ដោយៈ វ៉ៃកូ / ស្វាយរៀងៈ ប្រជាពលរដ្ឋទីទ័លក្រ ជនចាស់ជរា និងជនពិការភាព ចំនួន ២៤ គ្រួសារ មកពីភូមិសេកជ្រុំ និងភូមិព្រៃប្រើស ក្នុងឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២នេះ ទទួលបាននូវគ្រឿង ឧបភោគបរិភោគ ពីព្រះតេជគណព្រះនាម ភួន សុភ័ណ្ឌ គង់នៅវត្តបុព្វារាម ហៅវត្តព្រៃយាយ នៅក្រុងបាវិត ខេត្តស្វាយរៀង។
ព្រះតេជគណព្រះនាម ភួន សុភ័ណ្ឌ បានមានសង្ឃដិកាថាៈ ដោយមើលឃើញ នូវការលំបាក របស់ប្រជាពលរដ្ឋ និងមានចិត្តអាណិតអាសូរ ដល់ជនទីទ័លក្រ ព្រះអង្គក៏សម្រេចព្រះទ័យ ផ្តល់នូវទេយ្យទាន មានគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ដើម្បីធ្វើទានជាមួយ ក្រុមគ្រួសារ ដែលទីទ័លក្រ ចាស់ជរា ជនពិការ ដែលជួបការលំបាក ក្នុងជីវភាព ក៏ដូចជា ចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ។
ព្រះតេជគណ បានឱ្យដឹងទៀតថាៈ ទេយ្យទានគ្រឿងឧបភោគបរិភោគ បានមក ពេលនេះ គឺបានមកពីញាតិញោម បានចូលបុណ្យដល់ព្រះតេជគណផ្ទាល់ ហើយព្រះអង្គ ក៏បានធ្វើទាន ចែករំលែកបន្តតែម្តងទៅ។
ចំណែកលោកមេភូមិព្រៃប្រើស បានឲ្យដឹងដែរថាៈ កន្លងមក ជនទីទ័លក្រ ចាស់ជរា ជនពិការខាងលើ ក៏ធ្លាប់ទទួលបានអំណោយ ពីសាខាកាកបាទក្រហមកម្ពុជាស្រុក ក៌ដូចជា អាជ្ញាធរមូលដ្ឋាន បានផ្តល់ និងចែកជួនផងដែរ ប៉ុន្តែវាមិនគ្រប់តម្រូវការ នោះទេ គឺជួយបានមួយគ្រាតែប៉ុណ្ណោះ វាមិនអាចបំពេញតម្រូវការ របស់ពួកគាត់ នោះឡើយ។
លោកមេភូមិ ក៏បានថ្លែងអំណរគុណ ដល់ព្រះតេជគណ ព្រះនាម ភួន សុភ័ណ្ឌ គង់នៅវត្តបុព្វារាម ហៅវត្តព្រៃយាយ ដែលតែងតែផ្តល់ជាគ្រឿងឧបភោគបរិភោគ និងថវិកា តាមរយៈអ្នកសារព័ត៌មាន ដើម្បីយកមកចែកជូន ដល់ពលរដ្ឋទីទ័លក្រ ចាស់ជរា ជនពិការភាព ក្នុងមូលដ្ឋានរបស់លោក ក៏ពលរដ្ឋទីទល់ក្រផ្សេងទៀត។
សូមបញ្ជាក់ថាៈ គ្រឿងឧបភោគបរិភោគ ដែលចែកជូននាពេលនេះ មានចំនួន ២៤ គ្រួសារ ដែល ៦ គ្រួសារ មកពីភូមិសេកជ្រុំ ហើយពួកគាត់ ជាជនចាស់ជរា និងជំងឺប្រចាំកាយចំណែក ១៨ គ្រួសារទៀត នៅភូមិព្រៃប្រើស ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ និងក្រុងស្វាយរៀង ខេត្តស្វាយរៀង៕/V-PC