​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ឧត្តមសេនីយ៍អ៊ុ​យក្រែន​ម្នាក់​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី ១៤ កក្កដា​ថា​អ៊ុយ​ក្រែន​កំពុង​ប្រើប្រាស់​អាវុធរ​យៈ​ចម្ងាយ​ឆ្ងាយ​ដែល​ផ្គត់ផ្គង់​ដោយ​លោក​ខាង​​លិច និង​គ្រាប់ “​ឆ្លាត​” ១៥៥ មិល្លីម៉ែត្រ​ដើម្បី​វាយលុក​ឃ្លាំង​គ្រាប់​និង​បណ្តាញ​ផ្គត់ផ្គង់​របស់​រុស្ស៊ី ដោយ​បង្ខំ​ឱ្យ​ទីក្រុង​មូ​ស្គូគិ​ត​ឡើងវិញ​ពី​របៀប​ដែល​ខ្លួន​ផ្គត់ផ្គង់​ឥន្ធនៈ និង​គ្រាប់​ដល់​សមរភូមិ​ជួរមុខ​។

​អ៊ុយ​ក្រែន​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​កងកម្លាំង​របស់​ខ្លួន​បាន​វាយប្រហារ​ប៉ុស្តិ៍​ត្រួតពិនិត្យ​យោធា​ចំនួន​ពីរ​និង​កន្លែង​ចុះចត​ឧទ្ធម្ភាគចក្រ​នៅក្នុង​ទីប្រជុំជន​មួយ​ក្នុង​ដែនដី​ដែល​រុស្ស៊ី​កាន់កាប់​​នៅ​ភាគខាងត្បូង​អ៊ុ​យក្រែន ដែល​នេះ​ជា​ការវាយប្រហារ​ចុងក្រោយ​បំផុត​មួយ​ដែល​ទីក្រុង​គៀវ​និយាយ​ថា​កងកម្លាំងរ​បស់​ខ្លួន​បាន​បាញ់​ចូល​យ៉ាងជ្រៅ​នៅក្នុង​តំបន់​កាន់កាប់​ដោយ​រុស្ស៊ី​ក្នុង​រយៈពេល​ពីរ​​សប្តាហ៍​ចុងក្រោយ​នេះ​។​

​ឧត្តមសេនីយ៍ អូ​ឡេក​ស៊ី ហ្គ្រូ​ម៉ូវ (Oleksiy Gromov) បាន​ប្រាប់​សន្និសីទ​សារព័ត៌មាន​ថា ការផ្គត់ផ្គង់​សព្វាវុធ​របស់​លោក​ខាងលិច​មាន​សារៈសំខាន់​ចំពោះ​ការវាយប្រហារ​របស់​អ៊ុយ​ក្រែ​នហើយ​បាន​​លើកសរសើរ​ជាងគេ​ចំពោះ​ប្រព័ន្ធ​រ៉ុក្កែត​ចល័ត​កម្រិត​ខ្ពស់ (Himars) ដែល​ផលិត​ដោយ​សហរដ្ឋ​អាម៉េរិក ដែល​ទីក្រុង​គៀវ​បានចាប់ផ្តើម​ទទួល​កាលពី​ខែ​មុន​។​

​រ៉ុក្កែត Himars មាន​រយៈ​ចម្ងាយ​ឆ្ងាយ​និង​មាន​ភាព​ច្បាស់លាស់​ជាង​កាំភ្លើង​ធំ​សម័យ​សូ​វៀត ដែល​អ៊ុយ​ក្រែន​មាន​នៅក្នុង​ឃ្លាំង​អាវុធ​របស់​ខ្លួន​។​

​លោក​ហ្គ្រូ​ម៉ូវ​បាន​និយាយថា “​យើង​កំពុង​កាត់បន្ថយ​សក្តានុពលរ​បស់​សត្រូវ ដោយ​វាយលុក​ការផ្គត់ផ្គង់​ភស្តុភារ​របស់​សត្រូវ​វាយប្រហារ​ឃ្លាំង​គ្រាប់​របស់​សត្រូវ​…​ហើយ​សត្រូវ​កំពុង​បង្ខំចិត្ត​ផ្លាស់ប្តូរ​ប្រព័ន្ធ​របស់​​ខ្លួន​សម្រាប់​ផ្គត់ផ្គង់​គ្រាប់​និង​ប្រេងឥន្ធនៈ​”​។​

“​ឥឡូវនេះ​សត្រូវ​កំពុង​សម្លឹង​រក្សាទុក​គ្រាប់​នៅ​កម្រិត​កងពលតូច​មិនតិច​ជាង ១០០ គីឡូម៉ែត្រ​ពី​សមរភូមិ​ជួរមុខ និង​ឃ្លាំង​គ្រាប់​នៅ​កម្រិត​កងពលធំ​នៅ​ចម្ងាយ​ជាង ១៥០ គីឡូម៉ែត្រ​”៕

ទាហាន​អ៊ុយ​ក្រែន​ឈរ​នៅលើ​រថក្រោះ​របស់​ពួកគេ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែន​នៅ​ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២