ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ប្រាសាទ​ព្រះ​គោ ជា​ប្រសាទ​បុរាណ​មួយកន្លែង​ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​បរិវេណ​នៃ​អតីត​រាជធានី​ហរិ​ហរ​ល័យ​នា​សម័យបុរាណ​។

​នៅពេល បច្ចុប្បន្ន​ប្រាសាទ​នេះ​វា​មាន​ទីតាំងនៅ​ចំ​កណ្ដាល​រវាង​ប្រាសាទបាគង​និង​លលៃ ក្នុងភូមិ​ឪឡោក ឃុំ​ប្រាសាទបាគង ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ខាងលិច​ផ្លូវ​ទៅកាន់​ប្រាសាទបាគង ពោលគឺ​ចម្ងាយ​ប្រហែលជា ១៣ គីឡូម៉ែត្រ​ពី​ទីក្រុង​សៀមរាប​។​

​ប្រាសាទ​ព្រះ​គោ ត្រូវបាន​គេ​អះអាងថា បាន​កសាង​នៅ​សតវត្ស​ទី​៩ ដោយ​ព្រះបាទ​ឥន្ទ្រ​វរ្ម័នទី​១ (៨៧៧-៨៨៩) ដើម្បី​ឧទ្ទិស​ដល់​ព្រះ​សិវៈ​ក្នុង​ព្រហ្មញ្ញសាសនា ហើយ​គេ​ជឿជាក់ថា ត្រូវបាន សាងសង់ឡើង​ដើម្បី​ឧទ្ទិស​ដល់​មាតា បិតា​ព្រះអង្គ និង​បុព្វ​ជន ជាពិសេស​ព្រះបាទ​ជ័យ​វរ្ម័នទី​២ និង​ព្រះ​អគ្គមហេសី​ផងដែរ​។​

​ពី​ដើមឡើយ ប្រាសាទ​នេះ មាន​ឈ្មោះថា ស្រី​បរមេស្វរៈ ជា​ភាសាសំស្ក្រឹត តែ​ត្រូវគេ​ហៅ ប្រាសាទ​ព្រះ​គោ ដោយសារ​រូបសំណាក់​ព្រះ​គោ​ចំនួន​៣ នៅ​ចំ​ពីមុខ​ប្រាង្គ​ទាំងបី​នៃ​ប្រាសាទ​នេះ​៕​