ដោយៈ ទេ​ពក​ង្រី​/​កំពង់ឆ្នាំងៈ ប្រជាពលរដ្ឋ និង​អ្នកដំណើរ​ឆ្លងកាត់ ស្ពានឈើ​ត​ភ្ជាប់​ពី​ខាងលើ​មក​ភូមិ​កណ្តាល​តាម​មាត់​ទន្លេ​ដែលមាន​សភាព​ចាស់​ទ្រុឌទ្រោម​ខ្លាំង បាន​អំពាវនាវ​ដល់​លោក​អភិបាលខេត្ត ក្រុមការងារ​ថ្នាក់កណ្តាល និង​ថ្នាក់​ខេត្ត​ជួយ​ដោះស្រាយ​សម្រួល​ដល់​ការធ្វើដំណើរ​ទៅមក​ងាយស្រួល​ផង​ខណៈ​ផ្លូវ​ធ្វើដំណើរ​ឆ្លងកាត់​ទំនប់​បង្ហៀរទឹក​ត្រូវបាន​ជំនន់​ទឹកភ្លៀង​ហូរ​កួច​ខ្លាំង​កាត់ផ្តាច់​មិន​អាចធ្វើ​ចរាចរណ៍​ទៅមក​បានឡើយ ។​

​ប្រជាពលរដ្ឋ​នៅតាម​មាត់ទន្លេ​ក្នុងភូមិ​កណ្ដាល​សង្កាត់​ផ្សារឆ្នាំង​ក៍​ដូចជា​អ្នកដំណើរ​ឆ្លងកាត់​ទៅមក​ពី​តំបន់​ឆ្ងាយៗ​បាន​និយាយ​អោយដឹង​នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២២​នេះ​ថា ពួកគាត់​បានធ្វើ​ដំណើរ​ទៅមក​ដឹក​ឥ​វ៉ាន់​មកកាន់​ទីផ្សារ​គឺ​តាមផ្លូវ​នេះ​មាន​ភាព​ជិត និង​រហ័ស​ជាង​ផ្លូវទឹក និង​ចំណាយ​ថវិកា​តិច ថែមទាំង​ចំណេញ​ពេលវេលា​ទៀតផង ។​

​ចំណែក​លោក អ៊ិន ឌិន មេភូមិ​កណ្តាល​ក៍​បានអោយ​ដឹង​នៅ​ថ្ងៃ​ដដែល​នេះ​ថា ស្ពាន​ដែល​ចាស់​ទ្រុឌទ្រោម​ខាងលើនេះ មាន​ប្រវែង ៨០​ម៉ែត្រ និង​ទទឹង​ប្រវែង​ប្រមាណ​ជា​២​ម៉ែត្រ សាងសង់​អំពី​ឈើ​តាំងពី​ឆ្នាំ​១៩៧៩​មកម្ល៉េះ ហើយ​បងប្អូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​កណ្តាល​បានធ្វើការ​រៃអង្គាស​គ្នា​ធ្វើការ​ជួសជុល​កែលម្អ​អោយ​អ្នកភូមិ​ក៏ដូចជា​អ្នកធ្វើដំណើរ​មកពី​ឆ្ងាយ​មកកាន់​ទីផ្សារ​នៅពេល​ទឹកទន្លេ​លិច បន្ទាប់ពី​ការធ្វើដំណើរ​ឆ្លងកាត់​ទំនប់​បារាំង​ដែល​បង្ហៀរទឹក​នោះ​ទៅមក​លែងរួច​។​

​លោក​មេភូមិ​ល​ក៏ដូចជា​បងប្អូន​ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត​កំពង់ឆ្នាំង និង​ក្រុមការងារ​ថ្នាក់កណ្ដាល ថ្នាក់​ខេត្ត ថ្នាក់ក្រុង និង​សប្បរ​សជន​សូមមេត្តា​ជួយ​ជួសជុល​កែលម្អ​ស្ពាន​ចាស់​ទ្រុឌទ្រោម​នេះ​បានធ្វើ​ដំណើរ​ថ្មើរជើង​ទៅមក​បាន​ងាយស្រួល​ខណៈ​ទំនប់​បង្ហៀរទឹក​ខាងលើ​មិនអាច​ធ្វើដំណើរ​ទៅមក​លែង​បាន​ទៀត​មានតែ​ដើរ​តាម​ស្ពាន​នេះហើយ​ដោយសារ​ជំនន់​ទឹកភ្លៀង​ហូរ​ចាក់​ពី​ខាងលើ​មក​ខាងក្រោម​នាំយក​កំប្លោក​ជាច្រើន​ហូរ​បុក​ផ្ទប់ និង​ស្ពាន​ដែល​អាច​បណ្ដាល​ឲ្យ​បាក់​នៅពេល​ខាងមុខ​ក្រោយ​ការជួសជុល​រួច​។​

​ជាក់ស្តែង​នៅ​រសៀល​ថ្ងៃទី​១៦ កក្កដា បុរស​ម្នាក់​បាន​បណ្តើរ​ម៉ូតូ​ឆ្លងកាត់​ទំនប់​បារាំង​ទៅ​ភូមិ​កណ្តាល​បណ្តាល​អោយកម្លាំង​ខ្សែទឹក​ហូរ​គួច​ទាំង​មនុស្ស និង​ម៉ូតូ​ធ្លាក់ចូល​ក្នុង​ទឹកតែ​មិន​បណ្តាលអោយមាន​មនុស្ស​រងគ្រោះថ្នាក់​នោះទេ គ្រា​ដែល​ម្ចាស់​ជួល​អ្នក​បង់សំណាញ់​ជួយ​រាវរក​ម៉ូតូ​បានមក​វិញ​អស់​ថវិការ​១៥០​ដុល្លារ ។​

​យោងតាម​សារ​សរសេរ​នៅលើ Twitter របស់លោក ស៊ុន សុវណ្ណារិទ្ធ អភិបាលខេត្ត​កំពង់ឆ្នាំង​ខណៈ​លោក​កំពង់​ជា​ប្រជុំ​នៅ​ភ្នំពេញ​បាន​បញ្ជា​ឲ្យ​អភិបាលក្រុង​កំពង់ឆ្នាំង​ធ្វើ​ការចុះពិនិត្យ​និង​ធ្វើ​ការងារ​ជួសជុល​ស្ពាន​នេះ​បន្ទាន់​ជូន​បងប្អូន​សម្រាប់​ឆ្លងកាត់​ដោយ​សហការ​ជាមួយ​សង្កាត់​ផ្សារឆ្នាំង ៕​