​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ករណី​ឆ្លង​កូ​វីដ​នៅ​ចក្រភព​អង់គ្លេស​បាន​កើនឡើង ៨០០.០០០ នាក់​កាលពី​សប្តាហ៍​មុន ខណៈ​មនុស្ស​ច្រើន​ជាង​ម្នាក់​ក្នុងចំណោម ២០​នាក់​បាន​ឆ្លង​កូ​វីដ​នៅ​ថ្ងៃ​​ជាក់លាក់​មួយ ដោយ​ជំរុញ​ឱ្យ​មនុស្ស​លុបចោល​ផែនការ​នានា ស្នាក់​នៅ​ក្នុងផ្ទះ និង​ពាក់​ម៉ាស់​ឡើងវិញ​។​

​ការ​ស្ទាបស្ទង់​អំពី​ការឆ្លង​ប្រចាំ​សប្តាហ៍​របស់​ការិយាល័យ​ស្ថិតិ​ជាតិ (ONS)​បាន​ប៉ាន់ប្រមាណ​ថា ប្រជាជន​អង់គ្លេស ៣,៥ លាន​នាក់​កំពុង​ផ្ទុកមេរោគ​កូរ៉ូ​ណាក្នុង​សប្តាហ៍​ដែល​បញ្ចប់​នៅ​ថ្ងៃទី ៦ ខែកក្កដា ខណៈ​ករណី​ឆ្លង​បាន​កើនឡើង​ប្រហែល​មួយ​ភាគ​បី​នៅ​ទូទាំង​ប្រទេស​។​

​លោកស្រី សា​រ៉ា ក្រូ​ហ្វ (Sarah Crofts) ប្រធាន​អ្នកវិភាគ​នៅ ONS បាន​និយាយថា ការឆ្លង “​មិន​បង្ហាញ​សញ្ញា​ថយចុះ​នោះទេ​” ហើយ​បាន​លើកឡើង​ថា​ករណី​ឆ្លង​អាច​ឈាន​ដល់​កម្រិត​ខ្ពស់បំផុត​​នៃ​ជំងឺ​រាតត្បាត​នៅ​រដូវក្តៅ​នេះ ដែល​អាច​ធ្វើឱ្យ​សេវាសាធារណៈ​មាន​ភាពវឹកវរ​បន្ថែម​ទៀត​។​

​ជំងឺ​កូ​វីដ​កំពុង​បង្ក​ការបំផ្លិចបំផ្លាញ​ដល់​ទីភ្នាក់ងារ​សុខភាព​ជាតិ (NHS) ប្រតិបត្តិ​ករ​ផ្លូវដែក និង​ក្រុមហ៊ុន​អាកាសចរណ៍​រួចទៅហើយ ដោយ​បាន​បន្ទរ​ឡើងវិញ​អំពី​រលក​កូ​វីដ​នៅរ​ដូវ​បុណ្យ​ណូអែល​ឆ្នាំមុន នៅពេល​មាន​ការលុបចោល​ផ្លូវ​រថភ្លើង​ទ្រង់ទ្រាយ​ធំ ការលុបចោល​ប្រតិបត្តិការ​ទាំងឡាយ ការបិទ​សាលារៀន និង ធុងសំរាម​ពេញ​ហៀរ​គ្មាន​អ្នក​ប្រមូល​។​

​ខណៈ​រដ្ឋាភិបាល​បាន​សន្យាថា​នឹង​មិន​ដាក់​ចេញ​ការ​រឹតបន្តឹង​ឡើងវិញ​លុះត្រាតែ​កើនឡើង​ករណី​ស្លាប់​ដោយកូវី​ដជនជាតិ​អង់គ្លេ​សហា​ក់​កំពុង​បន្ទន់​អាកប្បកិរិយា​របស់​ពួកគេ​ក្នុង​ការឆ្លើយតប​ទៅនឹង​​ស្ថិតិ​ឆ្លង​កើនឡើង​នេះ​។​

​ការស្ទង់មតិ​ផ្តាច់មុខ​សម្រាប់​វេបសាយ MailOnline កាលពី​ថ្ងៃ​សុក្រ​ទី​១៥​កក្កដា​បាន​រកឃើញថា មនុស្ស​បីនាក់​ក្នុងចំណោម ១០ នាក់​បាន​ស្នាក់នៅ​ផ្ទះ​ដើម្បី​ចៀសវាង​ឆ្លងកូវី​ដ​កាលពី​ខែ​មុន ហើយ ៤២ ភាគរយ​បាន​ពាក់​ម៉ាស់​ឡើងវិញ​។​

​មនុស្ស​ស្ទើរតែ​ពាក់កណ្តាល​ដែល​បាន​សង្កេត​គឺ​នាំ​គ្នា​គោរព​ច្បាប់​រក្សា​គម្លាត​សង្គម ដែល​មិន​បាន​អនុវត្ត​សោះ​តាំងពី​ខែ​កុម្ភៈ ខណៈ​ពីរភាគបី​និយាយថា ពួកគេ​បាន​ធ្វើ​អនាម័យ​ដៃ​។ មាន​មនុស្ស​តែ ១៦ ភាគរយ​ប៉ុណ្ណោះ ពោលគឺ​រង្វង់​ម្នាក់​នាក់​ក្នុងចំណោម​ប្រាំមួយ​នាក់ មិនបាន​ធ្វើ​ការប្រុងប្រយ័ត្ន​ណា​មួយ​កាលពី​ខែ​មុន នេះ​បើ​យោង​តាម​ការស្ទង់មតិ​ជនជាតិ​អង់គ្លេស ១.៥០០ នាក់​ដោយ​អង្គការ Redfield & Wilton Strategies៕

ពលរដ្ឋ​អង់គ្លេស ៤២ ភាគរយ​បាន​ពាក់​ម៉ាស់​ឡើងវិញ​