​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ប្រធានាធិបតី​អាម៉េរិក​នៅ​ថ្ងៃ​សៅរ៍​ទី​១៦​កក្កដា​នឹង​បញ្ចេញ​យុទ្ធសាស្ត្រ​របស់​លោក​សំរាប់​តំបន់​មជ្ឈិមបូព៌ា​នៅពេល​លោក​បញ្ចប់​ដំណើរ​ទស្សនកិច្ច​បួន​ថ្ងៃ​មួយ​ដើម្បី​ពង្រឹង​​ជំហរ​អាម៉េរិក​និង​ចង​ប្រទេសតំបន់​នេះ​អោយ​រួម​គ្នា​ប្រឆាំង​នឹង​អ៊ីរ៉ង់​។​

​នៅក្នុង​ទីក្រុង​ចេតដា​(Jeddah)​នៅ​សមុទ្រ​ក្រហម លោកបៃ​ដិ​ននឹង​ជួប​ប្រមុខ​រដ្ឋ​នៃ​ប្រទេស​នៅ​ឈូង​សមុទ្រ​ចំនួន​ប្រាំមួយ រួម​មានអេ​ហ្ស៊ី​ប ហ្សកដានី​និង​អ៊ីរ៉ាក់ សំរាប់​ជំនួប​កំពូល​តំបន់​មួយ​។​

នៅ​​ប៉ុន្មាន​ម៉ោង​មុន​ជំនួប​កំពូល​របស់​ក្រុមប្រឹក្សា​កិច្ចសហប្រតិបត្តិការ​ឈូង​សមុទ្រ សេត​វិមាន​បាន​បញ្ចេញ​រូបភាព​ផ្កាយរណប​ដែល​បង្ហាញ​មន្ត្រី​រុស្ស៊ី​បាន​ទៅ​ទស្សនកិច្ច​អ៊ីរ៉ង់​ពីរ​លើក​នៅ​ប៉ុន្មាន​សប្តាហ៍​មក​​នេះ​ដើម្បី​ចូលរួម​ការតាំង​បង្ហាញដ្រូន​យោធា ដែល​មើលទៅ​រុស្ស៊ី​ចង់​បានវា​ដើម្បីយកទៅប្រើក្នុង​សង្គ្រាម​នៅ​អ៊ុ​យក្រែន​។​

ការបញ្ចេញ​រូបភាព​ផ្កាយរណប​បង្ហាញ​មន្ត្រី​រុស្ស៊ី​ទៅ​ទស្សនា​ព្រលានយន្តហោះ​កា​សាន​(Kashan)​កាលពី​ថ្ងៃ​៨​មិថុនា និង​១៥​កក្កដា ដើម្បី​ពិនិត្យ​មើលដ្រូ​ន​ វា​អាច​ជួយ​អោយ​រដ្ឋាភិបាល​អាម៉េរិក​ទាក់ទាញ​​បណ្តា​រដ្ឋាភិបាល​អារ៉ាប់​ជាច្រើន​ដែល​បារម្ភ​អំពី​មហិច្ឆតា​នុយក្លេអ៊ែរ​អ៊ីរ៉ង់​និង​សកម្មភាព​ផ្សេងៗ​របស់សមាសភាពតំណាអ៊ីរ៉ង់នៅក្នុង​តំបន់​។​

សូមបញ្ជាក់ថា ​ក្នុងចំណោម​ប្រទេស​ចូលរួម​ជំ​នួបកំពូល ​មិន​មាន​ប្រទេស​ណាមួយ​សហការ​ជិតស្និទ្ធ​ជាមួយ​អាម៉េរិក​ក្នុង​ការដាក់ទណ្ឌកម្ម​លើ​រុស្ស៊ី​ទេ នៅ​ពេល​ប្រទេស​អារ៉ាប់​រួម​អេ​មី​រ៉ា​ត​(​អារ៉ាប់​រួម​)​ក្លាយ​ជា​ជម្រក​សុ​វត្ថ​ភាព​​ហិរញ្ញវត្ថុ​សំរាប់​ពួក​មហាសេដ្ឋី​រុស្ស៊ី ព្រមទាំង​នាវា​កម្សាន្ត​តំលៃ​រាប់​លាន​ដុល្លារ​របស់​គេ​ផង​ដែរ​។ អេ​ហ្ស៊ី​ប​នៅតែ​បើកទទួល​ទេសចរ​រុស្ស៊ី​។​

​ការជួបជុំ​ក្រុម​មេដឹកនាំ​អារ៉ាប់​នេះ​កើតឡើង​មួយ​ថ្ងៃ​ក្រោយពី​លោកបៃ​ដិន​ជំរុញ​ប្រក្រតីភាព​ទំនាក់ទំនង​រវាង​អ៊ីស្រាអែល​និង​អា​រ៉ាប៊ីសាអូឌីត ហើយ​បាន​ស្វះស្វែង​ស្ថាបនា​ឡើងវិញ​កិច្ចសហប្រតិបត្តិការ​ជា​​មួយ​ស្តេច​អា​រ៉ាប៊ីសាអូឌីត​និង​ព្រះអង្គម្ចាស់​រជ្ជទាយាទ​ទោះជា​រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនធ្លាប់​រិះគន់​បញ្ហា​សិទ្ធិមនុស្ស​របស់​ព្រះរាជាណាចក្រ​នេះ​។​

​ប្រធានាធិបតី ចូ​ បៃ​ដិន បាន​ទៅ​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ឃី​ង អាប់​ឌុល​ឡា​ហ្ស៊ីស កាលពី​ថ្ងៃ​សុក្រ ក្នុង​ទីក្រុង​ចេតដា របស់​អា​រ៉ាប៊ីសាអូឌីត មុន​ជួបប្រជុំ​ជាមួយ​មេដឹកនាំ​អា​រ៉ាប៊ីសាអូឌីត​

សេត​វិមាន​បាន​និយាយថា ​នៅ​ពេល​លោក​ថ្លែង​ទៅ​កាន់​ក្រុមប្រឹក្សា​កិច្ចសហប្រតិបត្តិការ​ឈូង​សមុទ្រ​និង​សម្ពន្ធមិត្ត​អារ៉ាប់​របស់ខ្លួន លោកបៃ​ដិ​ននឹង​ដាក់​ចេញ​ទស្សន​វិស័យ​ច្រើន​បំផុត​របស់​លោក​សំរាប់​​តំបន់ និង​របៀប​ដែល​អាម៉េរិក​អាច​សហការ​ជាមួយ​ពួកគេ​។​

​នៅ​ជំនួប​កំពូល​នេះ​រដ្ឋាភិបាល​របស់​លោកបៃ​ដិន ក៏​នឹង​ប្រកាស​​ទឹកប្រាក់​១​ពាន់​លាន​ដុល្លារ​ជា​ជំនួយ​សន្តិសុខ​ស្បៀង​សំរាប់​តំបន់​មជ្ឈិមបូព៌ា​និង​អាហ្វ្រិក​ខាងជើង​៕