ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ សហរដ្ឋអាម៉េរិកនិងរុស្ស៊ីបាននិយាយកាលពីថ្ងៃសុក្រទី១៥កក្កដាថា ពួកគេនឹងបន្តជើងហោះហើររួមគ្នាទៅកាន់ស្ថានីយអវកាសអន្តរជាតិដោយរក្សាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការចុងក្រោយ ចំពេលមានការប៉ុនប៉ងរបស់លោកខាងលិចដើម្បីដាក់ទីក្រុងមូស្គូឱ្យនៅឯកោជុំវិញការទន្ទ្រានចូលអ៊ុយក្រែន។
ទីភ្នាក់ងារអវកាសអាម៉េរិកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដើម្បីធានាបាននូវប្រតិបត្តិការប្រកបដោយសុវត្ថិភាពនៃស្ថានីយអវកាសអន្តរជាតិ ការពារអាយុជីវិតរបស់អវកាសយានិក និងធានាបាននូវវត្តមានរបស់សហរដ្ឋអាម៉េរិកជាបន្តនៅក្នុងលំហ ណាសានឹងបន្តរួមបញ្ចូលក្រុមអវកាសយានិកនៅលើយានអវកាសអាម៉េរិកនិងយានអវកាស Soyuz របស់រុស្ស៊ី”។
ណាសាបាននិយាយថា អវកាសយានិក ហ្វ្រែង រូប៊ីអូ (Frank Rubio)នឹងហោះជាមួយអវកាសយានិករុស្ស៊ីពីរនាក់នៅលើយានរ៉ុក្កែត Soyuz ដែលគ្រោងនឹងបាញ់បង្ហោះនៅថ្ងៃទី ២១ខែកញ្ញាពីប្រទេសកាហ្សាក់ស្ថាន ខណៈអវកាសយានិកម្នាក់ទៀតឈ្មោះ ឡូរ៉ាល់ អូ ហារ៉ា (Loral O’Hara) នឹងបំពេញបេសកកម្មមួយទៀតនៅដើមឆ្នាំ ២០២៣។
ក្នុងបេសកកម្មទីមួយ អវកាសយានិករុស្ស៊ីនឹងចូលរួមជាមួយអវកាសយានិកណាសានៅលើយាន Crew-5 ថ្មីរបស់ក្រុមហ៊ុន SpaceX ដែលនឹងបាញ់បង្ហោះនៅខែកញ្ញាពីរដ្ឋផ្លរីដាជាមួយនឹងអវកាសយានិកជប៉ុនមួយរូបក្នុងបេសកកម្មនេះផងដែរ។
ណាសាបាននិយាយថា បេសកកម្មរួមគ្នាមួយទៀតនៅលើយាន Crew-6 របស់ SpaceX នឹងហោះហើរនៅដើមឆ្នាំ ២០២៣។
ចំណាត់ការនេះបានកើតឡើងបើទោះបីជាទីភ្នាក់ងារអវកាសអឺរ៉ុបកាលពីដើមសប្តាហ៍នេះបានផ្តាច់ទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ីក្នុងបេសកកម្មដាក់យានរុករកនៅលើភពព្រះអង្គារក៏ដោយដោយធ្វើឱ្យប្រធានអវកាសរុស្ស៊ីលោក ឌីមីទ្រី រ៉ូហ្គោហ្ស៊ីន (Dmitry Rogozin) ខឹងសម្បាយ៉ាងខ្លាំង ដែលនាំឱ្យលោកហាមឃាត់អវកាសយានិករបស់ខ្លួននៅលើស្ថានីយ ISSកុំឱ្យប្រើដៃរ៉ូបូតផលិតនៅអឺរ៉ុប។
ទីភ្នាក់ងារអវកាសរុស្ស៊ី Roscosmos បាននិយាយថា កិច្ចព្រមព្រៀងជាមួយណាសាគឺដើម្បីផលប្រយោជន៍នៃប្រទេសទាំងពីរ ហើយនឹង “ជំរុញកិច្ចសហប្រតិបត្តិការ” នៅលើលំហ៕
យានអវកាស Soyuz MS-13 របស់រុស្ស៊ី ដែលដឹកសមាជិកនៃស្ថានីយអវកាសអន្តរជាតិ ត្រូវបានបាញ់បង្ហោះពីកាហ្សាក់ស្ថាន ក្នុងខែកក្កដា ឆ្នាំ ២០១៩