ដោយ៖តារារិទ្ធ(ភ្នំពេញ)នៅព្រឹកថ្ងៃទី ១៦ ខែ កក្កដា ២០២២ នេះគណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរាជរដ្ឋាភិបាលបានចាប់ផ្តើមបើកសន្និបាតគណៈកម្មាធិការកណ្តាល វិសាមញ្ញរបស់ខ្លួនរយៈពេល២ថ្ងៃ នៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេបាវតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជានាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្ស ប្រជាជនកម្ពុជាជាប្រធានរដ្ឋសភានិងវត្តមានរបស់អនុប្រធានទាំង៤រូប សមាជិកអចិន្រ្តៃយ៍ សមាជិកគណៈកម្មាធិការកណ្តាលរួមទាំងតំណាងថ្នាក់ដឹក នាំនៅមូលដ្ឋានរាជធានីខេត្តផងដែរ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានអញ្ជើញថ្លែងបើកបើកសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញ,បន្ទាប់មកសម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស អានរបាយការណ៍ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ឆ្នាំ២០២២និង ទិសដៅការងារឆ្ពោះទៅការបោះឆ្នោតជ្រើសតាំងតំណាងរាស្តនីតិកាលទី៧ ឆ្នាំ២០២៣, សម្តេចតេជោ ហ៊ុន សែន ដឹកនាំកិច្ចកិច្ចពិភាក្សានៅក្នុងអង្គសន្និបាតហើយចុងក្រោយមានមតិបូកសរុបនិងណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្ស។

សូមបញ្ជាក់ថាគិតរហូតមកដល់ពេលនេះគណបក្សប្រជាជនកម្ពុជាមានសមាជិកគណៈកម្មាធិការកណ្តាលចំនួន ៨៦៥ នាក់ក្នុងនោះមានសមាជិកគណៈ កម្មាធិការអចិន្រ្តៃយ៍ចំនួន ៣៧នាក់ ។

គួរបញ្ជាក់ថាសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញនាព្រឹកនេះមិនត្រូវបានអនុញ្ញាតឲ្យអ្នកសារព័ត៌មានចូលយកព័ត៌មាននោះទេ គឺអនុញ្ញាតឲ្យតែអ្នកថតរូបនិងថតវីដេអូ ១២ រូបប៉ុណ្ណោះចំណែកអ្នកយកព័ត៌មានពុំត្រូវបានអនុញ្ញាតឲ្យចូលឡើយ ៕