ចិន​ចង់​វិនិយោគ​វិស័យ​គមនាគមន៍​និង​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​កម្ពុជា​

1319
ចែករម្លែក

ដោយ​: ពៅ និមល / ភ្នំពេញ​: រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បាន​ឲ្យ​ដឹងថា ប្រតិភូ​ក្រុមហ៊ុន ឆៃ​ណា រៃ​យ៍​វ៉េ (China Railway 19th Bureau Group) នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានបង្ហាញ​ចំណាប់អារម្មណ៍​វិនិយោគ​លើ​វិស័យ​គម​នា​មន៍ ជាពិសេស​ផ្លូវដែក​និង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ដើម្បី​ចូលរួម​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា​ស្របតាម​យុទ្ធសាស្ត្រ​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ ដែល​ផ្តួចផ្តើម​ដោយ​រដ្ឋាភិបាល​ចិន​។​

​ជំនួប​ពិភាក្សា​រវាង​លោក ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម កាលពី​រសៀល​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៨​កន្លងទៅនេះ នៅ​ទីស្តីការក្រសួង លោក គ័ង ជាន​កាង (Gong Jiangang) នាយក​ចាត់ចែង​ក្រុមហ៊ុន China Railway របស់​ចិន បាន​រៀបរាប់​អំពី​សាវតា​ក្រុមហ៊ុន​ថា​គឺមាន​ឯកទេស​ផ្នែក​វិស័យ​វិស្វកម្ម និង​សំណង់​ខ្នាត​ធំ ហើយ​បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ធ្វើ​ប្រតិបត្តិ​ការសាងសង់​ផ្លូវដែក និង​សំណង់​ធារាសាស្ត្រ នៅតាម​ប្រទេស​ក្នុង​ទ្វីបអាហ្វ្រិក​និង​អាស៊ាន​។ លោក​បន្តថា កម្ពុជា​គឺជា​ទីផ្សារ​សំខាន់​មួយ ហើយ​លោក​សង្ឃឹមថា នឹង​ទទួលបាន​ការគាំទ្រ​ពី​ក្រសួងពាណិជ្ជកម្ម​និង​រាជរដ្ឋាភិបាល​កម្ពុជា​លើ​គម្រោង​សាងសង់​ផ្លូវដែក និង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេងៗ​ផងដែរ​។​

​ជាការ​ឆ្លើយតប លោក ប៉ាន សូរ​ស័ក្តិ បាន​សម្តែង​ការស្វាគមន៍​ចំពោះ​គម្រោង​វិនិយោគ​នេះ​និង​បាន ស្នើ​ឲ្យ​ភាគី​ចិន​បញ្ជូន​ក្រុមការងារ​ដើម្បី​ធ្វើការ​សិក្សា​អំពី​ស្ថានភាព​ផ្លូវដែក និង​ផ្លូវថ្នល់​នៅក្នុង​ប្រទេស​កម្ពុជា ឲ្យ​បានច្បាស់លាស់ ដើម្បី​ចងក្រង​របាយការណ៍​និង​ដាក់សំណើ​វិនិយោគ​ជា​ផ្លូវ​ការជូន​រដ្ឋាភិបាល​ក​ម្ពុ​ជា ហើយ​ក្រសួង​នឹង​រង់ចាំ​ផ្តល់​ការគាំទ្រ និង​កិច្ចសហការ​គ្រប់ពេលវេលា​។

​សូមបញ្ជាក់ថា នៅក្នុង​ប្រទេស​កម្ពុជា វិស័យ​គម​នា​មន៍ និង​ហេដ្ឋារចនាសម្ព័ន្ធ គឺជា​សរសៃឈាម​សេដ្ឋកិច្ចជាតិ សម្រាប់​បម្រើការ​អភិវឌ្ឍ​វិស័យ​ពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និង​ទេសចរណ៍​។ តាមរយៈ​កិច្ចប្រឹងប្រែង​របស់​រាជ​រដ្ឋាភិបាល បណ្តាញ​គម​នាម​ន៍​ជាច្រើន​កំពុង​ត្រូវបាន​ស្ថាបនា ជួសជុល និង​ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ​ជា​បន្តបន្ទាប់​ផងដែរ​។ នៅក្នុងពេល​ឆាប់ៗ​ខាងមុខនេះ រាជរដ្ឋាភិបាល​នឹងដាក់​ឲ្យ​ដំណើរការ​ជា​ផ្លូវការ នូវ​ផ្លូវដែក​ដែល​ត​ភ្ជាប់​ពី​ក្រុង​សិរីសោភ័ណ​នៃ​ខេត្ត​បន្ទាយ​មា​ន័យ ទៅកាន់​ទីក្រុង​បាងកក​នៃ​ប្រទេស​ថៃ ព្រមទាំង​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​ល្បឿន​លឿន ដែល​ត​ភ្ជាប់​រាជធានី​ភ្នំពេញ ទៅ​ក្រុងព្រះសីហនុ​ថែមទៀត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម