​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ក្រុម​មេដឹកនាំ​របស់​បណ្តា​ប្រទេស​ដែន​កោះ​ប៉ាស៊ីហ្វិក​កាលពី​ថ្ងៃ​សុក្រ​ទី​១៥​កក្កដា​បាន​ប្រកាស​ស្ថានភាព​គ្រាអាសន្ន​អាកាសធាតុ​មួយ និង​បាន​ព្រមព្រៀង​គ្នា​ថា​នឹង​ព្យាយាម​​នាំ​ប្រទេស​គី​រី​បាទី​(Kiribati)​មក​ចូល​ក្នុង​ក្រុម​ការទូត​របស់​តំបន់​នេះ​ឡើងវិញ​។​

​គី​រី​បាទី បាន​ប្រកា​ដកខ្លួន​ចេញពី​វេទិកា​កោះ​ប៉ាស៊ីហ្វិក​ដែលមាន​១៨​ប្រទេស​នេះ​នៅ​មុន​ជំនួប​កំពូល​របស់​ក្រុម​មេដឹកនាំ​ប្រចាំ​តំបន់​នៅ​ប្រទេស​ហ្វី​ជីនៅ​សប្តាហ៍​នេះ​។​ចំណាត់ការ​នេះ​ត្រូវបាន​គេ​​មើលឃើញថា​ជា​សញ្ញា​មួយ​នៃ​ឥទ្ធិពល​របស់​ចិន​នៅក្នុង​តំបន់​។​

​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ក្រុម​មេដឹកនាំ​នៃ​វេទិកា​នេះ​បាន​«​ស្វាគមន៍​និង​គាំទ្រ​ទាំងស្រុង​»​ការប្តេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ចំពោះ​អាទិភាពស្តីពីការ​ប្រែប្រួល​អាកាសធា​តុ​របស់​វេទិកា​នេះ​។​

​អូស្ត្រាលី​ជា​ប្រទេស​មាន​ទ្រព្យធន​និង​ប្រជាជន​ច្រើន​បំផុត​ក្នុងចំណោម​សមាជិក​វេទិកា​នេះ ហើយ​បាន​ប្តេជ្ញា​កាត់បន្ថយ​ការបញ្ចេញចោល​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដល់​ទៅ​៤៣​ភាគរយ​ក្រោម​កំរិត​ឆ្នាំ​២០០៥​នៅ​​យ៉ាងយូរ​ត្រឹម​ចុង​ទសវត្សរ៍​នេះ ។​

​ខ​មួយទៀត​ក្នុង​សេចក្តីថ្លែងការណ៍​ទទូច​ប្រទេស​ទាំងអស់​ក្នុង​ក្រុម​នេះ​បង្ហាញ​វឌ្ឍនភាព​ជាក់ច្បាស់​អំពី​ការ​ប្រែក្លាយ​ការសន្យា​និង​ការ​តាំងចិត្ត​ទៅ​ជា​សកម្មភាព​ជាក់ស្តែង ដោយ​ទប់​ការឡើង​កំដៅ​ផែនដី​​អោយនៅ​១,៥​អង្សា​សេ​។​

​ក្រុម​មេដឹកនាំ​នៃ​វេទិកា​កោះ​ប៉ាស៊ីហ្វិក ថត​រួមគ្នា​មុន​បើក​កិច្ចប្រជុំ​នៅ​ក្រុង​ស៊ូ​វ៉ា ប្រទេស​ហ្វី​ជី កាល​ពី​ថ្ង​ថៃ​១៤​កក្កដា

​ពួក​មេដឹកនាំ​ដែល​ប្រទេស​របស់​គេ​កំពុង​ប្រឈម​ការ​គំរាម​អំពី​ការឡើង​កំដៅ​ផែនដី គិត​ថា​ការប្រែប្រួល​អាកាសធាតុ​ជា​ហានិភ័យ​សន្តិសុខ​ធំ​បំផុត​របស់​គេ និង​បាន​ប្រកាស​ស្ថានភាព​គ្រាអាសន្ន​អាកាស​​ធាតុ​។​

​ឯកភាព​ប៉ាស៊ីហ្វិក​ជា​ប្រធានបទ​សំខាន់​មួយទៀត​សំរាប់​ក្រុម​មេដឹកនាំ​ប៉ាស៊ីហ្វិក ក្រោយ​គី​រី​បាទី​ដកខ្លួន​ចេញ​។​

​អូស្ត្រាលី​និង​នូវ៉ែល​សេ​ឡង់ នឹង​ផ្តល់មូនិ​ធិ​សំរាប់​កិច្ចព្រមព្រៀង​ក្រុង​ស៊ូ​វ៉ា ដោយ​ត្រូវ​ធ្វើ​ការកែ​ទំរង់​វេទិកា​នេះ​និង​បង្កើន​កិច្ចខិតខំ​ការទូត​ថ្មី​ដើម្បី​នាំ​គី​រី​បាទី​មក​ចូល​ក្នុង​ក្រុមវិញ​។​

​ចិន​មិន​ត្រូវ​បាន​និយាយ​​ក្នុង​សេចក្តីថ្លែងការណ៍​នេះ ​តែ​ឥទ្ធិពល​កាន់តែខ្លាំង​ឡើង​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ជា​កម្មវត្ថុ​នៃ​ការពិភាក្សា​ដ៏​ច្រើន​ក្នុងចំណោម​មេដឹកនាំ​នៅ​ទីនោះ​។​អា​ម៉េ​​រិក​និង​អូស្ត្រាលី រួម​ទាំង​នូវ៉ែល​សេ​ឡង់ ស្ថិត​ចំណោម​អ្នក​រិះគន់​ខ្លាំងៗ​ជាង​គេ​ចំពោះ​កិច្ចព្រមព្រៀង​សន្តិសុខ​មួយ​រវាង​ចិន​និង​កោះ​សូ​ឡូ​ម៉ុន ដែល​ជា​ម្ចាស់ផ្ទះ​នៃ​ជំនួប​កំពូល​របស់​វេទិកា​នេះ​នៅ​ឆ្នាំក្រោយ​៕