ដោយ​: សុខុម / ស្ទឹងត្រែង​: បុរស​ម្នាក់ បាន​ប្រើ​ឧបករណ៍​ឆក់​ត្រី យកមក​ធ្វើ​ម្ហូប ចៃដន្យ ភ្លាត់ស្នៀត បែរជា​ឆក់​ខ្លួនឯង បណ្ដាល​ស្លាប់ នៅ​ចំណុច​ក្រុមហ៊ុន​ចំការចេក ស្ថិត​ក្នុងភូមិ​រិទ្ធី​សែន​ជ័យ​២ ឃុំ​អូរ​ស្វាយ ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ កាលពី​វេលា ម៉ោងជាង ១២ ថ្ងៃត្រង់ ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២​។​

​សមត្ថកិច្ច បាន​ប្រាប់​ឱ្យដឹងថាៈ ជនរងគ្រោះ មានឈ្មោះ វ៉ាន់ ថង​ម៉ៃ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ​ចំការចេក មាន​ស្រុកកំណើត នៅ​ភូមិ​ថ្មី សង្កាត់​សាមគ្គី ក្រុង​-​ខេត្តស្ទឹងត្រែង​។ មូលហេតុ បុរស​នោះ​ដើរ​ឆក់​ត្រី ក្នុង​បរិវេណ ទំនប់ទឹក របស់​ក្រុមហ៊ុន ចំការចេក តែ​ត្រូវ​ឆក់​ខ្លួនឯង​។​

​ក្រោយពី​ទទួល​ព័ត៌មាន​នេះ សមត្ថកិច្ច​នគរបាល នៃ​អធិការដ្ឋាន​ស្រុក​បុរី​អូរ​ស្វាយ សែន​ជ័យ ធ្វើ​កោសល្យវិច័យ ដោយ​មិនមាន​ពាក់ព័ន្ធ​ករណី​ផ្សេងៗ ក៏បាន​ប្រគល់ សព ជូន​សាច់ញាតិ យកទៅ​ធ្វើបុណ្យ តាម​ប្រពៃណី​៕/V​-PC