ដោយ៖ ដេប៉ូ / ភ្នំពេញ៖ នៅក្នុងយុទ្ធនាការ ៩០ថ្ងៃ នេះ គឺមានសារៈសំខាន់ណាស់ ក្នុងការបង្កើនភាពជាដៃគូ ជាមួយសហជីពមូលដ្ឋាន ក្នុងន័យផ្សព្វផ្សាយរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន ឲ្យបានទូលំទូលាយ ពីកាតព្វកិច្ច និងអត្ថប្រយោជន៍ ដែលទទួលបាននៅពេលដល់អាយុចូលនិវត្តន៍។ នេះជាការថ្លែងបញ្ជាក់ពីសំណាក់ លោក អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាល ប.ស.ស.។
ថ្លែងក្នុងកិច្ចប្រជុំលើកទី៤ នៃយុទ្ធនាការ ៩០ថ្ងៃ នៃពិធីផ្សព្វផ្សាយរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធន សម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារ រៀបចំធ្វើឡើង នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ លោក អ៊ិត សំហេង បានគូសបញ្ជាក់ថា: នៅក្នុងរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធន ជាកាតព្វកិច្ចនេះ នៅពេលដែលបងប្អូន ដល់អាយុចូលនិវត្តន៍ ក៏មានរបបសន្ដិសុខសង្គម ផ្នែកថែទាំសុខភាពផងដែរ ដូច្នេះបន្ទាប់ពីបងប្អូនចូលនិវត្តន៍ គឺមិនបារម្ភនៅពេលមានជំងឺ ត្រូវចំណាយទៅលើការព្យាបាលឡើយ ដែលនេះជាការយកចិត្តទុកដាក់ខ្ពស់បំផុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយគតិបណ្ឌិត និងឈ្លាសវៃបំផុត ពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមិនប្រកាន់វណ្ណៈ ប្រកាន់បក្ខពួក ឬនិន្នាការនយោបាយរបស់ក្រុមបក្សប្រឆាំង និងបក្សកាន់អំណាចឡើយ។
ទាក់ទិនទៅនឹងជំងឺកូវីដ-១៩ កំពុងលេចវត្តមានជាថ្មី នៅកម្ពុជា លោក រដ្ឋមន្ដ្រីក្រសួងការងារ បានធ្វើការក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនកម្មករ និយោជិត និងនិយោជក ត្រូវចូលរួមការពារខ្លួនតាមវិធានសុខាភិបាល ឲ្យបានម៉ត់ចត់ ជាពិសេសត្រូវទៅទទួលយកវ៉ាក់សាំង នៅតាមទីតាំងដែលបានរៀបចំ ដើម្បីឲ្យអត្រាអ្នកចាក់ដូសជំរុញ មានភាពស៊ាំ នៅក្នុងសហគមន៍ កាន់តែច្រើន ហើយជាពិសេសទៀត ត្រូវអនុវត្តឱ្យបានជាប់ជាប្រចាំ នូវប្រសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។
តាមរយៈពិធីផ្សព្វផ្សាយនេះដែរ លោករដ្ឋមន្ត្រី ក៏បានបន្ដសំណូមពរយ៉ាងទទូច ទៅកាន់តំណាងនិយោជក ដែលបានចូលរួមក្នុងពិធីផ្សព្វផ្សាយ នាពេលនេះ សូមមេត្តាយកចិត្តទុកដាក់ស្ដាប់ និងសួរនូវរាល់ចំងល់ទាំងឡាយពាក់ព័ន្ធទៅនឹងរបបសន្ដិសុខសង្គម ផ្នែកប្រាក់សោធនថ្មីនេះ ដើម្បីអាចផ្សព្វផ្សាយបន្ត អំពីកាតព្វកិច្ច និងអត្ថប្រយោជន៍ នៃរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធននេះ ឱ្យបានទូលំទូលាយ ប្រកបដោយភាពត្រឹមត្រូវ ច្បាស់លាស់ ធ្វើយ៉ាងណា ឱ្យមានការចូលរួមអនុវត្តកាតព្វកិច្ច ស្របតាមច្បាប់ ស្តីពីរបបសន្តិសុខសង្គម ពេញលេញ ប្រកបដោយភាពពេញចិត្ត និងរីករាយសាទរ ជៀសវាងការទទួលនូវការញុះញង់ ការទទួលព័ត៌មានមិនពិត ពីក្រុមជនអគតិ មួយចំនួនតូច៕/V