ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​មានប្រសាសន៍ថា «​ចំណាំ​មើល អ្នក​ដែល​ដើរ​ចេញពី​គណបក្ស​ប្រជាជន​កម្ពុជា មិនដែល​មានកំណើត​ទេ​»​។ សម្តេច​បាន​មានប្រសាសន៍​បែបនេះ នៅក្នុង​សន្និបាត​គណៈកម្មាធិការ​កណ្តាល វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា នៅ​វិមាន​៧​មករា ថ្ងៃទី ១៧ កក្កដា ២០២២​។ នេះ​បើ​យោងតាម​ហ្វេ​ស​ប៊ុ​កលោក​ខៀវ កញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន​។

​គណបក្ស​ប្រជាជន​កម្ពុជា បាន​ប្រារព្ធ​សន្និបាត​វិសាមញ្ញ​របស់​គណៈកម្មាធិការ​កណ្ដាល​គណបក្ស នៅ​វិមាន​៧​មករា រយ​:​ពេល​ពីរ ថ្ងៃ​នៅ​ថ្ងៃទី​១៦ និង ១៧ ខែកក្កដា ឆ្នាំ​២០២២ ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​, សម្ដេច​អគ្គ​មហា​ពញ្ញា​ចក្រី ហេង សំរិន ប្រធាន​កិ​ត្ត​យស​គណបក្ស​ប្រជាជន​កម្ពុជា​, សម្ដេច​ក្រឡាហោម ស ខេង​, សម្ដេច​វិបុល​សេនា​ភក្ដី សាយ ឈុំ​, សម្ដេច​ពិជ័យ​សេនា ទៀ បាញ់​, លោកជំទាវ កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន អនុប្រធាន​គណបក្ស និង​មានការ​ចូលរួម​ពី​សមាជិក​គណកម្មាធិកា​រ​កណ្ដាល​គណបក្ស ចំនួន ៧៤៣​រូប លើ ៨៦៥​រូប ។​

​អង្គសន្និបាត​ក៏បាន​បើកទូលាយ​ដោយមាន​ការអញ្ជើញ​ឯកឧត្តម លោកជំទាវ​ជា​សមាជិក សមាជិកា​ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីជាន់ខ្ពស់​មួយចំនួន​នៅតាម​ក្រសួង​-​ស្ថាប័ន​រាជធានី​-​ខេត្ត ក្រុង ស្រុក ខណ្ឌ អង្គការ​មហាជន ក្រុមការងារ​ចុះជួយ​មូលដ្ឋាន ឱ្យចូល​រួម និង​មានការ​ផ្តល់​វេទិកា​បញ្ចេញមតិ​ពិភាក្សា​លើ​របាយការណ៍ សំដៅ​ស្វែងរក​ចំណុចខ្លាំង និង​ចំណុចខ្សោយ និង​កំណត់​ទិសដៅ​សម្រាប់​ភារកិច្ច​នៅពេល​បន្តទៀត ក្នុងនោះ​មាន​ចំនួន​សរុប ៣.៤៧៤​រូប​។​

​អង្គសន្និបាត បាន​ធ្វើឡើង​នាពេលនេះ ស្រប​ពេលដែល​គណបក្ស​ទទួលបាន​ជោគជ័យ​ក្នុងការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ នាពេល​ថ្មីៗ​កន្លងមកនេះ​។​

​ថ្លែង​បើក​សន្និបាត សម្ដេច​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស បាន​លើកឡើងថា សន្និបាត​នៅពេលនេះ បាន​បើកទូលាយ​ទាំង​គណៈកម្មាធិការ​កណ្ដា​ល​ផង និង​មន្ត្រី​នៅ​ថ្នាក់មូលដ្ឋាន​មក​ចូលរួម​ជាមួយ​ផងដែរ​។ សម្ដេច​ប្រធាន​បាន​បន្តថា ដោយសារ​ស្ថានភាព​នៃ​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ បាន​រំខាន​ដល់​ការជួបជុំ​របស់​យើង ហើយ​ស្ថានភាព​នេះ​បាន​ធូរស្រាល យើង​ក៏មាន​ការជួបជុំ​នៅពេលនេះ​។​

​សម្ដេច​តេ​ជោ បាន​បញ្ជាក់ថា ការបើក​សន្និបាត​នាពេលនេះ ក៏​ដើម្បី​ស្វែងរក​ចំណុចខ្លាំង និង​ចំណុចខ្សោយ​ស្វែង​រកហេតុ និង​ផល ក្នុងការ​បោះឆ្នោតក្រុមប្រឹក្សា​ឃុំ​-​សង្កាត់ អាណត្តិ​ទី​៥ កន្លងមក ហើយនឹង​ពិភាក្សា​ពី​គោលដៅ ដើម្បី​បំពេញបន្ថែម ឈានទៅរក​ការ​ឈ្នះឆ្នោត​ក្នុងការ​បោះឆ្នោត​តំ​ណា​រាស្ត្រ នា​ឆ្នាំ​២០២៣ ពេលខាងមុខ​នេះ​។

​សូមជម្រាបថា គណបក្ស​ប្រជាជន​កម្ពុជា មាន​សមាជិក​គណកម្មាធិកា​រ​កណ្ដាល​ចំនួន ៨៦៥​រូប តែ​មកដល់​ថ្ងៃនេះ មាន​សមាជិក បានទទួល​មរណភាព និង​សុំ​លាឈប់​ពី​គណបក្ស ទៅធ្វើជា​សមាជិក​គណកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ដោយ​បច្ចុប្បន្ន មាន​សមាជិក​គណកម្មាធិកា​រ​កណ្ដាល​នៅសល់​ចំនួន ៨២៦​រូប ៕​