ដោយ​៖ ម៉េង​ឆៃ / ភ្នំពេញ​៖ នៅក្នុង​សប្តាហ៍​នេះ មាន​ព្រឹត្តិការណ៍​ជាតិ​ជាច្រើន​បានកើត​ឡើង​។ ក្នុងនោះ មាន​កិច្ចប្រជុំ​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​របស់​កម្ពុជា រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម នៅ​ឆ្នាំ​២០២៣ សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អា​បេ រួមទាំង​សន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា ជាដើម​។​

១-សម្ដេច​តេ​ជោ ហ៊ុន សែន ដាក់ចេញ​អនុសាសន៍​មួយចំនួន ជំ​រុញឱ្យ​ការធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម នៅ​ឆ្នាំ​២០២៣

​កាលពី​ថ្ងៃទី​១១ ខែកក្កដា សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ាន​ប៉ា​រ៉ា​ហ្គេម និង​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍​។ ក្នុង​ពិធី​នេះ សម្តេច​តេ​ជោ បានដាក់​ចេញ​នូវ​អនុសាសន៍ ៤​ចំណុច​សំខាន់ៗ សម្រាប់​ការត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ ក្នុងការ​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ឱ្យ​ទទួលបាន​ជោគជ័យ​។​

២-សម្តេច​តេ​ជោ អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន នៅ​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា​នៅ​រសៀល​ថ្ងៃទី​១១​កក្កដា

​កាលពី​រសៀល​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ដឹកនាំ​មន្ត្រីជាន់ខ្ពស់ ក្នុង​ជួរ​រាជរដ្ឋាភិបាល អញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ នៅ​ស្ថានទូត​ជប៉ុន ប្រចាំ​កម្ពុជា​។ តាម​សម្តេច​តេ​ជោ មរណភាព​របស់លោក ស៊ិន​ហ្សូ អា​បេ គឺជា​រឿង​រាវ​ដ៏​គួរអោយ​សោកស្តាយ តក់ស្លុត រន្ធត់ និង​អាឡោះអាល័យ​បំផុត​។ ដើម្បី​ចូលរួម​រំលែក​មរណទុក្ខ​ជាមួយ​ក្រុមគ្រួសារ ប្រជាជន និង​រាជ​រដ្ឋ​ភិ​បាលជ​ប៉ុន រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ជ្រើស​រើសយក​ថ្ងៃទី​១០ ខែកក្កដា​ជា​ថ្ងៃ​កាន់ទុក្ខ​ជា​ផ្លូវការ ដោយ​បង្ហូតទង់ជាតិ ត្រឹម​ពាក់កណ្តាល​ដង និង​ធ្វើ​ពិធី​ស្មឹង​ស្មា​ត នៅមុន​កិច្ចប្រជុំ​នានា​ផងដែរ​។​

៣-​ប្រជាពលរដ្ឋ និង​សិស្ស​និស្សិត​កម្ពុជា សម្តែង​ការសោកស្តាយ​ចំពោះ​ការ​មរណភាព​របស់លោក ស៊ីន​ហ្សូ អា​បេ

​ប្រជាជន​កម្ពុជា​ជាច្រើន បាន​សម្តែង​ការសោកស្តាយ​ចំពោះ​មរណភាព​របស់លោក ស៊ីន​ហ្សូ អា​បេ ដោយ​ពួកគេ​បាន​លើកឡើងថា ការបាត់បង់​នេះ គឺជា​ការបាត់បង់​វីរជន​ដ៏​ល្អ​ម្នាក់ ខណៈ​លោក ស៊ីន​ហ្សូ អា​បេ មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​កម្ពុជា​។ ទន្ទឹមនឹងនេះ ប្រជាជន និង​និស្សិត​កម្ពុជា ក៏បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការ​មរណភាព​របស់លោក ស៊ីន​ហ្សូ អា​បេ ដែល​ត្រូវ​ឃាតក បាញ់សម្លាប់ កាលពី​ថ្ងៃ​សុក្រ ទី​៨ ខែកក្កដា​។

៤-អាជ្ញាធរ ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន ខណៈ​ធាតុអាកាស​ខេត្ត នៅ​តំបន់ឆ្នេរ មាន​ភ្លៀង ខ្យល់​កន្ត្រាក់ និង​រលក​សមុទ្រ​ខ្ពស់ៗ

​មន្ត្រី​ជំនាញ បានប្រកាស​អំពាវនាវ​ឱ្យ​អ្នកធ្វើដំណើ​តាមផ្លូវ​ទឹក​បង្កើន​ការប្រុងប្រយ័ត្ន​ខ្ពស់ ខណៈ​ខេត្ត​នៅ​តំបន់ឆ្នេរ​ទាំង​៤ កាលពី​ថ្ងៃ​ចន្ទ ទី​១១ ខែកក្កដា មាន​ភ្លៀង ខ្យល់​កន្ត្រាក់ និង​រលក​សមុទ្រ​ខ្ពស់ៗ ចន្លោះ​ពី ៣​ទៅ ៤​ម៉ែត្រ​។ ក្រសួង​ធនធានទឹក និង​ឧតុនិយម ក៏បាន​ប្រកាស​ពី​អាកាសធាតុ​នៅ​កម្ពុជា​យើង ចាប់ពី​ថ្ងៃទី​១១ ដល់​ថ្ងៃទី​១៤​កក្កដា មាន​ភ្លៀង​ធ្លាក់​រាយប៉ាយ លាយឡំ​ផ្គរ​រន្ទះ និង​ខ្យល់​កន្ត្រាក់ ពិសេស​តំបន់​មាត់សមុទ្រ​ភ្លៀង​ខ្លាំង ខ្យល់​ខ្លាំង និង​រលក​សមុទ្រ​ខ្ពស់ៗ​។ ក្នុងនោះ​ផ្នែក​មួយចំនួន នៅក្នុង​ខេត្តកោះកុង និង​ខេត្ត​ព្រះសីហនុ អាច​ជួបប្រទះ​នូវ​ជំនន់​ទឹកភ្លៀង​។ នៅ​ល្ងាច​ថ្ងៃទី​១២​កក្កដា កំណាត់​ផ្លូវជាតិ​លេខ​៤ នៅ​ស្រុក​កំពង់​សិលា ត្រូវ​ទឹកភ្លៀង​ជន់​លិច ដោយ​ត្រូវ​ផ្អាក​ចរាចរណ៍​ជាង ៥​ម៉ោង​។ រីឯ​នៅ​ខេត្តកោះកុង ក៏មាន​ជំនន់​ទឹកភ្លៀង ទឹក​ហូរ​ដាច់​ផ្លូវ​។ នៅ​ខេត្តមណ្ឌលគិរី និង​តំបន់​ផ្សេងទៀត ក៏មាន​ភ្លៀង ជន់​លិច​ផងដែរ​។​

តំបន់ឆ្នេរ​ខេត្ត​ព្រះសីហនុ នៅថ្ងៃនេះ មាន​ភ្លៀង​ច្រើន និង​រលក​ខ្ពស់ៗ​ -  Rasmei Kampuchea Daily

៥-​អាជ្ញាធរ​មីន គ្រោង​ប្រើ​ថវិកា​ជាង ៧៦​ម៉ឺន​ដុល្លារ ដើម្បី​បោសសម្អាត​មីន​ឲ្យ​អស់ពី​ក្នុង​ខេត្ត​ត្បូងឃ្មុំ​

​អាជ្ញាធរ​មីន និង​មជ្ឈមណ្ឌល​ជាតិ​គ្រប់គ្រង​កងកម្លាំង​រក្សា​សន្តិភាព បោសសម្អាត​មីន និង​កាកសំណល់​សង្គ្រាម បាន​ចុះកិច្ចសន្យា​ជាមួយគ្នា លើ​ការងារ​បោសសម្អាត​មីន ឲ្យ​អស់​ក្នុង​ខេត្ត​ត្បូងឃ្មុំ ដោយ​ប្រើ​រយៈពេល ៦​ខែ​។ បើតាម​អាជ្ញាធរ​មីន ដើម្បី​បោសសម្អាត​គ្រាប់មីន​ឲ្យ​អស់់​នៅ​ខេត្ត​ត្បូងឃ្មុំ គឺ​គ្រោង​ប្រើប្រាស់​ថវិកា​សរុប​ចំនួន​ជាង ៧៦​ម៉ឺន​ដុល្លារ​អាមេរិក ហើយ​ប្រតិបត្តិការ ចាប់ផ្តើម​នៅ​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២ តទៅ​។

៦-​ឧបការី​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាម៉េរិក បំពេញ​ទស្សនកិច្ច​ការងារ ២​ថ្ងៃ នៅ​កម្ពុជា

​ឧបការី​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាម៉េរិក លោក ដា​ញែ​ល គ្រី​ថេ​ន​ប្រ៊ី​ង បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ការងារ ២​ថ្ងៃ នៅ​កម្ពុជា​។ បើតាម​ព័ត៌មាន​ពី​ក្រសួងការបរទេស​កម្ពុ​ជា លោក​ឧបការី​រដ្ឋមន្ត្រីការបរទេស​សហរដ្ឋ​អាម៉េរិក បាន​អញ្ជើញ​មកដល់​កម្ពុជា នៅ​ថ្ងៃទី​១២ ខែកក្កដា​។ លោក ដា​ញែ​ល គ្រី​ថេ​ន​ប្រ៊ី​ង បាន​ជួបពិភាក្សា​ការងារ​ជាមួយ​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​កម្ពុជា នា​ល្ងាច​ថ្ងៃទី​១២​កក្កដា និង​ជួប​មន្ត្រីជាន់ខ្ពស់​ផ្សេងទៀត ក្នុង​ជួរ​រាជរដ្ឋាភិបាល​កម្ពុជា ដើម្បី​ពិភាក្សាគ្នា​អំពី​ទំនាក់ទំនង​ទ្វេភាគី ការគាំទ្រ​របស់​អាម៉េរិក​លើ​កម្ពុជា ដែល​កម្ពុជា កំពុង​បំពេញ​តួនាទី​ជា​ប្រធាន​អាស៊ាន រួមទាំង​ដំណោះស្រាយ​ក្នុង​តំបន់ និង​លើ​ពិភពលោក​។​

៧-​ក្រុមប្រឹក្សាធម្មនុញ្ញ ទូលថ្វាយ​ព្រះមហាក្សត្រ​ថា ការធ្វើ​វិសោធនកម្ម​ច្បាប់​ធម្មនុញ្ញ ពុំ​ប៉ះពាល់​ដល់​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​របបរាជានិយម​ឡើយ

​ក្រុមប្រឹក្សាធម្មនុញ្ញ នៅ​ព្រឹក​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០២២ បាន​បើក​កិច្ចប្រជុំពេញអង្គ ដើម្បី​ពិនិត្យ និង​រៀបចំ​សេចក្តីក្រាបបង្គំទូលថ្វាយ​ព្រះករុណា ព្រះមហាក្សត្រ ចំពោះ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញ ស្តីពី​វិសោធនកម្ម​មាត្រា​១៩ ថ្មី​(​មួយ​) មាត្រា​៨៩ មាត្រា​៩៨ ថ្មី មាត្រា​១០២ ថ្មី មាត្រា​១១៩ ថ្មី​(​មួយ​) និង​មាត្រា​១២៥ ថ្មី នៃ​រដ្ឋធម្មនុញ្ញ និង​មាត្រា​៣ ថ្មី និង​មាត្រា​៤ ថ្មី នៃ​ច្បាប់​ធម្មនុញ្ញ​បន្ថែម សំដៅ​ធានា​នូវ​ដំណើរការ​ជា​ប្រក្រតី​នៃ​ស្ថាប័ន​ជាតិ​។ ក្រោយ​កិច្ចប្រជុំ ក្រុមប្រឹក្សាធម្មនុញ្ញ​បានទូល​ថ្វាយ​ព្រះមហាក្សត្រ​ថា រាជ​រដ្ឋ​ឋា​ស្នើ​ធ្វើ​វិសោធនកម្ម​ច្បាប់​ធម្មនុញ្ញ លើក​ទី​១០​នេះ ពុំ​ប៉ះពាល់​ដល់​ប្រជាធិបតេយ្យ សេរី​ពហុបក្ស និង​របបរាជានិយម​ឡើយ​។​

៨-​សម្តេច​តេ​ជោ ហ៊ុន សែន ណែ​នាំឱ្យ​រួមគ្នា យកចិត្តទុកដាក់​រឿង​ទេសចរ​ផ្ទៃក្នុង គ្រា​ដែល​បច្ចុប្បន្ន​ទេស​ចរអ​ន្ត​រ​ជាតិ កំពុងស្ថិត​ក្នុងស្ថានភាព​មិន​ច្បាស់លាស់

​ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​បិទ​សន្និបាត​បូកសរុប​ការងារ​ទេសចរណ៍ កាលពី​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានដាក់​ចេញ​នូវ​អនុសាសន៍ ក៏ដូចជា ការណែនាំ​មួយចំនួន ដល់​អ្នកធ្វើការងារ​ពា​ក់​ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍ ទាំង​រដ្ឋ និង​ទាំង​ផ្នែក​ឯកជន ត្រូវ​រួមគ្នា​អភិវឌ្ឍន៍​ផលិតផល​ទេសចរណ៍ និង​ផ្នែក​ពាក់ព័ន្ធ​ដែល​បម្រើឱ្យ​ទេសចរណ៍ ដូចជា ផ្លូវ អគ្គិសនី ទឹក និង​សេវា​អ៊ី​ន​ធើ​ណេ​ត ជាដើម ដើម្បី​ទាក់ទាញ​ទេសចរ​ផ្ទៃក្នុង គ្រា​ដែល​ទេសចរ​អន្តរជាតិ កំពុងស្ថិត​ក្នុងស្ថានភាព​មិន​ច្បាស់លាស់​នៅឡើយ ដោយសារ​ឥទ្ធិពល​សង្គ្រាម​រុស្ស៊ី​-​អ៊ុយ​ក្រែ​ន ការដាក់ទណ្ឌកម្ម​សេដ្ឋកិច្ច ជំងឺ​កូ​វីត​១៩ និង​ការដាក់ចេញ​គោលនយោបាយ​សូន្យ​កូ​វីត​របស់​ប្រទេស​ចិន ជាដើម​។

៩-​រដ្ឋមន្ត្រីការបរទេស​បង់​ក្លា​ដែ​ស បំពេញ​ទស្សនកិច្ច​ផ្លូវការ​រយៈពេល ៣​ថ្ងៃ នៅ​កម្ពុជា

​រដ្ឋមន្ត្រីការបរទេស​នៃ​សាធារណរដ្ឋ​ប្រជាមានិត​បង់​ក្លា​ដែ​ស លោក​បណ្ឌិត អេ ខេ អាប់​ឌុល ម៉ូ​មិន បាន​បំពេញ​ទស្សនកិច្ច​ផ្លូវការ នៅ​កម្ពុជា រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៤-១៦​កក្កដា ២០២២​។ ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​បណ្ឌិត អេ ខេ អាប់​ឌុល ម៉ូ​មិន បាន​អញ្ជើញ​ចូលជួប​សម្តែង​ការគួរសម​សម្តេច​តេ​ជោ​ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១៥​កក្កដា មុន​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​។​

១០-រដ្ឋមន្ត្រី​យុត្តិធម៌ បង្ហាញ​ពី​គោលបំណង និង​ខ្លឹមសារ​នៃ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ធម្មនុញ្ញ

​កាលពី​រសៀល​ថ្ងៃទី​១៤ ខែកក្កដា រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក កើត រិ​ទ្ធ បានធ្វើ​សន្និសីទកាសែត បង្ហាញ​ពី​គោលបំណង និង​ខ្លឹមសារ​នៃ​ការធ្វើ​វិសោធនកម្ម​ច្បាប់​ធម្មនុញ្ញ លើក​ទី​១០ នាពេលនេះ​។ លោក កើត រិ​ទ្ធ បាន​បញ្ជាក់ថា គោលបំណង​នៃ​ធ្វើ​វិសោធនកម្ម​ច្បាប់​ធម្មនុញ្ញ ចំនួន ៨​មាត្រា លើក​ទី​១០​នេះ គឺ​ដើម្បី​បំពេញបន្ថែម​ចំនុច​ខ្វះខាត​រដ្ឋធម្មនុញ្ញ ដែល​បានប្រកាស​ឲ្យ​ប្រើប្រាស់​កាលពី​ឆ្នាំ​១៩៩៣ និង​ដើម្បី​បម្រើ​ដល់​ឧ​ត្ត​ម​ប្រយោជន៍​ជាតិ និង​មាតុភូមិ​កម្ពុជា​។

១១-​ប្រជាពលរដ្ឋ ចាប់ផ្តើម​អនុវត្ត​វិធាន​សុខាភិបាល​ឡើងវិញ បន្ទាប់ពី​ប្រមុខ​រាជរដ្ឋាភិបាល ក្រើនរំលឹក កុំឱ្យ​ធ្វេសប្រហែស​នឹង​កូ​វីដ

​បន្ទាប់ពី​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញ​សារ​ក្រើនរម្លឹក​ពី​កូ​វីដ កាលពី​ថ្ងៃទី​១៣​កក្កដា​កន្លងទៅ រួចមក ប្រជាពលរដ្ឋ បាន​ត្រឡប់​ទៅ​អនុវត្ត​វិធានការ​សុខាភិបាល​ឡើងវិញ​។ ការបន្ត​វិធានការ ៣​កុំ និង​៣​ការពារ​នេះ បន្ទាប់ពី​កម្ពុជា ទើបតែ​រកឃើញ​ករណី​វីរុស​កូ​វីដ​១៩ ប្រភេទ​អូ​មី​ក្រុង​ថ្មី ដែលមាន​លទ្ធភាព​ឆ្លង​លឿន​ជាង​មុន​។ ចំនួន​អ្នក​ឆ្លង​កូ​វីដ​១៩ ត្រូវបាន​ក្រសួងសុខាភិបាល ប្រកាស​រៀងរាល់ថ្ងៃ កើន​ដល់​លេខ​២​ខ្ទង់ គឺ​ជាង ១០​នាក់ ក្នុង ១​ថ្ងៃៗ​។ តែ​មិនមាន​អ្នកស្លាប់​ដោយសារ​កូ​វីដ​ទៀត​ទេ​។ ចំពោះមុខ​នេះ ក្រសួងសុខាភិបាល និង​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ កុំ​ធ្វេសប្រហែស និង​ត្រូវ​នាំគ្នា​ទៅ​ចាក់​វ៉ាក់សាំង ឱ្យបាន​គ្រប់ៗ​គ្នា​។

១២-ក្រសួងសុខាភិបាល ណែនាំ​ពី​ការត្រៀម និង​ឆ្លើយតប នៅពេល​មាន​គ្រោះទឹកជំនន់

​កាលពី​ថ្ងៃទី​១៥ ខែកក្កដា លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល បានចេញ​សេចក្តីណែនាំ ស្តីពី​ការត្រៀម និង​ឆ្លើយតប នៅពេល​មាន​គ្រោះទឹកជំនន់​។ នោះ​គឺ​អាជ្ញាធរ​សមត្ថកិច្ច និង​សាធារណជន ត្រូវ​ត្រៀមលក្ខណៈ និង​ឆ្លើយតប នៅ​មុនពេល​ទឹកជំនន់ នៅពេល​មាន​ទឹកជំនន់ និង​នៅក្រោយ​ទឹកជំនន់​។ ក្នុងនោះ ក្រៅពី​ប្រុងប្រយ័ត្ន​បញ្ហា​សុខភាព ក្រសួងសុខាភិបាល ក៏បាន​ណែនាំ​ឱ្យ​បង្កើន​ការប្រុងប្រយ័ត្ន ជៀសវាង​ការ​លង់ទឹក ពិសេស​ចំពោះ​កុមារ ជនពិការ និង​ចាស់ជរា​ផងដែរ​។​

១៣-​រាជរដ្ឋាភិបាល បន្ត​លើកលែង​ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍​

​រាជរដ្ឋាភិបាល បានសម្រេច​បន្ត​លើកលែង​ពន្ធ​ប្រចាំខែ​គ្រប់​ប្រភេទ លើកលែងតែ​ពន្ធ​លើ​ប្រាក់​បន្ថែម VAT ចំពោះ​សណ្ឋាគារ ផ្ទះសំណាក់ និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ រយៈពេល ៣​ខែ​ទៀត ពី​ខែកក្កដា ដល់​ខែកញ្ញា ឆ្នាំ​២០២២​។ សេចក្តីសម្រេច​របស់​រា​ជ​រដ្ឋាភិបាល​ដូច្នេះ ធ្វើឡើង កាលពី​ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២២ តាមរយៈ​សេចក្តីប្រកាស ស្តីពី វិធានការ​បន្ថែម សម្រាប់​បន្ត​គ្រប់គ្រង​ផលប៉ះពាល់ និង​គាំទ្រ​ការ​ងើប​ឡើងវិញ នៃ​វិស័យ​ទេសចរណ៍​។​

១៤-​គណបក្ស​ប្រជាជន​កម្ពុជា រៀបចំ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​វិសាមញ្ញ រយៈពេល ២​ថ្ងៃ​

​ដូច​ការគ្រោងទុក កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៦ ខែកក្កដា គណបក្ស​ប្រជាជន​កម្ពុជា បានចាប់ផ្តើម​រៀបចំ​សន្និបាត​គណៈកម្មាធិការ​កណ្តាល​វិសាមញ្ញ រយៈពេល ២​ថ្ងៃ នៅ​ទីស្នាក់ការ​កណ្តាល ក្នុង​រាជធានី​ភ្នំពេញ​។ សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​វិសាមញ្ញ របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃទី​១៦ និង​ថ្ងៃទី​១៧ ខែកក្កដា​នេះ ប្រារព្ធ​ឡើង ក្រោម​អធិបតីភាព សម្តេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា ដោយ​អនុប្រធាន​គណបក្ស​ទាំង ៤​រូប សមាជិក​អចិន្ត្រៃយ៍ សមាជិក​គណៈកម្មាធិកា​រ​កណ្តាល រួមទាំង​តំណាង​ថ្នាក់ដឹកនាំ នៅ​មូលដ្ឋាន​រាជធានី​ខេត្ត ចូលរួម​ផងដែរ​។ សន្និបាត​រយៈពេល ២​ថ្ងៃនេះ ដើម្បី​វាយតម្លៃ​ពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ កន្លងមក និង​លើក​ទិសដៅ​ការងារ​ឆ្ពោះទៅ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣៕​