ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ថ្ងៃទី១៥ កក្កដា ម្សិលមិញនេះ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) និងជាប្រធានប្រតិភូដឹកនាំ កីឡាប៉ារ៉ាឡាំពិកកម្ពុជា ចូលរួមប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នៅទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី បានដឹកនាំប្រតិភូ គ្រូបង្វឹក និងកីឡាករ -កីឡាការិនី ប៉ារ៉ាឡាំពិកកម្ពុជា ទទួលការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដូសជំរុញ បន្ថែម (ដូសទី៤ និងដូសទី៥) នៅមជ្ឈមណ្ឌលកីឡា Premium មុនប្រតិភូ និងអត្តពលិកទាំងអស់ ត្រូវចាកចេញពីមាតុភូមិ នាថ្ងៃទី២៦ ខែកក្កដា ខាងមុខ។
លោកបានមានប្រសាសន៍ថាៈ ការជ្រើសយកថ្ងៃសុក្រនេះ ចាក់វ៉ាក់សាំងដល់ ប្រតិភូកីឡាប៉ារ៉ាឡាំពិកកម្ពុជា ពីព្រោះដើម្បីកុំឲ្យកៀកថ្ងៃចេញដំណើរពេក។ ចំណុចនេះ មានន័យថា ជាពេលវេលាសមរម្យមួយ បង្ការក្រោយពេលចាក់កីឡាករ កីឡាការិនី អាចមានអាការក្ដៅខ្លួន បន្ដិចបន្ដួច ឬធ្វើទុក្ខ ងាយស្រួល ក្នុងដោះ ស្រាយ។ អ្វីដែលពិសេស ការចាក់វ៉ាក់សាំងដូសជំរុញនេះ គឺដើម្បីធានាបាននូវ សុខភាព និងសុវត្ថិភាពកាន់តែខ្ពស់ ក្នុងការធ្វើដំណើរ ទៅនិងត្រឡប់មកវិញ ស្របតាមអនុសាសន៍ ណែនាំ ដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
នៅកម្ពុជា ប៉ុន្មានថ្ងៃចុងក្រោយ គឺមានអត្រាឆ្លង ប៉ុន្ដែយើងគ្រប់គ្រងបាន។ តែលើកនេះ យើងធ្វើដំណើរទៅប្រទេសដទៃ ដើម្បីទៅប្រកួត។ អ៊ីចឹងសុខភាព សុវត្ថិភាពរបស់បងៗ ប្អូនៗ ទាំងអស់ដែលជាកីឡាករ កីឡាការិនី តំណាងកម្ពុជា ដូចសម្ដេចតេជោ បានលើកឡើងថ្ងៃមុន ហើយ គឺសុខសុភាព និងសុវត្ថិភាព នៃការធ្វើដំណើរទៅប្រកួតហើយ និងត្រឡប់មកវិញ។ ហេតុនេះ វិធីសាស្ដ្រដែល អាចជួយបាន ខ្ពស់ជាងគេបង្អស់ អ្នកដែលបានចាក់ ៣ ដូសហើយ ឈានដល់ ចាក់ដូសទី៤ ឯអ្នកចាក់ ៤ ដូសហើយ ឈានដល់ចាក់ដូសទី៥។ ការចាក់ហើយ យើងសម្រាកយ៉ាងច្រើន កន្លះថ្ងៃ ឬ ១ថ្ងៃទេ តែយើងអាចលេងបាន។ ប៉ុន្ដែបើអត់ ចាក់ វាងាយនឹងឆ្លង តែបើយើងបានចាក់វ៉ាក់សាំង គឺយើងបានការពារ។ អ៊ីចឹង ពេលយើងចេញ ទៅប្រកួតក្រៅប្រទេស នាពេលខាងមុខ យើងអាចការពារបាន ទោះបីបើឆ្លង ក៏ស្រាល ងាយនឹងព្យាបាលដែរ៕/V-PC