ដោយៈទេពកង្រី/កំពង់ឆ្នាំង៖នៅថ្ងៃទី១៥កក្កដា២០២២ស្ថានភាពទឹកភ្លៀងនៅតែបន្តធ្លាក់ចុះនៅគ្រប់ទីកន្លែងក្នុងខេត្តកំពង់ឆ្នាំងទាំងនៅពេលថ្ងៃ។តំបន់ខ្លះទៀតភ្លៀងបានបន្តធ្លាក់តាំងពីពេលយប់ដល់ពេលថ្ងៃធ្វើឱ្យទឹកស្ទឹងខាងលើហូរជន់ធ្លាក់មកបឹងធំខាងក្រោម។ទន្ទឹមនេះទ្វារទឹកបង្ហៀរនៅចំណុចទំនប់បារាំងនៃក្នុងភូមិកណ្តាល សង្កាត់ផ្សាឆ្នាំងក្រុងកំពង់ឆ្នាំងទឹកបានហូរចុះមកកាន់ទន្លេនិងបានកាត់ផ្តាច់ផ្លូវនៅទំនប់បង្ហៀទឹកមួយកន្លែងដែលជាផ្លូវតភ្ជាប់មកកាន់ទៅផ្សារនៅក្រុងកំពង់ឆ្នាំងផងដែរ។
លោក ដោក ប៊ុនថុន ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ឆ្នាំងឲ្យដឹងនៅរសៀលថ្ងៃទី១៥ ខែកក្កដា នេះថាកម្ពស់ទឹកទន្លេនៅស្ថានីយជលសាស្ត្រផ្សារក្រោមមានកម្ពស់៥,២១ម៉ែត្រ បើធៀបនឹងថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១ទឹកទន្លេមានកម្ពស់៣,៥០ម៉ែត្រ។ដោយឡែកស្ថានភាពទឹកភ្លៀងធ្លាក់មានបួនស្រុកក្នុងនោះមានកម្រិត៤១មីលីម៉ែត្រនៅស្រុកបរិបូរណ៌។
អភិបាលខេត្តកំពង់ឆ្នាំងលោក ស៊ុន សុវណ្ណារិទ្ធ ក៏ដូចជាប្រធានមន្ទីរធនធានទឹកខេត្តក្រើនរំលឹកដល់ បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ឆ្នាំងទាំងអស់សូមឱ្យមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះធម្មជាតិនានា
ដែលអាចកើតឡើងជាយថាហេតុ ។
សូមបញ្ជាក់ថានៅក្នុងខែកក្កដា២០២២នេះបើទោះជាមានភ្លៀងខ្យល់កន្ត្រាក់បង្កឡើងជាញឹកញាប់តែនៅមិនទាន់បង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សសត្វទេ៕សរន
ទិដ្ឋភាពអួរអាប់នៅខេត្តកំពង់ឆ្នាំងនៅថ្ងៃទី១៥ខែកក្កដានេះ(រូបថតទេពកង្រី)
ទិដ្ឋភាពទឹកនៅខេត្តកំពង់ឆ្នាំងថ្ងៃទី១៥ខែកក្កដា( រូបថតទេពកង្រី)