ដោយៈមុនីរ័ត្ន/ភ្នំពេញ៖លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ទទួលបន្ទុកខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ និងជាតំណាងលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តរបស់គណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែង កាលពីព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។
ថ្លែងក្នុងឱកាសបើកកិច្ចប្រជុំ លោក ស សុខា ក្នុងនាមលោកហ៊ុន ម៉ានី បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ ស.ស.យ.ក. ខេត្ត ស្រុក ក្រុង ក្រុមការងារចុះជួយសមាជិក សមាជិកា ស.ស.យ.ក. ទូទាំងខេត្តព្រៃវែង ដែលបានខិតខំប្រឹងប្រែងប្រកបដោយការទទួលខុសត្រូវ និងការចូលរួមចំណែកយ៉ាងសកម្មក្នុងការដឹកនាំអនុវត្តការងារមានភាពល្អប្រសើរ និងទទួលបាននូវការចាប់អារម្មណ៍ ព្រមទាំងការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាឪពុកម្តាយ អាណាព្យាបាល និងសិស្សានុសិស្សផងដែរ ។
លោកបានស្នើថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រៃវែង ឲ្យបង្កើនកិច្ចសហការល្អជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក្រុមការងារចុះជួយមូលដ្ឋាន អាជីវករ ដើម្បីឲ្យដំណើរការសកម្មភាព ស.ស.យ.ក. ខេត្តព្រៃវែង កាន់តែល្អប្រសើរថែមទៀត ។ ក្នុងនោះដែរ សូមសហការជាមួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តព្រៃវែង ដើម្បីបើកវគ្គបំប៉នមុខវិជ្ជាសំខាន់ៗដល់សិស្សថ្នាក់ទី១២ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នាពេលខាងមុខ ។
លោកស សុខា ក៏បានស្នើឲ្យថ្នាក់ដឹកនាំ សមាជិក សមាជិកា ស.ស.យ.ក. ខេត្តព្រៃវែង ក៏ដូចជា ស.ស.យ.ក. ទូទាំងប្រទេស បន្តផ្សព្វផ្សាយនូវសារអប់រំសុខភាពរបស់ក្រសួងសុខាភិបាល ដើម្បីការពារ បង្ការ និងទប់ស្កាត់ពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសជំរុញឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ទៅទទួលការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ឲ្យបានគ្រប់ដូស តាមដំណាក់កាលដែលរាជរដ្ឋាភិបាល ផ្តល់ជូន ។
បើតាមរបាយការណ៍របស់លោក ខៀវ ភារិទ្ធ ប្រធានគណៈកម្មាធិការស.ស.យ.ក. ខេត្តព្រៃវែងក្នុងរយៈពេល ១ឆមាស ឆ្នាំ២០២២ នេះ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានចូលរួមអនុវត្តសកម្មភាព ជាច្រើនដូចជា ៖ សកម្មភាពការងារជួយដល់សង្គម ការងារមនុស្សធម៌ បរិស្ថាន អប់រំ កីឡា សាសនា ជាពិសេសបានចូលរួមអនុវត្តក្នុងការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋអំពីការការពារ និងការទប់ស្កាត់ពីការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ។
សូមបញ្ជាក់ថា ក្នុងរយៈពេលមួយឆមាសឆ្នាំ២០២២ នេះ ស.ស.យ.ក.ខេត្តព្រៃវែង បានជួយដល់គ្រួសារក្រីក្រ ក្មេងកំព្រា ចាស់ជរា អ្នកមានជំងឺ ស្ត្រីឆ្លងទន្លេ និងចូលរួមបុណ្យសព សរុបចំនួន ៣៦៨គ្រួសារ ការងារសង្គម ចំនួន ៦៧លើក ការងារមនុស្សធម៌ ចំនួន ១០៥លើក ការងារសង្កេតការណ៍បោះឆ្នោត រៀបចំកិច្ចប្រជុំ និងកម្មវិធីនានា សរុបចំណាយក្នុងរយៈពេល ៦ខែ អស់ថវិកា ចំនួន ៤២៣ ២៣០ ៥០០រៀល និង ៦ ៦៦៥ដុល្លារ៕សរន