ដោយៈបូកគោ/កំពត៖ ពេញមួយឆមាសទីមួយនៃឆ្នាំ២០២២ប្រជានេសាទទូទាំងខេត្តកំពតប្រមូលផលទឹកសាប និងទឹកប្រៃបានប្រមាណជាង១២.០០០តោន។ សកម្មភាពនេសាទដំណើរការល្អហើយអ្នកប្រកបមុខរបរនេះ ក៏មានការយល់ដឹងជាងមុនដោយបានបញ្ឈប់ការប្រើប្រាស់ឧបករណ៍ដែលច្បាប់ហាមឃាត់។
លោក ស សុរិន នាយខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពតបានប្រាប់ឲ្យដឹង ថា ឆមាសទី១នៃឆ្នាំនេះ ផលនេសាទនៅទូទាំងខេត្តដែលទទួលបានមានទម្ងន់១២.១០៣តោន។ ក្នុងនោះផលនេសាទទឹកសាបចំនួន២.៣០០តោន និងផលនេសាទសមុទ្រទម្ងន់៩.៨០៣តោន។
លោកនាយខណ្ឌបាននិយាយទៀតថា ការធ្វើវារីវប្បកម្មសមុទ្រទទួលបាន៨៦០តោន និងផលវារីវប្បកម្មទឹកសាបមានទម្ងន់៦៧តោន។ ទិន្នផលទាំងនោះបាននាំចេញជាង៣២០តោន ដោយកែច្នៃរួច ជាង១៤០តោន និងស្រស់ ជិត១៨០តោន។
លោក ស សូរិន បានបញ្ជាក់ទៀតថាខេត្តកំពតមានស្ថានីយភ្ញាស់កូនត្រី១៥កន្លែងដោយ ផលិតបានប្រមាណ៥លានក្បាល។ជាមួយនោះក៏មានធនាគារក្តាមសេះពីរកន្លែងគឺនៅសហគមន៍នេសាទត្រពាំងរពៅនិងសហគមន៍នេសាទកែបថ្មី។ពាក់ព័ន្ធការងារនេះប្រជានេសាទសហគមន៍បានប្រមូលក្តាមពងដាក់ចូលធនាគារក្តាមទម្ងន់៧៥គីឡូក្រាមស្មើនឹង១.០៥១ក្បាល។
ឮ
លោកនាយខណ្ឌបានបញ្ជាក់ថាមន្ត្រីជំនាញបានយកចិត្តទុកដាក់ខ្ពស់ក្នុងកិច្ចអភិរក្សធនធានសមុទ្រ និងបានបណ្តុះកូនកោងកាងចំនួន ២៩.៧០០ដើម ព្រមទាំងបានដាំចំនួន ១៩.៦៨៦ដើមនៅតាមសហគមន៍នេសាទទាំងប្រាំបីក្នុងខេត្ត៕សរន