ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ ក្នុងអំឡុងកិច្ចប្រជុំរបស់គេនៅកោះបាលីដែលបានបញ្ចប់កាលពីថ្ងៃសៅរ៍ បណ្តាប្រមុខហិរញ្ញវត្ថុមកពីក្រុមប្រទេសមានសេដ្ឋកិច្ចរីកចំរើនទាំងម្ភៃ(G-20)បានសន្យាដោះស្រាយបញ្ហាអសន្តិសុខស្បៀង តែនៅជាប់គាំងអំពីតួនាទីរបស់រុស្ស៊ីក្នុងវិបត្តិនេះ។
ពួករដ្ឋមន្ត្រីហិរញ្ញវត្ថុនិងប្រធានធនាគារG-20 មិនបានចេញសេចក្តីថ្លែងការណ៍មួយណាមួយទេក្រោយចប់កិច្ចប្រជុំ តែបានព្រមព្រៀងច្រើនចំណុចលើពង្រាងសេចក្តីថ្លែងការណ៍របស់ប្រធានអង្គប្រជុំឥណ្ឌូនេស៊ី រួមមានបញ្ហាចាប់ពីស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចរហូតដល់និរន្តរភាពហិរញ្ញវត្ថុ។
សង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ជា«បញ្ហាមួយដែលសមាជិកអង្គប្រជុំភាគច្រើនមិនអាចស្រុះស្រួលមតិគ្នាបាន» នេះបើតាមរដ្ឋមន្ត្រីហិរញ្ញវត្ថុឥណ្ឌូនេស៊ីលោកស្រី ស្រ៊ី មុលយ៉ានី អ៊ីនដ្រាវ៉ាទី(Mulyani Indrawati)បាននិយាយនៅសន្និសីទសារព័ត៌មានមួយ។
ក្នុងអំឡុងពេលពិភាក្សា បណ្តាមេដឹកនាំហិរញ្ញវត្ថុមកពីប្រទេសលោកខាងលិចបានចោទប្រកាន់ពួកបច្ចេកវិទ្យាសេដ្ឋកិច្ចរុស្ស៊ីថាសមគំនិតជាមួយការឈ្លានពានរបស់រដ្ឋាភិបាលទីក្រុងមូស្គូចូលអ៊ុយក្រែននិងក៏បានបញ្ជាក់ថាសង្គ្រាមនេះជាមូលហេតុនៃការធ្លាក់ចុះសេដ្ឋកិច្ចសកលនាពេលបច្ចុប្បន្ន។
ចំណែករុស្ស៊ីបន្ទោសទណ្ឌកម្មលោកខាងលិចថារារាំងការដឹកជញ្ជូនស្បៀងនិងការដាក់ទណ្ឌកម្មនាំអោយឡើងថ្លៃថាមពលនៅទូទាំងពិភពលោក។
ទោះជាយ៉ាងណាលោកស្រី មុលយ៉ានី បាននិយាយថា សមាជិកទាំងអស់យល់ស្របគ្នាថាចាំបាច់ត្រូវ«យកចិត្តទុកដាក់ជាខ្លាំងឡើងនិងបង្កើនអន្តរាគមន៍រួមទាំងកែសម្រួលគោលនយោបាយផ្គត់ផ្គង់ស្បៀងដើម្បីដោះស្រាយបញ្ហាអសន្តិសុខស្បៀងបច្ចុប្បន្ន»។
លោកស្រីបានបន្ថែមថា វារួមមានការដកចេញរបាំងពាណិជ្ជកម្មនិងការគាំពារនិយមដើម្បីធានាលំហូរស្បៀងអោយរលូនចេញពីប្រទេសផលិតទៅកាន់កន្លែងត្រូវការ។«វាជាសញ្ញាខ្លាំងណាស់មួយចេញពីពួកយើងទាំងអស់គ្នាតែវាទាមទារចំណាត់ការមាំទាំងណាស់មួយ»ដើម្បីសំរេចបានលទ្ធផលតាមការចង់បាន ហើយប្រទេសជាសមាជិកទាំងអស់នឹងពិចារណាបង្កើតកិច្ចសហប្រតិបត្តិការរួមគ្នាមួយរវាងរដ្ឋមន្ត្រីហិរញ្ញវត្ថុនិងកសិកម្ម។
ឥណ្ឌូនេស៊ី ដែលព្យាយាមរក្សាគោលនយោបាយការបរទេសឯករាជ្យនិងសកម្ម បានស្វះស្វែងរកតុល្យភាពនៅក្នុងក្រុមដែលបែកបាក់គ្នាដោយសារតែសង្គ្រាមអ៊ុយក្រែន ចំពេលសម្ពាធសេដ្ឋកិច្ចកាន់តែកើនឡើងចេញពីកំណើនអតិផរណា។នៅពេលប្រទេសលោកខាងលិចជាច្រើនដាក់ទណ្ឌកម្មលើរុស្ស៊ី សមាជិកG-20ខ្លះ ដូចជាចិន ឥណ្ឌានិងអាហ្វ្រិកខាងត្បូងមិនបានថ្កោលទោសរុស្ស៊ីឬចូលរួមដាក់ទណ្ឌកម្មទេ។
រឿងសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនតែងគ្របដណ្តប់ក្នុងកិច្ចប្រជុំនានារួមទាំងកិច្ចប្រជុំនៅកោះបាលីផងដែរ។អនុរដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ីបានមានវត្តមាននៅក្នុងកិច្ចប្រជុំកាលពីចុងសប្តាហ៍ និងមិនមានរបាយការណ៍អំពីការដើរចេញពីអង្គប្រជុំទេ ពេលលោកឡើងថ្លែងកាលពីថ្ងៃសុក្រ។តែកាណាដា បាននិយាយថា វត្តមានរបស់រុស្ស៊ីនៅកិច្ចប្រជុំG-20ហាក់មិនសមទំនងសោះ។រដ្ឋមន្ត្រីហិរញ្ញវត្ថុកាណាលោកស្រី គ្រីសធៀ ហ្វ្រីលែន(Chrystia Freeland)បានប្រាប់ទៅតំណាងរុស្ស៊ីក្នុងអង្គប្រជុំថាពួកគេទទួលខុសត្រូវចំពោះ«ឧក្រិដ្ឋកម្មសង្គ្រាមនៅអ៊ុយក្រែន»។
ក្នុងសេចក្តីថ្លែងការណ៍បញ្ចប់កិច្ចប្រជុំមួយកាលពីថ្ងៃអាទិត្យទី១៧កក្កដា ឥណ្ឌូនេស៊ីទទួលស្គាល់ថាប្រទេសជាច្រើនក្នុងអង្គប្រជុំបានថ្កោលទោសការឈ្លានពានរបស់រុស្ស៊ីនៅអ៊ុយក្រែននិងអំពាវនាវអោយរដ្ឋាភិបាលទីក្រុងមូស្គូបញ្ចប់សង្គ្រាម៕
តំណាងរុស្ស៊ីក្នុងកិច្ចប្រជុំប្រមុខហិរញ្ញវត្ថុG-20នៅកោះបាលីកាលពីចុងសប្តាហ៍