ដោយ: បូកគោ/កំពត: ម៉ូតូពីរគ្រឿង បានប៉ះគ្នាពេញទំហឹងបណ្តាលឲ្យមនុស្សប្រុសបួននាក់រងរបួសធ្ងន់ដោយដេកដួលរដូករណែលលើដងផ្លូវជាតិលេខ៣៣ស្ថិតក្នុងភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២។
លោកវរសេនីយ៍ត្រី សៅ ម៉ាលី អធិការរងទទួលការងារចរាចរណ៍ផ្លូវគោកនៃអធិការដ្ឋានស្រុកទឹកឈូ បានប្រាប់ឲ្យដឹងថាជនរងរបួសទាំងបួននាក់ រួមមាន៖ ១. ឈ្មោះ ឃួន ថុន អាយុ ១៨ឆ្នាំ, ២.ឈ្មោះហែម មករា អាយុ ១៨ឆ្នាំ។ ទាំងពីរនាក់រស់នៅភូមិអូរក្រសារ សង្កាត់កែប ក្រុងកែប ខេត្តកែប។ ៣. ឈ្មោះអ៊ីង ឃីម អាយុ ៣៨ឆ្នាំ រស់នៅភូមិត្រពាំងធំ ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។ ៤. ឈ្មោះស្រី សំ អាយុ ៤៥ឆ្នាំ រស់នៅភូមិអង្គ ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។
លោកអធិការរងបានរៀបរាប់ថា មុនហេតុការណ៍កើតឡើង គេឃើញម៉ូតូម៉ាកវីវ៉ាពណ៌ខ្មៅមួយគ្រឿងធ្វើដំណើរដោយបុរសពីរនាក់មិនមានពាក់មួកសុវត្ថិភាព បានបើកចេញពីដេប៉ូលក់គ្រឿងសំណង់ផ្នែកខាងជើងផ្លូវ រួចឆ្លងមកខាងត្បូង។ ពេលនោះស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅធ្វើដំណើរដោយយុវជនពីរនាក់ក្នុងទិសដៅពីកើតទៅលិចរួចប៉ះគ្នាពេញទំហឹងបណ្តាលឱ្យដួលទាំងសងខាង។ ចំណែកអ្នកដំណើរទាំងបួននាក់បានដួលដេករដូកណែលលើដងផ្លូវ និងរងរបួសធ្ងន់ដូចគ្នា។ ក្នុងស្ថានភាពបែបនោះ អ្នកជិតខាងក៏បានហៅរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យជាបន្ទាន់៕