​ប្រែ​សម្រួលៈ​បំណង​(ST)៖ ប្រធានាធិបតី​អាម៉េរិក​លោក ចូ បៃ​ដិន កាលពី​ថ្ងៃ​សៅរ៍ បាន​ប្រាប់​ក្រុម​មេដឹកនាំ​អារ៉ាប់​ថា អាម៉េរិក​នឹង​នៅតែ​ជា​ដៃគូ​សកម្ម​មួយ​នៅក្នុង​តំបន់​មជ្ឈិម​បូព៌ា បន្ទាប់ពី​លោក​​បរាជ័យ​ក្នុង​ការធានា​បាន​ការសន្យា​តាំងចិត្ត​សំរាប់​សម្ពន្ធភាព​សន្តិសុខ​តំបន់​មួយ​ដែល​នឹង​រួមបញ្ចូល​អ៊ីស្រាអែល ឬ​ការសន្យា​របស់​តំបន់​នេះ​ថា​នឹង​បង្កើន​ការផលិត​ប្រេង​អោយ​ច្រើនឡើង​​។​

​លោក​ក៏​បាន​អំពាវនាវ​អោយ​ក្រុម​មេដឹកនាំ​ក្នុង​តំបន់​នេះ​ចាត់​ទុក​សិទ្ធិ​មនុស្ស​ជា​កម្លាំង​ដ៏​មាន​ឥទ្ធិពល​មួយ​នៃ​ការផ្លាស់ប្តូរ​សេដ្ឋកិច្ច​និង​សង្គម​ផង​ដែរ​។​

​ក្នុង​សុន្ទរកថា​មួយ​លោក​បាន​និយាយថា «​សហរដ្ឋ​អាម៉េរិក​ហក់​ចូលមក​ស្ថាបនា​អនាគត​វិជ្ជមាន​មួយ​សំរាប់​តំបន់ ក្នុង​ភាពជា​ដៃគូ​ជាមួយ​ទាំងអស់គ្នា។ អាម៉េរិក​នឹងមិន​ទៅ​ណា​ទេ​»​។​

​បៃ​ដិន ដែល​បាន​ចាប់ផ្តើម​ដំណើរ​ទស្សនកិច្ច​មជ្ឈិម​បូព៌ា​ចេញពី​ប្រទេស​អ៊ីស្រាអែល បានបង្ហាញ​ទស្សនវិស័យ​និង​យុទ្ធសាស្ត្រ​របស់​លោក​សំរាប់​ការចូលរួម​ពាក់ព័ន្ធ​របស់​អាម៉េរិក​នៅក្នុង​តំបន់​មជ្ឈិម​បូព៌ា នៅ​ជំនួប​កំពូល​អារ៉ាប់​នៅក្នុង​ក្រុង​ចេតដា ។​តែ​សេចក្តីថ្លែងការណ៍​នៃ​កិច្ចប្រជុំ​មាន​ភាពមិនច្បាស់លាស់ ហើយ​អា​រ៉ាប៊ីសាអូឌីត ដែល​ជា​សម្ពន្ធមិត្ត​សំខាន់​បំផុត​របស់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​នៅ​​ក្នុង​ក្រុម​ប្រទេស​អារ៉ាប់ បានធ្វើអោយ​ក្តីសង្ឃឹម​របស់​អាម៉េរិក​ថា​ជំនួប​កំពូល​នេះ​នឹង​អាច​ជួយ​ការចាប់ផ្តើម​សម្ពន្ធភាព​សន្តិសុខ​តំបន់​មួយ រួមបញ្ចូល​ទាំង​អ៊ីស្រាអែល​​ដើម្បី​ទប់ទល់​នឹង​ការ​គំរាម​ពី​​អ៊ីរ៉ង់​នោះ ត្រូវ​រលាយ​។​

​ក្នុងអំឡុងពេល​ប្រជុំ​ជាមួយ​រជ្ជទាយាទ​អា​រ៉ាប៊ីសាអូឌីត ព្រះអង្គម្ចាស់ ម៉ូ​ហា​ម៉េត ប៊ីន សាល់​ម៉ាន់ ( Mohammed bin Salman)​លោកបៃ​ដិនបាន​លើកឡើង​អំពី​បញ្ហា​រសើបៗ​ខ្លាំង ដូច​ជា​សិទ្ធិ​មនុស្ស​ជា​​ហេតុ​នាំអោយ​មាន​ការរិះគន់​តប​វិញ​ពី​ព្រះអង្គម្ចាស់​។​

​មន្ត្រី​ជាន់ខ្ពស់​ម្នាក់​នៃ​រដ្ឋបាល​អាម៉េរិក​បាន​ប្រាប់​អ្នកយក​ព័ត៌មាន​ថា «​យើង​ជឿ​ថា​វា​មាន​តំលៃ​ខ្លាំងណាស់​ក្នុង​ការរួម​បញ្ចូល​សមត្ថភាព​ជាច្រើន​នៅក្នុង​តំបន់​នេះតាម​លទ្ធភាព​អាច​ធ្វើបាន និង​ប្រា​​កដ​ណាស់​អ៊ីស្រាអែល​មាន​សមត្ថភាព​ការពារ​ដែនអាកាស​និង​ប្រឆាំង​កាំជ្រួច​លេចធ្លោ​ជាងគេ ​។​តែ​យើង​កំពុង​ពិភាក្សា​បញ្ជា​ទាំងនេះ​ជាមួយ​បណ្តា​ប្រទេស​អារ៉ាប់​»​។​

តែ​ផែន​ការភ្ជាប់​ប្រព័ន្ធ​ការពារ​ដែនអាកាស​នេះ​អាចជា​កិច្ចការ​ពិបាក​ទាក់ទាញ​មួយ​សំរាប់​បណ្តា​ប្រទេស​អារ៉ាប់ ដែល​មិន​មាន​ទំនាក់ទំនង​ជាមួយ​អ៊ីស្រាអែល​និង​ជំទាស់​នឹង​ការ​ក្លាយខ្លួន​ជា​ផ្នែក​នៃ​សម្ពន្ធ​​ភាព​មួយ ដែល​ត្រូវ​គេ​មើលឃើញ​ថា​ប្រឆាំងនឹង​អ៊ីរ៉ង់ ដែល​មាន​បណ្តាញ​ក្រុម​តំណាង​ដ៏​រឹង​មាំ​មួយ​នៅក្នុង​តំបន់ រួម​ទាំង​នៅក្នុង​ប្រទេស​អ៊ីរ៉ាក់ លី​បង់ និង​យេ​ម៉ែន​។​

​រដ្ឋមន្ត្រីការបរទេស​អា​រ៉ាប៊ីសាអូឌីត បាន​និយាយថា លោក​មិន​បានដឹង​អំពី​ការពិភាក្សាគ្នា​ណា​មួយ​ស្តីពី​«​សម្ពន្ធភាព​យោធា​ឈូង​សមុទ្រ​-​អ៊ីស្រាអែល​»​ស្អីនោះទេនិង​ថា​ព្រះ​ជាណា​ចក្រ​របស់​ទ្រង់​ក៏មិន​បាន​ចូល​ពាក់ព័ន្ធ​​ក្នុង​កិច្ចពិភាក្សា​នេះ​ដែរ។​លោក​ថា រដ្ឋាភិបាល​ទីក្រុង​រី​យ៉ាត​(​អា​រ៉ាប៊ីសាអូឌីត​) បើកចំហ​ដែនអាកាស​របស់ខ្លួន​សំរាប់​ក្រុមហ៊ុន​អាកាសចរណ៍​ទាំងអស់ និង​ថា​វា​មិន​ពាក់ព័ន្ធ​នឹង​ការបង្កើត​ទំនាក់ទំនង​ការទូត​​ជាមួយ​អ៊ីស្រាអែល​ឡើងវិញ​ឡើយ​៕

​ប្រធានាធិបតី​អាម៉េរិក លោកចូ បៃ​ដិន ក្នុងជំនួប​កំពូល​អារ៉ាប់​កាលពី​ថ្ងៃ​សៅរ៍​