ដោយ:បូកគោ/កំពត៖ អំឡុងពេលពីរថ្ងៃនេះផ្ទៃមេឃបានស្រឡះឡើងវិញក្រោយភ្លៀងធ្លាក់ជោកជាំក្នុងខេត្តកំពតពេញមួយសប្តាហ៍។ទន្ទឹមនេះក្រុមហ៊ុនស៊ីណូហាយដ្រូ ក៏ត្រៀមបិទទ្វារទឹកទាំងអស់ដែលខ្លួនបានបើក បង្ហូរទឹកចេញពីអាងស្តុកនៃទំនប់វារីអគ្គិសនីកំចាយនាប៉ុន្មានមុនកន្លងទៅនេះ។
លោក សោម វិចិត្រ ប្រធានមន្ទីររ៉ែនិងថាមពលខេត្តកំពតបានប្រាប់ឲ្យដឹងថាស្ថានភាពនៅតំបន់ទំនប់វារីអគ្គិសនី កំចាយលែងមានអ្វីគួរឲ្យព្រួយបារម្ភ ទៀតហើយ។មកដល់ព្រឹកថ្ងៃទី១៦ខែកក្កដានេះការបង្ហូទឹកចេញពីអាងស្តុកគឺនៅ បើកតែទ្វារមួយដោយបន្ថយកម្ពស់ពីពីរម៉ែត្រមកត្រឹមកន្លះម៉ែត្រពីបាតទំនប់ប៉ុណ្ណោះ ។
ដោយឡែកបុគ្គលិកក្រុមហ៊ុនស៊ីណូហាយដ្រូកំចាយបានបញ្ជាក់ថា នៅតំបន់ខាងលើនៃទំបន់វារីអគ្គិសនី កំចាយពុំមានភ្លៀងទៀតទេ។ ដូច្នេះ ក្រុមហ៊ុនត្រៀមនឹងបិទទ្វារទឹកវិញនាថ្ងៃនេះ ឬនៅព្រឹកស្អែក។
លោក ចាន់ វណ្ណា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពតបានប្រាប់ឲ្យដឹងថា បន្ទាប់ពី អាកាសធាតុអាប់អួរ និងមានភ្លៀងធ្លាក់រាយប៉ាយទូទាំងខេត្តជិតមួយសប្តាហ៍កន្លងទៅ (ចាប់ពីថ្ងៃទី១៥ ខែកក្កដាមក) ស្ថានភាពអាកាសធាតុមានលក្ខណ:ធម្មតាឡើងវិញ។ ផ្ទៃមេឃស្រឡះល្អ មានពន្លឺព្រះអាទិត្យ ពិសេសផ្ទៃសមុទ្រស្ងប់ខ្យល់ គ្មានរលកបោកបក់ទៀតទេ៕សរន-PC