ដោយៈមុនី​រ័ត្ន​/​ភ្នំពេញ​៖​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រា​១៩​ថ្មី (​មួយ​) មាត្រា ៨៩ មាត្រា ៩០​ថ្មី មាត្រា ១០២​ថ្មី មាត្រា ១១៩​ថ្មី (​មួយ​) និង​មាត្រា ១២៥​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា ៣​ថ្មី និង​មាត្រា ៤​ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ បាន​បញ្ជូន​ទៅដល់​រដ្ឋ​សភា​ហើយ​។ បន្ទាប់ពី​ទទួលបាន​សេចក្តីព្រាងច្បាប់ គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា នឹង​កោះប្រជុំ​នៅ​សប្តាហ៍​ក្រោយ​ដើម្បី​ពិនិត្យ និង​ឲ្យ​គណៈកម្មការ​ជំនាញ​សិក្សា​។


លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា(រូបថត ឯកសារ)

​លោក ឡេង ប៉េងឡុង អ្នកនាំពាក្យ​រដ្ឋសភា​បាន​មានប្រសាសន៍ប្រាប់​រស្មី​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​១៥​ខែកក្កដា​ថា គណៈរដ្ឋមន្ត្រី​បាន​បញ្ជូន​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រាមួយ​ចំនួន​មកដល់​រដ្ឋសភា​ហើយ​កាលពី​ថ្ងៃទី​១៣​ខែកក្កដា​។​បន្ទាប់ពី​បានទទួល​ហើយ​រដ្ឋសភា​នឹង​ធ្វើតាម​នីតិវិធី​នឹង​ប្រជុំ​គណៈ​ក​ម្មា​ធិ​ោ​ការ​អចិន្ត្រៃយ៍​ដើម្បី​ពិនិត្យ​មើលថា​តើ​ច្បាប់​នេះ​នឹង​បញ្ជូនទៅ​គណៈកម្មការ​ជំនាញ​ដើម្បី​សិក្សា​ស្រាវជ្រាវ​។​បន្ទាប់ពី​សិក្សា​ស្រាវជ្រាវ​រួច​គណៈកម្មការ​ជំនាញ​ត្រូវធ្វើ​របាយការណ៍​ដើម្បី​ស្នើ​ដាក់ជូន​សភាពេញអង្គ​ដើម្បី​ពិនិត្យ និង​អនុម័ត ។​

​អ្នកនាំពាក្យ​រដ្ឋសភា​បាន​បញ្ជាក់ថា គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា​គ្រោង​នឹង​កោះប្រជុំ​នៅ​សប្តាហ៍​ក្រោយ ដើម្បី​ពិនិត្យ​លើ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី​វិសោធនកម្ម​មាត្រាមួយ​ចំនួន​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​គួរ​រំលឹក​ដែរ​ថា ផ្អែក​តាម​អនុសាសន៍​ដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​បានធ្វើ​សន្និសីទ​សារព័ត៌មាន កាលពី​រសៀល​ថ្ងៃទី​១៤ ខែកក្កដា ដើម្បី​បង្ហាញ​ដល់​អ្នកសារព័ត៌មាន ក៏ដូចជា​សាធារណជន​អំពី​គោលបំណង និង​ខ្លឹមសារ​នៃ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ដែលជា​សំណើ​ធ្វើ​វិសោធនកម្ម​លើក​ទី​១០​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​នេះ​ត្រូវបាន​សម្រេច​ឯកភាព​ដើម្បី​សុំ​ការអនុម័ត​ពី​ស្ថាប័ន​នីតិប្បញ្ញត្តិ​ក្នុងសម័យ​ប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២២ កន្លងទៅ និង​ដែលមាន​ខ្លឹមសារ​ធ្វើ​វិសោធនកម្ម​ចំនួន ៨ មាត្រា ដែលមាន​ដូចជា មាត្រា​១៩​ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨​ថ្មី មាត្រា​១០២​ថ្មី មាត្រា​១១៩​ថ្មី​(​មួយ​) និង​មាត្រា​១២៥​ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣​ថ្មី និង​មាត្រា​៤​ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​។​

​ទន្ទឹមនេះ​កាលពី​ថ្ងៃទី​១៣​ខែកក្កដា ក្រុមប្រឹក្សាធម្មនុញ្ញ ក្រោម​អធិបតីភាព​របស់​កិត្តិ​នីតិកោសល​បណ្ឌិត អ៊ឹម ឈុនលឹម​ប្រធាន​ក្រុមប្រឹក្សាធម្មនុញ្ញ​បាន​បើក​កិច្ចប្រជុំពេញអង្គ​ដើម្បី​ពិនិត្យ​និង​រៀបចំ​សេចក្តីក្រាបបង្គំទូលថ្វាយ​មតិ​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ថ្វាយ​ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជណាចក្រ​កម្ពុជា​ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​ទ្រង់​ពិគ្រោះ​មតិ​ក្រុមប្រឹក្សាធម្មនុញ្ញ​តាមរយៈ​ព្រះរាជសារ ចុះ​ថ្ងៃទី​០៨ ខែកក្កដា ឆ្នាំ​២០២២ ចំពោះ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​ស្តីពី វិសោធនកម្ម​មាត្រា​១៩ ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨ ថ្មី មាត្រា​១០២ ថ្មី មាត្រា​១១៩ ថ្មី​(​មួយ​) និង​មាត្រា​១២៥ ថ្មី​នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជា​ណា ចក្រ​កម្ពុជា​និង​មាត្រា​៣​ថ្មី​និង​មាត្រា​៤​ថ្មី​នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម​សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​។​

​ជា​លទ្ធផល​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សាធម្មនុញ្ញ បាន​ក្រាបបង្គំ​ទូលថ្វាយ​ព្រះមហាក្សត្រ ដោយ​ផ្អែកលើ​មាត្រា​១៥៣​ថ្មី (​ពីរ មាត្រា​១៥១​ថ្មី​) មាត្រា​១៥៤​ថ្មី (​ពីរ មាត្រា ១៥២​ថ្មី​) និង​មាត្រា​១៥៥​ថ្មី (​ពីរ មាត្រា​១៥៣​ថ្មី​) នៃ​រដ្ឋធម្មនុញ្ញ ការស្នើសុំ​ធ្វើ​វិសោធនកម្ម​មាត្រា ១៩​ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨ ថ្មី មាត្រា​១០២ ថ្មី មាត្រា​១១៩ ថ្មី​(​មួយ​) និង​មាត្រា​១២៥ ថ្មី នៃ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​មាត្រា​៣ ថ្មី និង​មាត្រា​៤ ថ្មី​នៃ​ច្បាប់​ធម្មនុញ្ញ បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ អាចធ្វើ​ទៅបាន គឺ​ស្របតាម​បរិបទ​នៃ​សភាព ការណ៍​ជាក់ស្ដែង និង​ពុំមាន​អ្វី​ប៉ះពាល់​ដល់ ប្រព័ន្ធ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​របបរាជានិយម អាស្រ័យ​ដោយ​រដ្ឋធម្មនុញ្ញ ព្រមទាំង​ធ្វើឡើង​នៅពេល​ប្រទេសជាតិ​មិន​ឋិត​ក្នុង​ភាពអាសន្ន​។​

​គួរ​បញ្ជាក់ថា “​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ​” ត្រូវបាន​កិច្ចប្រជុំពេញអង្គ​គណៈរដ្ឋមន្ត្រី ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ថ្ងៃទី​៨ ខែកក្កដា ឆ្នាំ​២០២២ បានសម្រេច​អនុម័ត​ទាំងស្រុង​៕​សរន​