ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ប្រាសាទស្នឹងខាងលិច​ប្រាសាទស្នឹងខាងលិច មាន​ទីតាំង​ស្ថិតនៅក្នុង​វត្ត​ស្នឹង តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៧ ពី​ខេត្តបាត់ដំបង​ទៅ​ខេត្ត​ប៉ៃលិន ក្នុងភូមិ​ស្នឹង​កើត ឃុំ​ស្នឹង ស្រុក​បាណន់ ចម្ងាយ​ប្រមាណ​ជា​២០ គីឡូម៉ែត្រ ប៉ែក​ខាងលិច​ក្រុង​បាត់ដំបង និង​ប្រមាណ ៦០ គីឡូម៉ែត្រ​ពី​ទី​រួម​ខេត្ត​ប៉ៃលិន​។

​ប្រាសាទ​នេះ​មិនធំ ទេ ប៉ុន្តែ​ប្រសិនបើ​យើង​ធ្វើដំណើរ​ទៅលេង​កំសាន្ត​នៅ​បាត់ដំបង និង បៃ​លិ​ន ឈាង​ទៅ​ទស្សនា និង ចូលរ​គោរពបូជា​បន្តិច​ក៏​មិនជា​ខាត​ពេ​ត​ច្រើន​ដែរ ។

​ប្រាសាទស្នឹងខាងលិច ជា​ប្រាសាទ​ទោល កសាង​លើ​ទី​រាប ធ្វើ​អំពី​ថ្មភក់​ពណ៍​លឿង មាន​ប្លង់​រាង​បួន​ជ្រុង​ស្មើ បែរមុខ​ទៅ​ទិសខាងកើត ភ្ជាប់​ជាមួយ​សំណង់​លយ​ខាងមុខ ហើយ​មាន​ស្រះ​ទឹក​មួយ​នៅឯ​ទិសអាគ្នេយ៍​នៃ​ប្រាសាទ ។ សព្វថ្ងៃ​យើង​ពុំ​អាច​ចូលក្នុង​ប្រាសាទ​នេះ​បានទេ ដ្បិត​ផ្នែក​ខាងលើ​នៃ​ប្រាសាទ​បាក់​ធ្លាក់ចូល​ខាងក្នុង និង​បរិវេណ​ជុំវិញ​ប្រាសាទ ប៉ុន្តែ​អ្នកស្រុក​នៅ​តំបន់​ក្បែរ​នេះ នៅតែមាន​ការគោរព​បូជា​ប្រាសាទ​នេះ​ដូច​ប្រាសាទបុរាណ​ឯទៀត​ដែរ​។​

គេ​បាន​សន្និដ្ឋានបានថា ប្រាសាទស្នឹងខាងលិច កសាង​នៅក្នុង​ស​.​វ​. ទី​១១ នៃ​គ​.​ស ក្នុង​រាជ្យ​ព្រះបាទ​សូរ្យ​វរ្ម័នទី​១ ឫ​ព្រះបាទ​ឧ​ទ័យា​ទិ​ត្យ​វរ្ម័នទី​២ ក្នុង​រចនាបថ​បា​ភួ​ន​៕​