ដោយៈ ភ្នំសន្ទុក / កំពង់ធំៈ កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២ លោក តិប ញតា លោក ម៉ែន វណ្ណារិទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ធំ លោក ឡង់ គីសឹង អភិបាល ស្រុកសន្ទុក និងមន្ត្រីរាជការ កងកម្លាំងចម្រុះ បានចុះប្រតិបត្តិការបង្ក្រាប និងបានឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធនឹងបទល្មើសទន្ទ្រានដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ អូរសំពង់-ភ្នំសេវា ស្ថិតនៅចំណុចភ្នំសេវា ក្នុងភូមិអូរក្រពើ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ អស់ចំនួនជាង ៣០ ហិកតា ។
លោក នាយអធិការខាងជើងបឹងទន្លេសាប បានឱ្យដឹងថា: បុរសដែលទន្ទ្រានដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើ អូរសំពង់-ភ្នំសេវា ដើម្បីយកដីធ្វើកម្មសិទ្ធិរបស់ខ្លួននោះ មានឈ្មោះ ម៉ែន ភាន់ អាយុ៥៧ឆ្នាំ មានទីលំនៅ នៅក្នុងភូមិអូរក្រពើ ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។
លោកអធិការខាងជើងបឹងទន្លេសាប បានបញ្ជាក់ថា: បុរសឈ្មោះ ម៉ែន ភាន់ នេះ គឺជាមេខ្លោង ដោយមានបក្ខពួកមួយចំនួនទៀត មានដូចជា ឈ្មោះ គន់ គឹមលី, ទូច គឹមសាន, រស់ វ៉ាន់, សាន ស្រី ហៅចែ ច្រាប ។
លោកបានបញ្ជាក់ទៀតថា: ខណ្ឌរដ្ឋបាលព្រៃឈើកំពង់ធំ ធ្លាប់បានចងក្រងសំណុំរឿង បញ្ជូនទៅតុលាការខេត្តកំពង់ធំ ម្តងរួចមកហើយ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ក៏ប៉ុន្តែមកទល់ពេលនេះ ជននេះ (ម៉ែន ភាន់) បាននាំបក្ខពួក មកទន្ទ្រានដីស្ថានីយ និងយកកូនកៅស៊ូ មកដាក់ក្នុងស្ថានីយ ដោយបង្កើតជាថ្នាលតម្កល់កូនកៅស៊ូ ចំនួនជាង ១០.០០០ ដើម ទៅ ១៥.០០០ ដើម។
លោកនាយអធិការខាងជើងបឹងទន្លេសាប បានមាន ប្រសាសន៍ថា: ការបំផ្លិចបំផ្លាញធនធានធម្មជាតិ ជាពិសេសការទន្ទ្រានយកដីស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើអូរសំពង់-ភ្នំសេវា គឺមានទោសធ្ងន់ណាស់ ដែលមិនអាចលើកលែងបានទេ។
លោកបានឱ្យដឹងថា: បច្ចុប្បន្ន បុរសនេះ រួមទាំងវត្ថុតាងជាច្រើន បានត្រូវបញ្ជូនមកកាន់សាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ចំណែកបក្ខពួកពាក់ព័ន្ធ មន្ត្រីជំនាញ កំពុងស្រាវជ្រាវ តាមប្រមាញ់ចាប់ខ្លួន យកមកផ្តន្ទាទោស តាមច្បាប់ ៕/V