ដោយ : ប.ជ័យ / បបន្ទាយមានជ័យ៖ កម្លាំងអាវុធហត្ថ ក្រុង ប៉ោយប៉ែត បានបង្ក្រាបករណី រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យជនជាតិថៃ ម្នាក់ រួមនឹងថ្នាំញៀន មួយចំនួន នៅវេលាម៉ោង ០៣និង៣០នាទី ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត បានឲ្យដឹងថ្ងៃទី១៦ខែកក្កដាថា ជនសង្ស័យ ដែលកម្លាំងបានឃាត់ខ្លួនឈ្មោះ គៀតតិសាក់ ខានភីត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិថៃ ជា បុគ្គលិកកាស៊ីណូ ទីកន្លែងកំណើតខេត្តសមុទ្របាកាន ប្រទេសថៃ បច្ចុប្បន្ន ស្នាក់នៅបណ្តោះអាសន្នភូមិអូរជ្រៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
អអាវុធហត្ថបានដកហូតសម្ភារៈវត្ថុតាងរួមមាន -ម្សៅក្រាម ពណ៌ស(ខេហិត) ចំនួន០៤កូនថង់កិប ទម្ងន់ ២,១៣ក្រាម, -ថ្នាំគ្រាប់រាងមូលពណ៌កាហ្វេ(ថ្នាំក្រវី) ចំនួន ០១គ្រាប់កន្លះ ទម្ងន់ ០,៥៣ក្រាម, -ទូរស័ព្ទ ចំនួន ០១គ្រឿង (ម៉ាក realme ពណ៌ខ្មៅ) ។
ជនសង្ស័យ ឈ្មោះ គៀតតិសាក់ ខានភីត បានសារភាពថា ខ្លួនពិតជាបានរក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននោះព្រោះខ្លួនញៀនថ្នាំ មិនអាចខានបាន ហើយទុកលក់បន្តខ្លះដើម្បីបានចំណេញខ្លះទុកទិញសេពបន្ត ។
លោកវរសេនីយ៍ឯក ជា តារា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារប្រឆាំងគ្រឿងញៀនបានប្រាប់ឱ្យដឹងថា :ការបង្ក្រាបនេះដោយទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី លោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
ជនសង្ស័យ រួមនិងវត្ថុតាងត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្ត អនុវត្តតាមនីតិវិធីហើយនៅថ្ងៃសៅរ៍ ទី១៦ ខែកក្កដា ឆ្នាំ ២០២២៕