ដោយៈ សុផល / ភ្នំពេញ៖ គណៈប្រតិភូរដ្ឋសភាកម្ពុជា ដឹកនាំដោយ លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការ កិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន នៃរដ្ឋសភា និងជាសមាជិក គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលរួមសម័យប្រជុំពេញអង្គ លើកទី១០ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP) នៅរាជធានីរ៉ាបាត នៃព្រះរាជាណាចក្រម៉ារ៉ុក ពីថ្ងៃទី១២-១៦ ខែកក្កដា ឆ្នាំ២០២២ ក្រោមប្រធានបទស្តីពី «ការធានានូវសន្តិសុខស្បៀង ជាបុរេលក្ខខណ្ឌ សម្រាប់សន្តិភាព និងភាពអត់ឱនរបស់សកលលោក»។
សម័យប្រជុំនេះ មានការចូលរួមពីសភាប្រទេសសមាជិក IPTP ចំនួនប្រមាណជា ៦៥ ប្រទេស ក្នុងចំណោមប្រទេស ៩០ ជាសមាជិក។ ក្នុងឱកាសនៃសម័យប្រជុំនេះ ក្រុមប្រឹក្សាប្រតិបត្តិ បានសម្រេចតែងតាំងជាឯកច្ឆ័ន្ទ លោក សួស យ៉ារ៉ា ជាអនុប្រធាន IPTP និងបានដាក់សំណើឈ្មោះលោក ទៅមហាសន្និបាត ជាបេក្ខជនប្រធាន IPTP សម្រាប់ឆ្នាំ២០២៣។
តំណាងរដ្ឋសភាកម្ពុជា ទទួលបានកិត្តិយស ឡើងថ្លែងសុន្ទរកថា ទៅកាន់អង្គប្រជុំ ដោយបានផ្តល់នូវអនុសាសន៍គន្លឹះមួយចំនួន រួមមានៈ តួនាទីសមាជិកសភា ក្នុងការជួយធានាថា ច្រករបៀងមនុស្សធម៌ សម្រាប់ស្បៀងអាហារ ថ្នាំសង្កូវ និងតម្រូវការចាំបាច់ផ្សេងទៀត ត្រូវតែបើកទូលាយ ដល់ពលរដ្ឋសាមញ្ញ គ្រប់ពេលវេលា ការធានានូវខ្សែចង្វាក់ផលិតកម្ម និងបណ្តាញចែកចាយស្បៀង និងផលិតផលគន្លឹះ ដូចគ្រាប់ពូជ ជីកសិកម្ម និងប្រេងឥន្ធនៈផ្សេងៗ ត្រូវតែមានការលើកលែង ចេញពីការដាក់ទណ្ឌកម្មនានា។
សម័យប្រជុំគាំទ្រ ចំពោះសន្តិភាព នៅកម្ពុជា និងគំនិតផ្តួចផ្តើម អំពាវនាវឱ្យមានការបង្កើត វិទ្យាស្ថានសន្តិភាព និងវិទ្យាសាស្ត្រស្បៀង តាមសំណើរបស់កម្ពុជា ដើម្បីសិក្សាស្រាវជ្រាវ បែបវិទ្យាសាស្ត្រ និងដាក់ចេញអនុសាសន៍រឹងមាំ សម្រាប់អនុវត្តកម្មវិធីសន្តិភាព និងសន្តិសុខស្បៀង ព្រមទាំងស្នើឱ្យមាន ការចូលរួមពីរដ្ឋាភិបាល រដ្ឋសភា និងផ្នែកឯកជន ជាពិសេសភាពជាដៃគូ រវាងរដ្ឋនិងឯកជន ដែលអាចផ្តល់ជាដំណោះស្រាយគន្លឹះ ដល់បញ្ហាប្រឈមសន្តិភាព និងសន្តិសុខស្បៀង។
ជាមួយគ្នានេះ ប្រធានរដ្ឋសភាម៉ារ៉ុក ក៏បានបញ្ជាក់ពីការទទួលយក ការអញ្ជើញរបស់ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ សភាម៉ារ៉ុក ទៅបំពេញទស្សនកិច្ច និងចូលរួមមហាសន្និបាត អាយប៉ា លើកទី៤៣ នៅកម្ពុជា នាខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ៕/V