​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្រ្តេត​ថែមស៍​) ៖ កំណើន​សេដ្ឋកិច្ច​ចិន​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​នៅក្នុង​ត្រីមាស​ទី​ពីរ ដែល​រំខាន​ដោយ​ការបិទ​ខ្ទប់​ទប់ស្កាត់​កូវី​ដ​១៩ នៅ​ទីក្រុង​សំខាន់ៗ​ដូចជា ប៉េកាំង​និង​សៀង​ហៃ ដោយ​រុញ​គោលដៅ​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល​សម្រាប់​ឆ្នាំ​នេះ​ឱ្យ​កាន់តែ​ឆ្ងាយ​ពី​ការសម្រេច​ជោគជ័យ​។​

​យោង​តាម​ទិន្នន័យ​ផ្លូវការ​បាន​ឱ្យដឹងថា សេដ្ឋកិច្ច​ធំ​ទី​ពីរ​របស់​ពិភពលោក​បាន​កើនឡើង ០,៤ ភាគរយ​ក្នុង​រយៈពេល​បី​ខែ​រហូត​ដល់​ខែ​មិថុនា បើ​ធៀប​នឹង​ឆ្នាំ​មុន​។​

​វា​គឺជា​ការកើនឡើង​តូច​បំផុត​ចាប់តាំងពី​សេដ្ឋកិច្ច​បាន​ធ្លាក់ចុះ ៦,៨ ភាគរយ​ក្នុង​រយៈពេល​បី​ខែ​ដំបូង​នៃ​ឆ្នាំ ២០២០ នៅ​ដើមឆ្នាំ​នៃ​ជំងឺ​រាតត្បាត និង​ទាប​ឆ្ងាយ​ហួស​ពី​ការរំពឹងទុក​របស់​អ្នកសេដ្ឋកិច្ច​។​

​ការព្យាករណ៍ ដែល​បាន​ស្ទង់​មតិ​ដោយ Bloomberg បាន​ប្រមើល​ឃើញថា កំណើន​នៅ​ត្រីមាស​ទី​ពីរ​នឹង​មាន​កម្រិត ១,២ ភាគរយ ខណៈ​ការស្ទង់មតិ​របស់​រ៉​យ​ទ័រ​បង្ហាញថា​វា​នឹង​មាន ១ ភាគរយ​។​

​កំណើន​សេដ្ឋកិច្ច​របស់​ចិន​ចន្លោះ​ខែមករា​ដល់​ខែ​មីនា​មាន​ចំនួន ៤,៨ ភាគរយ​។​

​លទ្ធផល​មិន​ល្អ​ក្នុង​ត្រីមាស​ទី​ពីរ​បាន​ទាញ​កំណើនសេដ្ឋកិច្ច​ជា​រួម​ក្នុង​រយៈពេល​ប្រាំមួយ​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​ឱ្យ​ធ្លាក់​មក​នៅត្រឹម ២,៥ ភាគរយ​។​

​នេះ​ត្បិត​ទីក្រុង​ប៉េកាំ​ង​បាន​បង្កើន​ការវិនិយោគ​របស់​ខ្លួន​ក្នុង​គម្រោង​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជាតិ​ចំនួន ៦,១ ភាគរយ​នៅ​ចន្លោះ​ខែមករា​ដល់​ខែ​មិថុនា​ដើម្បី​ជំរុញ​កំណើន​ផង​។​

​អ្នកជំនាញ​ជឿថា​កំណើន​ទាំងមូល​របស់​ចិន​នៅ​ឆ្នាំ​នេះ​នឹង​ធ្លាក់ចុះ​ទាប​ជាង​គោលដៅ​របស់​រដ្ឋាភិបាល​ដែល​បាន​កំណត់ “​ប្រហែល ៥,៥ ភាគរយ​”​ជាមួយនឹង​ការរំពឹងទុក​ឥឡូវ​នេះ​បាន​កែសម្រួល​មក​នៅ​​ត្រឹម ៤ ភាគរយ​៕

​ការបិទ​ខ្ទប់​ទីក្រុង​ធំៗ​បាន​រំខាន​អាជីវកម្ម​រយៈពេល​បី​ខែ​គិត​រហូត​ដល់​ខែ​មិថុនា