សភាពាណិជ្ជកម្ម​អឺរ៉ុប​ត្រៀម​បើក​ពិ​ព័រ​ណ៌​លើកដំបូង​នៅ​កម្ពុ​ជានា​សប្តាហ៍​ក្រោយនេះ​

1654
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: នេះ​ជា​លើកដំបូង​ហើយ​ដែល​សភាពាណិជ្ជកម្ម​អឺរ៉ុប (EuroCham) គ្រោង​បើក​ការតាំងពិព័រណ៍​ផលិតផល​មកពី​អឺរ៉ុប ជា​លើកដំបូង​នៅក្នុង​ប្រទេស​កម្ពុជា ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៩ ខែមិថុនា ដល់​ថ្ងៃទី​០១ ខែកក្កដា​ខាងមុខនេះ នៅ​មជ្ឈមណ្ឌល​ពិព័រណ៍​កោះ​ពេជ្រ រាជធានី​ភ្នំពេញ​។​

​លោក អារ​ណូ ដាក (Arnaud DARC) ប្រធានសភា​ពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា បានលើកឡើង ក្នុង​សន្និសីទកាសែត​ស្តីពី​ការតាំងពិព័រណ៍​ផលិតផល​មកពី​អឺរ៉ុប (EuroFair) នៅ​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា​ឆ្នាំ​២០១៨​នេះ​ថា គោលបំណង​នៃ​ការតាំង​ពិ​ព័រ​ណ៌​នាពេលខាងមុខ នឹង​ជំរុញ​ពង្រីក​និង​បង្កើត​ទំនាក់ទំនង ក៏ដូចជា​ពង្រឹង​ចំណងមិត្តភាព រវាង​កម្ពុជា​និង​អឺរ៉ុប​សម្រាប់​បច្ចុប្បន្ន​ក៏​ដូ​ជា​សម្រាប់​អនាគតកាល​។

​លោក​បាន​បន្តថា នៅក្នុង​ព្រឹត្តិការណ៍​នោះ​គឺមាន​ក្រុមហ៊ុន​ប្រមាណ​ជាង​៤០​មកពី​អឺរ៉ុប នឹង​នាំ​ផលិតផល ដូចជា​៖ គ្រឿងយន្ត គ្រឿងសង្ហារិម សិប្បកម្ម សំលៀកបំពាក់ គ្រឿង​ម៉ាស៊ីន គ្រឿង​បរិក្ខា​សុខាភិបាល គ្រឿង​ម៉ាស៊ីន ម្ហូបអាហារ និង​ផលិតផល​ជាច្រើន​ទៀត​មក​ចូលរួម​តាំង​បង្ហាញ ហើយ​នេះ​ក៏​ជា​ឱកាស​មួយ​ដ៏​វិសេសវិសាល​សម្រាប់​ក្រុមហ៊ុន​ធុរកិច្ច​និង​អ្នកប្រើប្រាស់ ដែល​អាចមក​ជួបគ្នា​ស្វែងយល់​ឲ្យ​បាន​កាន់តែ​ច្រើនឡើង​អំពី​បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ដែល​ផលិត​និង​ផ្តល់​សេវាកម្ម​នានា​ជូន​អ្នកប្រើប្រាស់​ទាំង​នៅ​កម្ពុជា ក៏ដូចជា​នៅ​បរទេស​ដែរ​។ ការបញ្ជាក់​បន្ថែម​រប​ស់លោក​ប្រធាន​។​

​សូមបញ្ជាក់ថា ចំពោះ​ព្រឹ​ត្ត​ការណ៍​ពិព័រណ៍​ខាងលើនេះ ត្រូវបាន​រៀបចំឡើង​ដោយ​សភាពាណិជ្ជកម្ម​អឺរ៉ុប​នៅ​កម្ពុជា និង​ចូលរួម​ឧបត្ថម្ភ​ដោយ​ក្រុមហ៊ុន​ព្រលានយន្តហោះ​កម្ពុជា (Cambodia Airports)​។ ព្រឹត្តិការណ៍​នេះដែរ​ក៏​នឹង​មានការ​អ​ញ្ញើញ​ចូលរួម​ពី​សភាពាណិជ្ជកម្ម​ជាតិ​នៃ​បណ្តា​ប្រទេស​នៅ​អឺរ៉ុប និង​សមាគម​ធុរកិច្ច​ចំនួន​០៥​នៅ​កម្ពុជា​ផងដែរ រួមមាន​៖ សភាពាណិជ្ជកម្ម​បារាំង​(CCIFC) សភាពាណិជ្ជកម្ម​អាល្លឺម៉ង់​(ADW) សភា​ពាណិជ្ជ​អង់គ្លេស​(BritCham) សភាពាណិជ្ជកម្ម​អ៊ីតាលី​(ICBA) និង​សភាពាណិជ្ជកម្ម​កម្ម​អឺរ៉ុប​ខាងជើង​(Nordcham ប្រទេស​ន័​រ ដា​ណឺ​ម៉ាក ស៊ុយ​អ៊ែត ហ្វាំ​ង​ឡង់ និង​អ៊ី​ស្លង់​។​

​ទាក់ទង​នឹង​ព្រឹ​ត្ត​ការណ៍​នេះ លោក Eric DELOBEL នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ព្រលានយន្តហោះ​កម្ពុជា (Cambodia Airport)​ឲ្យ​ដឹងថា ការចូលរួម​គាំទ្រ​ដល់​ការរៀប​ចំនេះ​ដោយសារ​ក្រុមហ៊ុន​លោក គឺជា​ក្រុមហ៊ុន​វិនិយោគ​អឺរ៉ុប​មួយ​ដែល​លេចធ្លោ​ជាងគេ និង​ជា​ក្រុមហ៊ុន​មួយ​ដែល​ចូលមក​វិនិយោគ​មុនគេ​នៅ កម្ពុជា​។ លោក​សង្ឃឹម​ទៀតថា ពិ​ព័រ​ណ៌​នេះ​នឹង​ត្រួស​ត្រាយផ្លូវ​សម្រាប់​ភាពជា​ដៃគូ​នៅ​ថ្ងៃ​អនាគត រវាង​ក្រុមហ៊ុន​អឺរ៉ុប និង​ក្រុមហ៊ុន​កម្ពុជា​ក៏ដូចជា​ការបង្កើន​ភាព​ល្បីល្បាញ នៃ​ឈ្មោះ​ក្រុមហ៊ុន​អឺរ៉ុប​នៅ​កម្ពុជា​ដែរ​៕

ទីតាំងផ្សាយពាណិជ្ជកម្ម