ដោយ​: កាំ​ពី / ក្រចេះ ៖ កម្លាំងចម្រុះ​ដឹកនាំ​ដោយ​លោក បួ​យ រតនា នាយផ្នែក រដ្ឋបាល ព្រៃឈើ ព្រែក​ប្រសព្វ ក្រោម​ការសម្របសម្រួល​ពី​លោក រ៉ា​បូរ៉ាន់​ឌី ព្រះរាជអាជ្ញារង សាលាដំបូង​ខេត្ត បាន​ចុះ​ប​ង្ក្រា​ឈើប្រណិត និង​ឈើ​លេខ​១ បានជា​ច្រើន​ម៉ែត្រគូប គ្មាន​ច្បាប់​អនុញ្ញាត ពី​រដ្ឋបាល​ព្រៃឈើ នៅ​ចំណុច​ភូមិ ព្រែក​គ្រៀង ឃុំ​វ​ឌ្ឍ​នះ ស្រុក​សំបូរ ខេត្តក្រចេះ នៅ​ល្ងាច​ថ្ងៃទី​១៥ និង​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២២ នេះ​។​

​លោក បួ​យ រតនា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ បាន​ប្រាប់​កាសែត រស្មី​កម្ពុជា តាម ទូរស័ព្ទ នៅ​ព្រឹក​ថ្ងៃទី​១៦ ខែកក្កដា​ឆ្នាំ ២០២២ នេះ បាន​ឲ្យ​ដឹងថាៈ កម្លាំងចម្រុះ​ដែល​ចូលរួម បង្ក្រាប​រួមមានៈ ផ្នែក​រដ្ឋបាល​ព្រៃឈើ​ព្រែក​ប្រសព្វ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​សំបូរ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​វឌ្ឍនៈ កំពង់ចាម នគរបាល​សេដ្ឋកិច្ច​ក្រសួង រួមជាមួយ អាជ្ញាធរ​ភូមិ ឃុំ​។​

​ជា​លទ្ធផល ក្រុមការងារ បានធ្វើ​ការដកហូត ឈើ​អារ​ប្រណិត និង​លេខ (​បេង និង​សុ​ក្រម​) ចំនួន ២៤១ ដុំ ក្នុងនោះ មាន​ឈើ​អារ​ប្រណិត (​បេង​) ចំនួន ៥០ ដុំ ។ ឈើ​អារ​ប្រណិត និង​លេខ (​បេង និង​សុ​ក្រម​) ចំនួន​ដូច​បាន​រៀបរាប់ ខាងលើនេះ​គឺ បាន​ដកហូត​ពី​ដី លំនៅដ្ឋាន របស់​ឈ្មោះ វ៉ាន់ គឹម​ឆេង ភេទ​ប្រុស អាយុ ៧២ ឆ្នាំ ជា​គណៈកម្មការ​អាចារ្យ វត្ត​ព្រែក​គ្រៀង ដក​បាន​ឈើ​បេង ចំនួន ៥០ ដុំ , សុ​ក្រម​ចំនួន ១៣៧ ដុំ ។​

​នៅក្នុង​ដី​លំនៅដ្ឋាន របស់​ឈ្មោះ វ៉ាន់ ពិសី ភេទ​ស្រី អាយុ ៤២ ឆ្នាំ ដកហូត​ឈើ អារ​លេខ​១(​សុ​ក្រម​) ចំនួន ៣៤ ដុំ និង​នៅក្នុង​ដី​លំនៅដ្ឋាន (​ខាងមុខផ្ទះ​) របស់​ឈ្មោះ វ៉ាន់ ពុ​ទ្ធី ភេទ​ប្រុស អាយុ ៤៩ ឆ្នាំ មុខរបរ គ្រូបង្រៀន ដកហូត​ឈើ​អារ​លេខ​១ (​សុ​ក្រម​) ចំនួន ២០ ដុំ ។​

​លោកនាយ​ផ្នែក បានបញ្ជាក់​ទៀតថាៈ ការដកហូត​ឈើ​អារ ជាច្រើន​ម៉ែត្រគូប ខាងលើនេះ គឺ​ពីបទ​ល្មើស ធ្វើ​សន្និធិ​ដោយ​គ្មាន​លិខិតអនុញ្ញាត ពី​រដ្ឋបាល​ព្រៃឈើ នៅត្រង់ចំណុច ភូមិ​ព្រែក​គ្រៀង ឃុំ​វឌ្ឍន​: ស្រុក​ដំ​បូរ​ខេត្តក្រចេះ​។​

​បច្ចុប្បន្ន វត្ថុតាង​ទាំងអស់ ដែល​បាន​ដកហូត​បាន យកទៅ​រក្សាទុក នៅ​សង្កាត់ រដ្ឋបាល ព្រៃឈើ​វឌ្ឍនៈ ដើម្បី​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ តាម​នីតិវិធី​ច្បាប់​៕/V​-PC