ដោយ: ភ្នំខៀវ / បាត់ដំបង: បុរសម្នាក់ បើកបរត្រាក់ទ័រក្រឡាប់សង្កត់លើ បណ្តាលឲ្យស្លាប់ រំលងមួយយប់ ទើបបានគេដឹង បង្កឱ្យមានការភ្ញាក់ផ្អើល។
ហេតុការណ៍ភ្ញាក់ផ្អើល ក្រោយការប្រទះឃើញសាកសពត្រូវត្រាក់ទ័រសង្កត់ពីលើស្លាប់នេះ បានកើតឡើង នៅវេលាម៉ោង ១០ ព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅត្រង់ចំណុចក្បែរដីចម្ការ ក្នុងភូមិអូរតាសុខ ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។
ជនរងគ្រោះមានឈ្មោះ ញឹក សារិត ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិ ឃុំកើតហេតុខាងលើ។
សាច់ញាតិជនរងគ្រោះ បានបញ្ជាក់ថា: នៅល្ងាចថ្ងៃកើតហេតុ ពួកគាត់ចេះតែងឿងឆ្ងល់ និងចាំមើលផ្លូវ ព្រោះមិនបានឃើញជនរងគ្រោះ វិលត្រឡប់មកផ្ទះវិញដូចសព្វមូយដង ដោយយប់ពេក ទើបមិនបានដើររក។ រហូតដល់ព្រឹកឡើង នៅថ្ងៃទី១៥ ខែកក្កដា សាច់ញាតិមានការសង្ស័យ ក៏នាំគ្នាទៅរកមើល ហើយក៏បានប្រទះឃើញត្រាក់ទ័រក្រឡាប់ចូលទៅក្នុងអូរ ចន្លោះកំណាត់ផ្លូវ ពីចម្ការមកផ្ទះ។
ក្រោយហេតុការណ៍ កើតឡើងភ្លាម សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យរួច សន្និដ្ឋានថា គ្រោះថ្នាក់ក្រឡាប់ត្រាក់ទ័រនេះ អាចកើតឡើង នៅល្ងាចថ្ងៃទី១៤ កក្កដាពេលដែលជនរងគ្រោះ បញ្ចប់ការងារភ្ជួររាស់ ហើយត្រឡប់មកផ្ទះវិញ។
ក្រោយបានពិនិត្យទីតាំងកើតហេតុរួច នគរបាលជំនាញ បានប្រគល់សាកសពឲ្យទៅសាច់ញាតិ ក្រុមគ្រួសារ ដើម្បីចាត់ចែងធ្វើបុណ្យ តាមប្រពៃណី៕/V