ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖សមាជិកសភាស្រីលង្កាបានជួបប្រជុំគ្នាកាលពីថ្ងៃសៅរ៍ទី១៦កក្កដាដើម្បីចាប់ផ្តើមជ្រើសរើសមេដឹកនាំថ្មីដើម្បីបម្រើអាណត្តិសេសសល់ដែលបោះបង់ចោលដោយប្រធានាធិបតី ដែលរត់គេចខ្លួនទៅក្រៅប្រទេស ហើយបានលាលែងពីតំណែងបន្ទាប់ពីការតវ៉ាដ៏ធំជុំវិញការដួលរលំសេដ្ឋកិច្ចរបស់ប្រទេស។
មួយថ្ងៃមុននេះ នាយករដ្ឋមន្ត្រីស្រីលង្កាបានស្បថចូលកាន់តំណែងជាប្រធានាធិបតីបណ្តោះអាសន្នរហូតដល់សភាជ្រើសរើសអ្នកស្នងតំណែងពីលោក ហ្គោតាបាយ៉ា រ៉ាចាប៉ាក់សា (Gotabaya Rajapaksa) ដែលអាណត្តិរបស់គាត់នឹងបញ្ចប់នៅឆ្នាំ ២០២៤។
ប្រធានសភា លោក ម៉ាហ៊ីនដា យ៉ាប៉ា អាបេវ៉ាដាណា (Mahinda Yapa Abeywardana) បានសន្យាឱ្យមានដំណើរការនយោបាយដ៏ឆាប់រហ័សនិងតម្លាភាព ដែលគួរធ្វើរួចក្នុងរយៈពេលមួយសប្តាហ៍។
ប្រធានាធិបតីថ្មីអាចតែងតាំងនាយករដ្ឋមន្ត្រីថ្មីដែលបន្ទាប់មកនឹងត្រូវអនុម័តដោយសភា។
អគ្គលេខាធិការសភា លោក ដាមមីកា ដាសាណាយ៉ាកេ (Dhammika Dasanayake) បាននិយាយក្នុងសម័យប្រជុំខ្លីមួយកាលពីថ្ងៃសៅរ៍ថាការតែងតាំងសម្រាប់ការបោះឆ្នោតប្រធានាធិបតីថ្មីនឹងត្រូវធ្វើនៅថ្ងៃអង្គារ ហើយប្រសិនបើមានបេក្ខជនច្រើនជាងម្នាក់ សមាជិកសភានឹងបោះឆ្នោតនៅថ្ងៃពុធ។
លោកដាសាណាយ៉ាកេក៏បានអានលិខិតលាលែងពីតំណែងរបស់លោកហ្គោតាបាយ៉ា ឮៗនៅក្នុងសភាផងដែរ។
ក្នុងលិខិតនោះ លោករ៉ាចាប៉ាក់សានិយាយថា លោកចុះចេញពីតំណែងតាមសំណើរបស់ប្រជាជនស្រីលង្កានិងក្រុមមេដឹកនាំគណបក្សនយោបាយនានា។ លោកបានកត់សម្គាល់ថាវិបត្តិសេដ្ឋកិច្ចកំពុងកើតមានសូម្បីនៅពេលដែលលោកចូលកាន់តំណែងនៅឆ្នាំ ២០១៩ ហើយត្រូវបានធ្វើឱ្យកាន់តែធ្ងន់ធ្ងរឡើងដោយការបិទខ្ទប់ជាញឹកញាប់ក្នុងអំឡុងពេលផ្ទុះជំងឺរាតត្បាតកូវីដ៕
ប្រធានាធិបតីបណ្តោះអាសន្ន លោក រ៉ានីល វីក្រេមេស៊ីង (ស្តាំ) សំពះស្វាគមន៍ប្រមុខក្រសួងយុត្តិធម៌លោក ចាយ៉ានថា ចាយ៉ាស៊ូរីយ៉ាអំឡុងពេលស្បថកាន់តំណែងនៅទីក្រុងកូឡុំបូកាលពីថ្ងៃសុក្រទី១៥កក្កដា ឆ្នាំ២០២២