ដោយ: ប.ជ័យ / បន្ទាយមានជ័យ: ដើម្បីបង្ការ ទប់ស្កាត់និងក៏ឱ្យយល់ដឹងពីប្រភេទសារធាតុញៀនថ្មី កាលពីថ្ងៃទី១៤-១៥ ខែកក្កដា ឆ្នាំ២០២២ ដោយយោងការយកចិត្តទុកដាក់ខ្ពស់ពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យនោះ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានបញ្ជារផ្ទាល់កម្លាំងផ្នែកនគរបាលយុត្តិធម៌ និងកម្លាំងផ្នែកប្រឆាំងគ្រឿងញៀន ចុះណែនាំដល់ក្រុម យុវជន យុវតី និងកន្លែងដែលមានលក់/ ប្រើប្រាស់ស៊ីហ្សា និងបារីអេឡិចត្រូនិច (SISHA និង E-Cigarette) ដើម្បី ឱ្យយល់ដឹងពីប្រភេទសារធាតុញៀនថ្មី ដែលធ្វើឱ្យប៉ះពាល់សុខភាពយ៉ាងធ្ងន់ធ្ងរ។ ពោលគឺជាបារី អាជ្ញាធរសមត្ថកិច្ចមិនអនុញ្ញាតិឱ្យប្រើប្រាស់ឡើយ។
លោកវរសេនីយ៍ឯក សៅ សារឿន បានឲ្យដឹងបន្តថា កម្លាំងនគរបាលក្រុងសិរីសោភ័ណ និងកម្លាំងនគរបាលសង្កាត់ប៉ុស្តិ៍ព្រះពន្លា បានធ្វើករការត្រួតពិនិត្យវត្ថុតាងដូចជាឧបករណ៍ និងវត្ថុ ដែលពាក់ព័ន្ធការប្រើប្រាស់សុីហ្សា និងបារីអេឡិចត្រូនិច មានម៉ាស៊ីនYOOZ ម៉ាស៊ីន Vape ទឹកថ្នាំ Vape ទឹកថ្នាំ YOOZ សំឡី ជាដើម។ ប៉ុន្តែ រកឃើញតិចតួចណាស់នៅខាងក្រៅប្លុកកាស៊ីណូ ព្រោះម្ចាស់អាជីវកម្មនៃរបរនេះ មិនទាន់ធ្វើអាជីវកម្មផុលផុសនៅឡើយ .
ម្ចាស់ទីតាំងលក់ផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិចនោះ ក៏មានមានតិចតួច នៅភូមិសាស្ត្រខាងក្រៅបរិវេណកាស៊ីណូ នាក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។
លោកនិងកម្លាំងបានបន្ត ការចុះធ្វើការអប់រំ និងធ្វើកិច្ចសន្យាដល់ម្ចាស់ទីតាំងលក់ផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិច មិនឲ្យលក់បន្តទៀតនេះ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានឲ្យកំលាំងនគរបាលចុះធ្វើការស្រាវជ្រាវរុករកទីតាំងណាដែលលួចលាក់ ចែកចាយ និងប្រើប្រាស់ ផលិតផលស៊ីហ្សា និងបារីអេឡិចទ្រនិចនេះ ត្រូវចុះបង្ក្រាបជាបន្ទាន់ ។
ពោលគឺលោកស្នងការបានចេញបំរាម /១ការធ្វើអាជីវកម្ម និងការនាំចូលផលិតផលស៊ីហ្សា និងបារីអេឡិចត្រូនិច ត្រូវទប់ស្កាត់ជាបន្ទាន់២/មិនត្រូវផ្ដល់ទីតាំងឬកន្លែងប្រើប្រាស់ ស៊ីហ្សានិងបារីអេឡិចត្រូនិច គ្រប់រូបភាពណាក៏ដោយ៕