ដោយៈ​វៃ​កូ​/​ស្វាយរៀង​៖​លោក លឹម សៀង​ហេង អភិបាលក្រុង​បាវិត​រួម​និង​លោក លោកស្រី​ជា​អភិបាលរង លោកនាយក​រដ្ឋបាល​ក្រុង​ប្រធានការិយាល័យ​ចំណុះ​ទាំង​១៣​នៃ​ក្រុង​បាវិត​និង​មន្ត្រីរាជការ​ក្នុង​សាលាក្រុង​បាវិត​កាលពី​ព្រឹក​ថ្ងៃ​សុក្រ​ទី​១៥ ខែកក្កដា ឆ្នាំ​២០២២​បាន​អញ្ជើញ​រៀបចំ​ពិធី​ក្រុង​ពាលី ស្ថាបនា​ផ្លូវ​បេតុង​មួយ ខ្សែ ប្រវែង​ជាង​២០០​ម៉ែត្រ​និង​សាងសង់​ខ្លោងទ្វារ​ចូល​សាលាក្រុង​បាវិត​។​សមិទ្ធិ​ប្រើប្រាស់​ថវិកា​គម្រោង​មូលនិធិ​សាលាក្រុង​បាវិត ក្នុង​ឆ្នាំ​២០២២​។

​ក្នុងឱកាស​នេះ​លោក​អភិបាលក្រុង​បាវិត​បាន​បញ្ជាក់ថា​សមិទ្ធ​ផល​ដែល​នឹង​លេចចេញ​ជា​រូបរាង​នៅពេល​ខាងមុខនេះ​ដើម្បី​កែលំអ​សោភ័ណភាព​កន្លែងធ្វើការ​របស់​មន្ត្រី​សាលាក្រុង​ឱ្យ​ស័ក្តិ​សមជា​កន្លែង​បម្រើ​ប្រជាពលរដ្ឋ​និង​​ដើម្បី​មន្ត្រី​បំពេញការងារ​កាន់តែ​ទទួលបាន​នូវ​អារម្មណ៍​ស្រស់ថ្លា​ប្រកបដោយ​ផាសុកភាព​។​

​ដោយឡែក​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង​២៤០​ម៉ែត្រ​ទទឹង​៦​ម៉ែត្រ​កម្រាស់​មួយ​តឹក​កន្លះ​ដែល​កំពុង​ស្ថាបនា​នាពេល​គឺ​ដើម្បី ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​របស់​មន្ត្រី​រាជការ​ទូទៅ ប្រជាពលរដ្ឋ​នានា កងកំលាំង​គ្រប់​ប្រភេទ ភ្ញៀវ​ជិត​ឆ្ងាយ​ទាំងអស់​ដែល​មក​ទំនាក់ទំនង​សាលាក្រុង​បាវិត​។​

​សូមបញ្ជាក់​ផងដែរ​ថា​ការដ្ឋាន​ដែល​សាងសង់​នាពេលនេះ​គឺជា​សមិទ្ធផល​ថ្មី​មួយ​បន្ថែមទៀត​សំរាប់​រដ្ឋបាល​ក្រុង​បាវិត​ដែល​បាន​កំពុងអភិវឌ្ឍន៍​លើ​គ្រប់​វិស័យ​ព្រមទាំង​វិស័យ​ឯកជន​ផ្សេងៗ​រួមមាន រោងចក្រ សហគ្រាស មណ្ឌល​កម្សាន្ត បង្កើត​ឱកាស​ការងារ​ដល់​កូនចៅ​ប្រជាពលរដ្ឋ​ប្រមាណ​ជិត​១០​ម៉ឺន​នាក់​៕​សរន​