល “​មិន​ហួស​អនាគត​ពេក​”​។​

​លោក​លី​បាន​បង្ហើប​តម្រុយ​ថា គោលនយោបាយ​ដែល​បាន​អនុវត្ត​ពីមុន​កំពុង​ចាប់ផ្តើម​មាន​ឥទ្ធិពល​ជា​ប្រយោជន៍​ដល់​សេដ្ឋកិច្ច ដែល​លោក​និយាយ​ថា​នាំឱ្យមាន​ស្ថិរភាព​ក្នុង​ខែមិថុនា​។ ទោះយ៉ាងណា លោក​បាន​ព្រមាន​ថា គ្រឹះ​នៃ​ការ​ងើប​ឡើងវិញ​នៅ​មិនទាន់​រឹងមាំ​នៅ​ឡើយ​ទេ​៕

លោក​លី​និយាយថា​តម្លៃ​ទំនិញ​ក្នុងស្រុក​មាន​ស្ថិរភាព​ជាទូទៅ