ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ រុស្ស៊ីកាលពីថ្ងៃសុក្រទី១៥កក្កដា បានហាមសមាជិកសភាជប៉ុន៣៨៤នាក់មិនអោយចូលក្នុងទឹកដីរបស់ខ្លួន នៅក្នុងការឆ្លើយតបទៅនឹងការដែលរដ្ឋាភិបាលទីក្រុងតូក្យូសហការជាមួយទណ្ឌកម្មអន្តរជាតិប្រឆាំងនឹងខ្លួនដោយសារតែសង្គ្រាមនៅអ៊ុយក្រែន។
ក្រសួងការបរទេសរុស្ស៊ីបានដាក់សមាជិកសភាជប៉ុនក្នុងបញ្ជីខ្មៅ ដាក់ឈ្មោះពួកគេក្នុងគេហទំព័ររបស់ខ្លួននិងចោទប្រកាន់ពួកគេថា«ប្រកាន់យកឥរិយាបទអមិត្តប្រឆាំងរុស្ស៊ី ជាពិសេសជប៉ុនបានធ្វើការចោទប្រកាន់គ្មានមូលដ្ឋានប្រឆាំងប្រទេសរបស់យើងពាក់ព័ន្ធនឹងប្រតិបត្តិការយោធាពិសេសនៅអ៊ុយក្រែន»។
រុស្ស៊ីកាលពីថ្ងៃ០១កក្កដាក៏បានចេញក្រិតមួយដើម្បីផ្ទេរភាគហ៊ុនរបស់ជប៉ុននៅក្នុងគំរោងប្រេងនិងហ្គាស Sakhalin-2នៅកោះសាខាលីន(Sakhalin)នៅចុងបូព៌ារបស់រុស្ស៊ីទៅកាន់ការីរុស្ស៊ីមួយផងដែរ។
គំរោងនេះភាគច្រើនបញ្ជូនឧស្ម័នធម្មជាតិ(ហ្គាស)ទៅកាន់ជប៉ុន។
រដ្ឋាភិបាលទីក្រុងតូក្យូមុននេះបានបង្ហាញសញ្ញាថាខ្លួនសង្ឃឹមរក្សាទុកភាគហ៊ុននេះ ដោយថាការចូលរួមក្នុងគំរោងនេះមានសារសំខាន់សំរាប់សន្តិសុខថាមពលរបស់ខ្លួន នៅពេលជប៉ុនពឹងខ្លាំងលើការនាំចូលឥន្ធនៈផូស៊ីល។
កាលពីខែឧសភា ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា ខ្លួនបានហាមមិនអោយមន្ត្រីជប៉ុនរាប់សិបនាក់ចូលក្នុងប្រទេសខ្លួន រួមមាននាយករដ្ឋមន្ត្រី ហ្វ៊ុយមីអុ គីស៊ីដា ព្រោះតែរដ្ឋាភិបាលទីក្រុងតូក្យូចូលរួមក្នុងទណ្ឌកម្មអន្តរជាតិប្រឆាំងរុស្ស៊ី ជុំវិញសង្គ្រាមនៅអ៊ុយក្រែន៕