ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ នៅ​ថ្ងៃអាទិត្យ ទី​១៧ ខែកក្កដា ឆ្នាំ​២០២២ ព្រឹត្តិការណ៍​ការប្រកួត​កីឡាបាល់ទាត់​កុមារ និង​យុវជន AIA – ISF Youth League ទីក្រុង​ភ្នំពេញ​បាន​រកឃើញ​ក្រុម​ជើង​ខ្លាំង​ចំនួន​៥​ក្នុងចំណោម​ក្រុម​ជើង​ខ្លាំង​២០​ក្រុម​មក​ចូលរួម​ប្រកួតប្រជែង ដើម្បី​ដណ្តើម​កៅអី​ឡើង​វគ្គ​ផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League​។​

​ព្រឹត្តិការណ៍​ប្រកួត​នេះ​រៀបចំ​ដោយ​អង្គការ​ផ្កាយ​សមុទ្រ (ISF) សហការ​ជាមួយ​ក្រុមហ៊ុន AIA Cambodia នៅ​ទីលាន​បាល់ទាត់​អង្គការ​ផ្កាយ​សមុទ្រ​។​

​លោកស្រី ជួប វិច្ឆិកា ប្រធាន​អង្គការ​ផ្កាយ​សមុទ្រ​បាន​មានប្រសាសន៍ថា ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទាត់​កុមារ និង​យុវជន AIA-ISF Youth League គឺជា​ការប្រកួត​បាល់ទាត់​ថ្នាក់​សហគមន៍​មួយ​មាន​គោលដៅ​​ផ្តល់ឱកាស​ស្មើគ្នា​ក្នុង​ការលេង​បាល់ទាត់​ដល់​កុមារ និង​យុវជន​រង​ផលប៉ះពាល់​ដោយសារ​ភាពក្រីក្រ ការរើសអើង​យេនឌ័រ និង​សង្គម​ជាដើម ។

​ក្រោម​ការផ្តួចផ្តើម​រប​ស់ អង្គការ​ផ្កាយ​សមុទ្រ ជា​អង្គការ​សប្បុរសធម៌​មួយ​នៅ​កម្ពុជា រួមចំណែក​ជួយ​កាត់បន្ថយ​ភាពក្រីក្រ​តាមរយៈ​ការអប់រំ សេវា​ថែទាំ​សុខភាព និង​កីឡា ក្រុមការងារ​រៀបចំ​ការប្រកួត​បាល់ទាត់​នេះ​បាន​សហការ​យ៉ាង​ជិតស្និត​ជាមួយនឹង​អង្គការក្រៅរដ្ឋាភិបាល សាលារៀន និង​ស្ថាប័ន​ពាក់ព័ន្ធ​ជាច្រើន ដើម្បី​ផ្តល់ឱកាស​ហ្វឹកហាត់ និង​ប្រកួត​បាល់ទាត់​ដល់​កុមារ និង​យុវជន ដែល​មិន​មានឱកាស​ចូលរួម ក្នុង​សកម្មភាព​ទាំងនេះ ។

​លោកស្រី​បាន​បន្តថា តាំងពី​ចាប់ផ្តើម​សហការ​ជាមួយនឹង​ក្រុមហ៊ុន AIA Cambodia ចាប់ពី​ឆ្នាំ​២០១៧ មក​អង្គការ​ផ្កាយ​សមុទ្រ​បាន​ប្តេជ្ញាចិត្ត​ពង្រីក​វិសាលភាព​នៃ​ព្រឹត្តិការណ៍​ប្រកួត​បាល់ទាត់​កុមារ និង​យុវជន​នេះ ។​

​ក្នុងឆ្នាំនេះ ស្ថាប័ន​ទាំងពីរ​បានរួម​គ្នា​រៀបចំ​ការប្រកួត​បាល់ទាត់​កុមារ និង​យុវជន AIA – ISF Youth League ៥​តំបន់​ក្នុង​ខេត្ត​ផ្សេងៗ​ចំនួន​៤ ដូចជា រាជធានី​ភ្នំពេញ ក្រុង​កំពត ក្រុង​សៀមរាប និង​ខេត្តកំពង់ស្ពឺ ជាដើម ដោយមាន​ការចូលរួម​ពី​កីឡាករ​-​កីឡា​ការ​នី​លើសពី ២,០០០​នាក់ ។​
​ក្នុង​ឆ្នាំ​ដំបូង​នៃ​ការពង្រីក​កម្មវិធី​នេះ​អង្គការ​ផ្កាយ​សមុទ្រ​ក៏បាន​គ្រោង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​វគ្គ​ផ្តាច់ ព្រ័ត្រ AIA – ISF Grand Championship League ផងដែរ ។ ក្រុម ដែល​ឈ្នះ​តាម​ប្រភេទ​អាយុ​ផ្សេងៗ ដូចជា​៖ ក្រុម​កុមារា​អាយុ​ក្រោម ១០​ឆ្នាំ​, ក្រោម ១៤​ឆ្នាំ និង​កុមារី​ក្រោម​១៤​ឆ្នាំ​និង​១៨​ឆ្នាំ​នឹង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ទីលាន​បាល់ទាត់​អង្គការ​ផ្កាយ​សមុទ្រ​ក្នុង​រាជធានី​ភ្នំពេញ​។ អង្គការ​ផ្កាយ​សមុទ្រ និង​ក្រុមហ៊ុន AIA Cambodia បានកំណត់​យក​ថ្ងៃទី​១៤ ខែសីហា ដើម្បី​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League ។

ការ
​ប្រកួត​នេះ​មិន​ត្រឹមតែ​រួមចំណែក​ដល់​ការបង្កើត​សហគមន៍​កីឡា​នៅ​ទូទាំងប្រទេស តែ​ថែមទាំង​ជម្រុញ ស្មារតី​ស្រលាញ់​កីឡា សាមគ្គីភាព និង​ការកំណត់​គោលដៅ​សម្រាប់​កីឡាករ និង​កីឡា​ការ​នី​ទាំងនោះ ទៀតផង​៕​