ដោយៈ មុនីរ័ត្ន/ភ្នំពេញ៖ លោក ស សុខា ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ពិភពលោក (World Games) ឆ្នាំ២០២២ នៅសហរដ្ឋអាមេរិក កីឡាការិនីប៊ូល និងប៉េតង់កម្ពុជា បានបំបែកនូវកំណត់ត្រាជាប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់កម្ពុជា ក៏ដូចជាសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា។ ក្នុងនោះកីឡាការិនី អ៊ុក ស្រីមុំ ដណ្តើមបានមេដាយមាស ១គ្រឿង បន្ទាប់ពីបានយកឈ្នះកីឡាការិនីម្ចាស់ផ្ទះសហរដ្ឋអាមេរិក លើវិញ្ញាសាវាយយកពិន្ទុ ដោយលទ្ធផល ៤១ ទល់ ២១ និងបន្ទាប់មកកីឡាការិនី អ៊ុក ស្រីមុំ និងកីឡាការិនី អ៊ុន ស្រីយ៉ា ដណ្តើមបានមេដាយមាស លើវិញ្ញាសា ២នាក់ទល់នឹង២នាក់ ដោយយកឈ្នះកីឡាការិនីមកពីប្រទេសបារាំង នៅក្នុងព្រឹត្តិការណ៍កម្រិតពិភពលោក ដែលមានរហូតដល់ ១១០ប្រទេស និងអត្តពលិក ប្រមាណ ៣.៦០០នាក់ ចូលរួមប្រកួតប្រជែង។
លោក ស សុខា និងភរិយា រួមនឹងថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា ទទួលស្វាគមន៍វត្តមានវិលត្រឡប់មកកាន់មាតុប្រទេសវិញ របស់ក្រុមកីឡាការិនីប៉េតង់កម្ពុជា ពីព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ពិភពលោក (World Games) ឆ្នាំ២០២២ នៅសហរដ្ឋអាមេរិក នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២ ៕