ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ រដ្ឋបាលខេត្ត​បន្ទាយមានជ័យ បានសម្រេច រើ​កន្លែង ធ្វើ​ប័ណ្ណ​ព្រំដែន នៅ​ការិយាល័យ​ច្រកចេញ ចូល​តែមួយ សាលាក្រុង ប៉ោយប៉ែត មក​នៅ​រួមគ្នា​តែ​១​កន្លែង ក្នុង​អង្គភាព​ច្រកចេញ ចូល​តែមួយ នៅ​សាលាខេត្ត​។​

​មន្ត្រី​អង្គភាព​នេះ បានឱ្យដឹង​កាលពី​ថ្ងៃទី​១៥ ខែកក្កដា​ថាៈ ចំពោះ​បងប្អូន​ប្រជា ពលរដ្ឋ នៅ​ក្រុង​ប៉ោយប៉ែត មេត្តា​ជ្រាបថា ក្រុមការងារ​ខេត្ត ទទួល​ឯកសារ ពាក្យស្នើសុំ​ធ្វើ​ប័ណ្ណ​ព្រំដែន ដែល​ប្រចាំការ​នៅ​ក្រុង​ប៉ោយប៉ែត បាន​ផ្អាក​ទទួល ពាក្យស្នើសុំ​ធ្វើ​ប័ណ្ណ​ព្រំដែន ជា​បណ្តោះអាសន្ន ចាប់ពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០២២ កន្លងមក​។

​បើ​បងប្អូន​ប្រជាពលរដ្ឋ ដែល​មានបំណង​ស្នើសុំ​ធ្វើ​ប័ណ្ណ​ព្រំដែន អាច​អញ្ជើញ ទៅ​ទទួល​សេវា នៅ​អង្គភាព​ច្រកចេញចូល​តែមួយ នៅ​សាលាខេត្ត​បន្ទាយមានជ័យ រៀងរាល់​ម៉ោង​ធ្វើការ​។​

​សូម​បញ្ជាក់ដែរថា ចំពោះ​អ្នក​ដែល​បាន​ស្នើសុំ​ធ្វើ​ប័ណ្ណ​ព្រំដែន នៅ​ក្រុង​ប៉ោយប៉ែត កន្លងមក អាច​ទៅ​ទទួល​សៀវភៅ (​ប័ណ្ណ​) នៅ​អង្គភាព​ច្រកចេញចូល​តែមួយ ខេត្តបន្ទាយមានជ័យ តែម្តង​ផងដែរ​។ ការ​រើ​ទីតាំង​នេះ មកពី​មូលហេតុ​ចំនួន​មន្ត្រី និង​លក្ខណៈ​បច្ចេកទេស បំពេញការងារ ជាដើម ។​

​លោក ឈឺ​ន សុរិយា ប្រធាន​អង្គភាព​ច្រកចេញ ចូល​តែមួយ សាលាខេត្ត​បន្ទាយ មានជ័យ បាន​ប្រាប់​កាសែត​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​១៥ ខែកក្កដា​ថាៈ យោង របាយការណ៍ ស្ដីពី​ការផ្ដល់ សេវា​ប័ណ្ណ​ព្រំដែន នៅ​ទាំង ២ កន្លែង (​គិត​មិនទាន់ រើ​មក​តែមួយ​កន្លែង​) គឺ​ក្នុង​១​ថ្ងៃៗ ទទួល​ពាក្យស្នើសុំ​នៅ​អង្គភាព​ច្រក ចំនួន​ពី ១៥០ ទៅ ២៥០ បញ្ចូល​ក្នុង​ប្រព័ន្ធ​ជួរមុខ ចំនួន​ពី ២៥០ ទៅ ៤៥០ នាក់ បញ្ចូល​កូដ​បេឡា ចំនួន​ពី ២៥០ ទៅ ៥០០ បញ្ចូល​ក្នុង​ប្រព័ន្ធ​ប័ណ្ណ​ព្រំដែន ចំនួន​ពី ៣០០ ទៅ ៤៥០ នាក់ -​បោះពុម្ព​បាន​ចំនួន​ពី ២៥០ ទៅ​ជាង ៤០០ ប័ណ្ណ​នៅសល់​អង្គភាព​ច្រក ចំនួន​ពី ១.៩០០ ទៅ ២.០០០ ក្បាល ពោលគឺ ចំនួន​នេះ នៅ​ច្រើន​នៅឡើយ​។​

​សូម​រំលឹកថា ពី​ខែមេសា ឆ្នាំ​២០២២ នៅ​រាល់ថ្ងៃ បរិមាណ​ប្រមាណ ៥.០០០ នាក់​នោះ គឺ​គិត​តាំងពី​អំឡុង​ចុងឆ្នាំ​២០២១ និង​ជាពិសេស​ពី​ចុងខែ​មេសា ឆ្នាំ​២០២២ មក ពោលគឺ ពលរដ្ឋ​ដែល​មក​ដាក់ពាក្យ​ស្នើសុំ​ប័ណ្ណ​ព្រំដែន (​សុំ​ថ្មី​) នៅតែមាន​ច្រើន ។ សរុប​ការផ្ដល់ សេវា​ប័ណ្ណ​ព្រំដែន កន្លងមកនេះ មាន​ជិត ១ ម៉ឺន​សៀវភៅ​/​ប័ណ្ណ ហើយ ៕/V​-PC